ដើម្បីទប់ស្កាត់កូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណដល់លោកឧកញ៉ាឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរីឡេង ណាវ៉ាត្រា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន២០០លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ-១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

ក្នុងលិខិតថ្លែងអំណរគុណនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវិភាគទានជាជំនួយដល់បុព្វហេតុដ៏ថ្លៃថ្លានេះ និងត្រូវចងចាំទុកដោយរាជរដ្ឋាភិបាល និងប្រជាជនខ្មែរ។

សម្ដេចក៏បានជូនពរលោកឧកញ៉ា និងលោកជំទាវ បានប្រកបទៅដោយពុទ្ធពរទាំង៥ប្រកា គឺអាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ឡើយដែលលោកឧកញ៉ាវ័យក្មេងរូបនេះ បានចូលរួមចំណែកជួយដល់រដ្ឋាភិបាល កន្លងមកលោកឧកញ៉ាដែលមានប្រវត្តិជាអតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ ធ្លាប់មានជួយសង្គមជាច្រើន ដូចជា ជួយដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ជាច្រើនលើក ជួយមូលនិធិកាកបាទក្រហម ជារៀងរាល់ឆ្នាំ ជួយដល់មូលនិធិដើម្បីកែប្រែមន្ទីរពេទ្យកាម៉ែត ឲ្យកាន់តែទំនើប ជួយធ្វើផ្លូវជាច្រើនខ្សែ នឹងជួយដល់ប្រជាជនទីទ័លក្រ ព្រមទាំងអ្នកសិល្បៈក្រីក្រ។

ហើយថ្មីៗនេះទើបតែបង្កើតឲ្យមានសេវារថយន្តក្រុងតាមខេត្តជាលើកដំបូង ប៉ោយប៉ែត ម៉ាឡៃ ជាច្រើនគ្រឿងផងដែរ៕