តារាចម្រៀងថោន និងកំប្លែងរបស់ CTN នាយពាក់មី បានលេចមុខចូលរួមបុកគ្រឹះលក់ផ្ទះល្វែងនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដោយតាមអ្នកស្រុកនៅទីនោះ បានបង្ហើបឲ្យដឹងថា ពាក់មី មានភាគហ៊ុនធំជាមួយជាមួយក្រុមហ៊ុនផ្ទះល្វែងឈាំង ហេង ដែលវិនិយោគទុនដំបូងចំណាយទឹកប្រាក់ដល់ទៅជាង២លានដុល្លារនេះ ជាមួយលោកជោត លាង ហៅហេង និងលោកជី វុត្ថា ហៅឈាំង។

ប៉ុន្ដែប្រជាពលរដ្ឋនៅទីនោះថា នាយពាក់មី ជះលុយធំបោះទុននៅពេលនេះ ហាក់ពិបាកសង្ឃឹមជោគជ័យ ព្រោះថា ជំងឺ Covid-19 កំពុងវាយលុកខ្លាំងអីចឹង ប្រជាជនឯណាទៅមានលុយទិញផ្ទះល្វែង ព្រោះសេដ្ឋកិច្ចកំពុងធ្លាក់ចុះបែបនេះ។

នាយពាក់មី ដែលចុះពីរថយន្ដទំនើប LandcriuserV8 ពណ៌ស យ៉ាងសង្ហានោះ បានឲ្យដឹងថា តាមពិតនាយគ្មានហ៊ុននៅក្នុងក្រុមហ៊ុននោះទេ ប៉ុន្តែការបង្ហាញខ្លួននៅពេលនេះ គឺមកជួយលើកទឹកចិត្តប្អូនៗម្ចាស់គម្រោង ដែលជាអ្នកធ្វើការជាមួយគ្នានៅក្រុមហ៊ុនមួយទៀត។
នាយពាក់មី បន្តថា អត់បានចូលលុយជាមួយប្អូនហេង និងឈាំង នោះទេ ព្រោះនាយមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុនអចលនទ្រព្យមួយទៅហើយ អីចឹងមិនចង់ដាក់ទុករកស៊ីផ្នែកនេះ នៅក្រុមហ៊ុនផ្សេងទៀតឡើយ។

ពាក់មី បន្ថែមថា ចំពោះគម្រោងរបស់ប្អូនទាំងពីរបើកការបុកគ្រឹះសង់ផ្ទះល្វែង ចំពេលជំងឺផ្លូវដង្ហើម Covid-19 ផ្ទុះនេះ នាយយល់ថា មិនប៉ះពាល់ដល់ការលក់ផ្ទះល្វែងទាំងនេះទេ ព្រោះប្រជាជនខ្លាចឆ្លងជំងឺនេះ មិនសូវហ៊ានដើរលេងនៅទីប្រជុំជន ឬតាមហាងផឹកស៊ី ប៉ុន្ដែការទិញផ្ទះល្វែងសម្រាប់កូនចៅរបស់ពួកគាត់ ឬសម្រាប់ទុកលក់ចំណេញនោះ ពួកគាត់នៅតែទិញអីចឹង ព្រោះលំនៅដ្ឋានជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។

លោកជោត លាង និងជី វត្ថា ដែលជាម្ចាស់ផ្ទះល្វែងឈាំង ហេង បានឲ្យដឹងថា គម្រោងថ្មីរបស់ពួកលោកទាំងពីរចំណាយទុនជាង២លានដុល្លារ លើផ្ទៃដីកន្លះហិកតារ សម្រាប់សង់ផ្ទះ៣៩ល្វែងនេះ ពិតជាគ្មានភាគហ៊ុនរបស់នាយពាក់មី មែន ប៉ុន្តែពួកលោកសប្បាយចិត្តដែលតារាកំប្លែងរូបនេះ មកលើកទឹកចិត្តនិងគាំទ្រទាំងព្រឹកព្រលឹមបែបនេះ។

ចំណែកលោកសីហា ដែលជាអ្នកគាំទ្រគម្រោងថ្មីនេះដែរ បាននិយាយស្របជាមួយនាយពាក់មី ថា ផ្ទះនេះ១ល្វែង ថ្លៃ៧១០០០ដុល្លារ ហើយទិញពេលបុកគ្រឹះចុះថ្លៃ១ម៉ឺនដុល្លារ ព្រមទាំងអាចបង់រំលស់បានដល់ទៅ១៥ឆ្នាំទៀតផង អីចឹងលោកថា ដោយសារតែមានជំងឺ Covid-19 ទើបផ្ទះនេះលក់តម្លៃត្រឹមប៉ុណ្ណោះ ប៉ុន្តែពេលជំងឺកាចសាហាវនេះចប់ជីវិតនៅលើផែនដី ហើយផ្ទះនេះនឹងឡើងថ្លៃថែមទៀតជាមិនខានឡើយ៕
