តារាសម្ដែងហុង មានុន ហៅឆានុន ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់តារាចម្រៀងម៉ូលីកា បានធ្វើឲ្យប្អូនថ្លៃរបស់លោក កញ្ញាម៉ីម៉ី រំភើបរហូតចង់រលេងរលោងទឹកភ្នែកតែម្ដង ព្រោះលោកបានជូនកាដូពិសេស នូវរថយន្ដ១គ្រឿងដ៏ថ្មីសន្លាង ម៉ាកToyota Prius ពណ៌ស ស៊េរីថ្មី តម្លៃជាង២ម៉ឺនដុល្លារ ទាំងមិនទាន់ធ្វើស្លាកលេខ។

ប្អូនថ្លៃលោកឆានុន ក្រៅពីរីករាយនោះ ក៏បានសម្ដែងសារសរសើរទៅបងថ្លៃរបស់នាង ជាមនុស្សល្អពិបាករកបាន។ ស្រីស្រស់ម៉ីម៉ី ថែមទាំងជូនពរឲ្យលោកឆានុន និងម៉ូលីកា ទទួលបានកូនស្អាតគួរឲ្យស្រលាញ់ទៀតផង។

ទោះជាយ៉ាងណា នៅពេលត្រូវសួររឿងតម្លៃជាក់លាក់នៃរថយយន្ដនោះ ហើយមូលហេតុអ្វីបានជាលោកឆានុន ជះលុយទិញរថយន្ដឲ្យប្អូនថ្លៃ ចំពេលមានវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩នោះ ប៉ុន្តែម៉ូលីកា មិនឆ្លើយតបឡើយ។

ប៉ុន្ដែតាមព័ត៌មានថា ការដែលស្វាមីម៉ូលីកា ហ៊ានជះលុយជាង១ម៉ឺនដុល្លារ ទិញរថយន្ដឲ្យប្អូនថ្លៃជិះកម្សាន្ដបែបនោះ ដោយសារតែកញ្ញាម៉ីម៉ី ជាបុគ្គលិកឆ្នើមម្នាក់ប្រចាំហាងរក្សារបស់របស់ម៉ូលីកា តែម្ដង ហេតុនេះហើយបានជាលោកត្រូវតែមានកាដូលើកទឹកចិត្តបែបនេះ។

ដោយឡែក ក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ម៉ូលីកា-ឆានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នោះ កញ្ញាម៉ីម៉ី ក៏បានដើរតួនាទីជាអ្នកចាត់ចែងមង្គលការនោះ ដោយហត់នឿយជាងគេ ហេតុនេះហើយបានជាពេលនេះនាងត្រូវបានលើកទឹកចិត្តពីស្វាមីម៉ូលីកា តាមរយៈការបានកាដូពិសេសមុនថ្ងៃចូលឆ្នាំខ្មែរនេះ។

តារាសម្ដែងហុង មានុន ហៅឆានុន បានចាប់ផ្ដើមរយាលពីការងារសិល្បៈ ក្រោយពីក្លាយទៅជាស្វាមីស្របច្បាប់របស់ម៉ូលីកា ដោយពេលនេះលោកងាកមកពង្រឹងមុខជំនួញផ្នែកគ្រឿងសម្អាង ហើយក្រៅពីធ្វើឲ្យប្អូនថ្លៃរំភើបដល់ចង់ទប់ទឹកភ្នែកមិនជាប់នោះ លោកឆានុន ក៏ញញឹមបិទមាត់មិនជិតដែរ ព្រោះភរិយារបស់លោកកំពុងពពោះកូនដំបូង ដែលជាកូនស្រី ហើយមិនយូរទេតារារូបនេះនឹងក្លាយទៅជាឪពុករបស់គេហើយ៕