តារាកំប្លែងតូចតន់ស្រីស្អាតរាងច្រឡឹង កញ្ញាវ៉ាន់ នីឡា បានអះអាងថា ដោយសាតែជំងឺកូវីដ-១៩ បានធ្វើឲ្យនាងសម្រេចចិត្តលើកមង្គលការពីខែឧសភា ទៅខែសីហា ឆ្នាំ២០២០នេះវិញ ព្រោះមិនអាចរៀបការទាំងភ័យបែបនេះឡើយ។

នីឡា ថា ការត្រៀមធ្វើជាកូនក្រមុំនៅខែសីហា ខាងមុខនេះ នៅតែមិនទាន់ច្បាស់លាស់១០០%ទៀត ហេតុនេះហើយរង់ចាំមើលលទ្ធផលថា តើនៅរយៈពេល៥ខែខាងមុខនេះទៀត កូវីដ-១៩ អាចនឹងរលត់ពីផែនដីឬយ៉ាងណា ប៉ុន្តែបើជំងឺនេះនៅតែមានជីវិតទៀតនោះ មង្គលការរបស់នាងក៏ត្រូវលើកពេលតទៅទៀតដែរ។

ស្រីស្អាតអ្នកកំប្លែងគួរឲ្យក្នាញ់រូបនេះ វាចាថា ”តាមគម្រោង ខ្ញុំត្រូវរៀបការនៅខែឧសភា ឆ្នាំ២០២០ហ្នឹងហើយ តែដោយសារកូវីដ-១៩ កំពុងតែផ្ទុះខ្លាំងពេក ទើបឥឡូវក្រុមគ្រួសារទាំងសងខាងសម្រេចថា នឹងធ្វើនៅខែសីហា ឆ្នាំ២០២០ខាងមុខវិញ។ ប៉ុន្តែបើនៅខែ៨ហ្នឹងហើយ មិនទាន់ស្ងាត់កូវីដ-១៩ហ្នឹងទៀត មង្គលការរបស់ខ្ញុំក៏អាចនឹងប្រែប្រួលទៅតាមហ្នឹងទៀតដែរ”។

វ៉ាន់ នីឡា បានភ្ជាប់ស្នេហាជាមួយបុរសម្នាក់ មានឈ្មោះហ្វេកប៊ុកថា Suth Sakareak ក្រោយពីនាងបានផ្ដាច់ស្នេហ៍ជាមួយលោកផន រង្សី កូនថៅកែល្ខោនភី សុគន្ធី ដោយចម្រូងចម្រាស ហើយពេលនេះអតីតគូដណ្ដឹងនាងបានរៀបការប្រពន្ធនៅខេត្តតាកែវ បាត់ទៅហើយ។

ជាមួយចំណងស្នេហាថ្មី កូនមន្រ្ដីក្នុងជួររដ្ឋាភិបាលនេះ វ៉ាន់ នីឡា ត្រូវបានគេរំពឹងថា នឹងឈានទៅរៀបមង្គលការបានដូចបំណងនាពេលខាងមុខនេះជាមិនខានឡើយ ព្រោះនីឡា និងសង្សារថ្មីស្រលាញ់គ្នាខ្លាំងណាស់។

ដោយឡែកលោកតា វ៉ិចទ័រ ដែលជាឪពុករបស់នាងនីឡា វិញ ធ្លាប់និយាយប្រាប់អ្នកកាសែតដែរថា កូនស្រីរបស់លោកនឹងរៀបការមិនឲ្យលើសពីឆ្នាំ២០២០ ខាងមុខនេះទេ៕


