Tuesday, September 23, 2025
Homeតារាខ្មែរឌួង ហ្សូរីដា បរិច្ចាគទឹកប្រាក់៥០០ដុល្លារ ចូលរួមទប់ស្កាត់កូវីដ-១៩ ហើយប្រកាសផ្ដល់ម៉ាសក៍ និងអាល់កុល Free នៅហាងមុទិតា

ឌួង ហ្សូរីដា បរិច្ចាគទឹកប្រាក់៥០០ដុល្លារ ចូលរួមទប់ស្កាត់កូវីដ-១៩ ហើយប្រកាសផ្ដល់ម៉ាសក៍ និងអាល់កុល Free នៅហាងមុទិតា

ភ្នំពេញ ៖ យោងតាមហ្វេសប៊ុករបស់លោកហេង ឡុង ប្រធានសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបញ្ចេញសារថ្លែងអំណរគុណដល់ឌួង ហ្សូរីដា អគ្គនាយិកាក្រុមហ៊ុន Mudhita Trading Co.LTD ដែលបានបរិច្ចាគនូវទឹកប្រាក់ចំនួន៥០០ដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 តបតាមការអំពាវនាវរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។

នេះជាសកម្មភាពសប្បុរសធម៌មួយទៀតរបស់ឌួង ហ្សូរីដា ខណៈដែលកន្លងមកនាងធ្លាប់បាននាំយកអំណោយជូនដល់កុមារកំព្រា និងផ្ដល់ថវិកាជួយដល់មន្ទីពេទ្យគន្ធបុប្ផា ជាច្រើនលើកច្រើនសារមកហើយ ដែលយកពីប្រាក់ចំណេញមួយផ្នែកពីហាងមុទិតា របស់នាងចូលរួមកិច្ចការសប្បុរសធម៌ផ្សេងៗទៀត ខុសពីអតិថិជនមួយចំនួននិយាយឌឺដងឲ្យនាងថា ជាអ្នកលក់ដែលសាញ សុំកន្ទុយកាក់ និងខ្លះថា នាងជាអ្នកលក់ស្រលាញ់ជាតិណាស់ តែលក់វិញនិយាយសុទ្ធតែជាដុល្លារ ជាដើម បើទោះជាហ្សូរីដា ធ្លាប់អះអាងថា ហាងនាងមានដាក់ទាំងតម្លៃដុល្លារនិងខ្មែរក្ដី។

ជាមួយគ្នានេះដែរ ប្អូនស្រីរបស់ឌួង ហ្សូរីដា កញ្ញាឌួង ហ្សូរីម៉ា បានប្រកាសមុននេះដែរថាទោះជានាងបានផ្អាកពីអាជីពសិល្បៈជិត៣ឆ្នាំហើយក្ដី ប៉ុន្តែការងារសង្គមផ្សេងៗ ហាងមុទិតា របស់នាងមិនដែលបដិសេធឡើយ។

ហ្សូរីម៉ា និងលោកចន ច័ន្ទតារា រួមទាំងលោកសុខ សានី បានប្រកាសរួមគ្នាថា នឹងចែកម៉ាសក៍ និងទឹកអាល់កុល Free ដល់ពូៗអ្នកធាក់ស៊ីក្លូ , ម៉ូតូឌុប ឬកម្មករ កម្មការិនី ពិសេសអ្នកដែលអត់មានលទ្ធភាពទិញម៉ាសក៏ និងអាល់កុល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ អាចមកយកនៅហាងរបស់នាងបានដែលមានទីតាំងនៅផ្ទះលេខ251Eo ផ្លូវ១៨២ (ទេព ផន) សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឌួង ហ្សូរីដា បន្ថែមពីលើប្អូនស្រីថា នាងបានត្រៀមម៉ាសក៏ក្រណាត់ ចំនួន៥០០០, អាល់កុលចំណុះ៣០ml ចំនួន៥០០០ដប ហើយការចែក Free នេះរហូតអស់ពីស្ដុកតែម្ដង។

ហ្សូរីដា ថា នេះមិនមែនជាលើកដំបូងទេ ប៉ុន្តែតាំងពីផ្ទុះកូវីដ-១៩ម្ល៉េះ ដែលនាងបានចែកម៉ាសក៏ ចំនួន៥០០០រួចមកហើយ ដល់លោកតាស៊ីក្លូ និងបងប្អូនដែលធ្វើដំណើរតាមមុខហាងមុទិតា។

ជាមួយគ្នានេះដែរ ពិធីការិនីរូបនេះបានផ្ញើសារឲ្យប្រជាពលរដ្ឋទាំងអស់រក្សាសុខភាពឲ្យបានល្អ ហើយពាក់ម៉ាសក៏ លាងដៃសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ ដើម្បីគេចផុតពីការឆ្លងជំងឺផ្លូវដង្ហើមកូវីដ-១៩នេះ​ ទាំងអស់គ្នា៕

RELATED ARTICLES