អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង នៅពេលដែលដឹងថា កូនក្នុងផ្ទៃរបស់នាងដែលជាដំណក់ឈាមលើកដំបូងជាមួយលោកអ៊ុំ ក្សត្រា ហៅនាយកៃដ មានអាយុ៥ខែទៅហើយនោះ គឺជាកូនប្រុស ហើយនាងនឹងត្រូវសម្រាលនៅអំឡុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះហើយ។

ទោះជាយ៉ាងណា នេះមិនមែនជាកូនទី១នោះទេ សម្រាប់អ្នកនាងខ្ញុង ខណៈដែលលែងលះស្វាមីមុនតារាកំប្លែងរូបនេះ ទទួលបានកូន២នាក់ មកគ្រប់គ្រងផងដែរ ហេតុនេះហើយការបានកូនប្រុស១ទៀត នឹងធ្វើឲ្យអ្នកនាងខ្ញុង មានកូនសរុបដល់ទៅ៣នាក់ហើយក្នុងរង្វង់គ្រួសារ។

ក្នុងជំនួបផ្ទាល់ជាមួយលោកអ៊ុំ ក្សត្រា ហៅនាយកៃដ តារាកំប្លែង CTNរូបនេះ បានឲ្យដឹងថា ពេលនេះមិនត្រឹមតែភរិយាលោកទេ ដែលរីករាយនោះ ប៉ុន្តែរូបលោកឯណេះវិញ ក៏រំភើបស្ទើរតែដេកមិនលក់ ព្រោះចង់ឃើញមុខកូនប្រុសខ្លាំងពេក។

នាយកៃដ អះអាងថា ”ប្រពន្ធខ្ញុំមានកូនប្រុស៥ខែហើយ។ សុខភាពគាត់ល្អធម្មតាទេហើយនៅតែធ្វើការសិល្បៈរាល់ថ្ងៃហ្នឹង ព្រោះមានកម្មវិធីខ្លះ គេកក់តាំងពីមិនទាន់មានទម្ងន់ម្ល៉េះ។ តាមពិតចិត្តខ្ញុំចង់ឲ្យគាត់សម្រាកថែរក្សាគត៌ដែរ តែធ្វើម៉េចបើគាត់នៅតែចង់ធ្វើការសិល្បៈអីចឹង។ ប៉ុន្ដែអាចពោះច្រើនខែជាងនេះ គាត់នឹងសម្រាកពីសិល្បៈសិនហើយ”។

ការមានកូនថែម១ទៀតនេះ មិនទាន់គ្រប់គ្រាន់ឡើយសម្រាប់អ្នកនាងខ្ញុង និងនាយកៃដ ព្រោះនៅថ្ងៃរៀបការអ្នកនាងទាំងពីរបានប្រកាសថា បានកូនកាន់តែច្រើនពេលណា នឹងកាន់តែល្អ ដែលអាចបាន៥នាក់ក៏បាន។ ហេតុនេះហើយ គេជឿថា ខ្ញុង នឹងតាមយកកូនថែម២នាក់ទៀតជាមិនខាន ដើម្បីឲ្យបានកូនសរុបទាំងកូនប្ដីមុន និងប្ដីក្រោយនេះ ចំនួន៧នាក់។

ដោយឡែក ទាក់ទងរបរក្រៅសិល្បៈវិញ ខ្ញុង-កៃដ ដែលរកស៊ីពុះដីឡូតិ៍លក់នេះ បានសារភាពថា កំពុងតែជួបបញ្ហាមែន ក្រោយផ្ទុះជំងឺ Covid-19 នេះ បាត់បង់អតិថិជនច្រើន ។

នាយកៃដ បន្ថែមថា ”រឿងជំងឺ Covid-19 ហ្នឹង ប៉ះពាល់ខ្លាំងតែម្ដងដល់ការរកស៊ីដីធ្លីដូចពួកខ្ញុំអីចឹង។ ប៉ុន្ដែខ្ញុំយល់ថា បើសិនជាយើងមានលុយទិញដីនៅពេលនេះទុក ហើយពេលបាត់ជំងឺនោះទៅ នឹងឃើញចំណេញច្រើនជាមិនខាន”។
អ្នកនាងខ្ញុង បានដឹកដៃនាយកៃដ រៀបការកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីអ្នកទាំងពីរបានបែកបាក់ជីវិតគូទាំងសងខាងមក។

ប្ដីប្រពន្ធតារាកំប្លែង១គូនេះ បានចាប់ដៃគ្នារកលុយរហូតទិញបានផ្ទះ១ល្វែងរួមគ្នា និងមានរថយន្ដទំនើបជិះទៀតផង ខណៈដែលក្រៅពីអាជីពកំប្លែងខ្ញុង ក៏ជាអ្នកលក់តាម Online ម្នាក់ផងដែរ ប៉ុន្ដែក្រោយត្រូវសមត្ថកិច្ចរឹបអូសផលិតផលរបស់ខ្លួន កាលពីខែមុននោះ ខ្ញុង បានប្រកាសថា នឹងធ្វើសន្និសីទកាសែតទ្រង់ទ្រាយធំនោះ ទីបំផុតក៏បានស្ងប់ស្ងាត់ទៅវិញ ដោយមិនដឹងមូលហេតុទៅវិញ។
ទោះជាយ៉ាងណា គេជឿថា ចំណងស្នេហាខ្ញុង-កៃដ កាន់តែរឹងមាំជាមិនខាន នៅពេលដែលអ្នកទាំងពីរទទួលបានចំណងដៃកូនប្រុស ដោយត្រៀមនឹងសម្រាលនៅខែសីហា ខាងមុខនេះ ខណៈដែលពាក្យចចាមអារ៉ាមទាំងឡាយ រវាងខ្ញុង និងនាយពាក់មី ត្រូវបានកប់ចោលតាំងពីអ្នកមេម៉ាយកូន២រូបនេះ សម្រេចចិត្តក្រាបផ្ទឹមជាមួយនាយកៃដ ម្ល៉េះ៕