ពេជ្រ សូលីកា ដែលកំពុងតែមានផ្ទៃពោះជាង៤ខែ ជាមួយគូដណ្តឹង លោកគឹម ហាន ទាំងមិនទាន់រៀបការនេះ កំពុងដេកឱបទុក្ខព្រួយនិងសម្រក់ទឹកនេត្រារៀងរាល់រាត្រី ហើយនាងគ្មានអារម្មណ៍ក្នុងការច្រៀងរាំដូចមុនទៀតទេ ទើបធ្វើឱ្យអាជីពចម្រៀងរបស់នាងនៅហង្សមាស គ្មានលំនឹង ហើយនាងអាចនឹងបាត់ខ្លួនពីផលិតកម្មនេះជាលើកទី២ ខណៈដែលថៅកែផលិតកម្មរស្មីហង្សមាស នឹងអាចមិនផ្តល់ឱកាសឱ្យនាងជាលើកទី៣ឡើយ។

ពេជ្រ សូលីកា មានផ្លូវតែមួយគត់ដែលត្រូវជ្រើសរើសនោះ គឺក្រោយសម្រាលកូនរួច នាងត្រូវតែ រៀបការ ហើយចេញទៅរស់នៅអូស្ត្រាលី តាមស្វាមីភ្លាមៗតែម្តង។ ដោយឡែក អាជីពចម្រៀងរបស់នាងវិញអាចនឹងត្រូវបញ្ចប់ដូចអតីតតារាមួយចំនួនដែលមានប្តីជាអាណិកជននៅបរទេស មិនខានឡើយ។

ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអតីតសង្សាររបស់ថៃ នារីសុជាតា គឺលោកគឹម ហាន ទាំង ចម្រូងចម្រាស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយពេលនេះនាងពពោះកូនដំបូងជិត៥ខែ ទៅហើយ ដោយលុបចោលគម្រោងចូលរោងការនៅឆ្នាំ២០២០នេះ យ៉ាងទាន់ហន់ ព្រោះពោះកាន់តែរីកធំ ហើយម្តាយជាប់គុក។

ដោយឡែក អតីតគូស្នេហ៍សូលីកា ដែលគេស្គាល់ថា ជាមន្ត្រីធំពាក់ផ្កាយ២លើស្មានោះ មិនបានតាមព្យាបាទសូលីកា ឡើយ គឺដោះលែងឱ្យនាងមានសេរីភាពក្នុងការសាងស្នេហ៍ថ្មីជាចំហ ទើបធ្វើឱ្យសូលីកា មានឱកាសស្តារមុខមាត់នៅហង្សមាស ទាំងការថតភាពយន្តរឿង “អាពាហ៍ពិពាហ៍ចៃដន្យ” និងការធ្វើជាតារាចម្រៀងលើកទី២។

ប៉ុន្តែពេលនេះ សូលីកា នឹងអាចបញ្ចប់អាជីពមួយនេះ នាពេលខាងមុខ តាមរយៈការកសាងគ្រួសារមួយនៅលើទឹកដីអូស្ត្រាលី ហើយនាងនឹងសម្រាលកូនទី១ នៅខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះហើយ។

មហាជននិយាយថា សូលីកា នឹងដើរតាមគន្លងអតីតតារាមួយចំនួនមានប្តីទៅរស់នៅអូស្ត្រាលី មានដូចជា អ្នកនាងដាញ់ ម៉ូលីកា , អឿន ដាលីស និងសុខ ច័ន្ទណានូ ជាដើម៕
