ខុសពីមង្គលការតារាផ្សេងៗទៀតដែលភ្ញៀវជួបជុំគ្នានៅពិធីជប់លៀង តែងតែចាប់ដៃនិងឱបគ្នាដោយស្អិតល្មួត ប៉ុន្ដែពិធីអាពាហ៍ពិពាហ៍របស់ម៉ាក សែនសូនីតា វិញ ចំពេលដែលផ្ទុះមេរោគផ្លូវដង្ហើមកូវីដ-១៩ ហេតុនេះហើយនៅតុ មុខច្រកចូលមានការដាក់តាំងដបអាល់កុល សម្រាប់ភ្ញៀវលាងដៃ មុនពេលចូលទៅក្នុងពិធី ហើយភ្ញៀវភាគច្រើនបានស្វាគមន៍គ្នា តាមរយៈការលើកដៃសំពះគ្នា ច្រើនជាងការចាប់ដៃគ្នា។

ទោះជាយ៉ាងណា ពិធីរៀបការរវាងតារាសម្ដែងល្បីឈ្មោះ តូតា និងថៅកែផលិតកម្ម Angkor Picture លោកប៉ុល វិបូរ ហៅនីត បានប្រព្រឹត្តទៅដោយរលូន រហូតដល់ចប់កម្មវិធីខណៈដែលមានការឌីហ្សាញ ច្រកចូលពណ៌សអមដោយផ្កា និងរូបថតរបស់ពួកគេយ៉ាងទាក់ទាញ។

តូតា បានឲ្យដឹងថា ការឌីហ្សាញពណ៌សនេះ តំណាងឲ្យចិត្តស្មោះស ស្មោះត្រង់រវាងនាងនិងស្វាមី។ ប៉ុន្តែនាងក៏មានការព្រួយបារម្ភចំពោះជំងឺកូវីដ-១៩ ដែលធ្វើឲ្យបាត់ភ្ញៀវមួយចំនួនក្នុងមង្គលការរបស់នាងដែរ។ ប៉ុន្ដែនាងថា សម្រាប់ភ្ញៀវដែលជិតដិតនិងរាប់អានជាមួយគ្រួសារនាងវិញ ពួកគាត់នៅតែមកចូលរួមដដែលទេ។

ចំណែកស្វាមីរបស់នាង លោកវិបូរ ហៅនីត វិញ បានឲ្យដឹងថា ទោះជាជំងឺកូវីដ-១៩ កំពុងធ្វើឲ្យបងប្អូនបារម្ភយ៉ាងណា ក៏មិនឈ្នះទឹកចិត្តបងប្អូនដែលមកចូលរួមមង្គលការរបស់គ្រួសារលោកដែរ។

នៅក្នុងពិធីមង្គលការរបស់តូតា-នីត នោះដែរ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវហ៊ុន ម៉ាណា , ឯកឧត្តមគី តិច និងឯកឧត្តមសៀ សម្បត្តិ ជាដើម។ ដោយឡែក តូតា វិញ មិនទាន់ច្បាស់ថា នាងនឹងទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅប្រទេសណាឡើយ ព្រោះតែជំងឺកូវីដ-១៩នេះ ធ្វើឲ្យនាងរារែកចិត្តក្នុងការសម្រេចចិត្តហោះទៅអឺរ៉ុប៕

