Thursday, July 17, 2025
Homeព័ត៌មានជាតិកក្កដា សុភ័ណ្ឌ ព្រមរៀបការ ទារថ្លៃទឹកដោះ១០ម៉ឺនដុល្លារ និងឡិចស៊ីស ៥៧០ ១គ្រឿង

កក្កដា សុភ័ណ្ឌ ព្រមរៀបការ ទារថ្លៃទឹកដោះ១០ម៉ឺនដុល្លារ និងឡិចស៊ីស ៥៧០ ១គ្រឿង

ភ្នំពេញ ៖ អន្ទិតកក្កដា សុភ័ណ្ឌ បានប្រកាសថា លោកព្រមរៀបការជាមួយប្រុសដែលសុំលោករៀបការនោះហើយ តែទាមទារថ្លៃទឹកដោះ១០ម៉ឺនដុល្លារ រថយន្តឡិចស៊ីស៥៧០ ស៊េរីឆ្នាំ២០២០ មួយគ្រឿង ហើយក៏ទទួលបានការយល់ព្រមពីប្រុសក្លែងភេទ (ស្រីតែងខ្លួនជាប្រុស) នោះផងដែរ។

គួរបញ្ជាក់ថា ថ្មីៗនេះ អន្ទិតកក្កដា សុភ័ណ្ឌ អតីតសង្ឃគង់នៅវត្តនាគវ័ន ដែលបច្ចុប្បន្នជាអ្នករកស៊ីអនឡាញ និងនៅបន្តសកម្មភាពជួយសង្គម បានទម្លាយរឿងពិតផ្ទាល់ខ្លួនថា មានប្រុសម្នាក់ (ស្រីតែងខ្លួនជាប្រុស) បានសុំលោករៀបការ។

លោកកក្កដា សុភ័ណ្ឌ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ថា “ថ្ងៃនេះសំណាងណាស់ខ្ញុំ បាន Idol ឆាតមកសុំរៀបការមួយ”។

ភ្ជាប់ជាមួយសំណេរនោះ លោកកក្កដា សុភ័ណ្ឌ ក៏បានបង្ហោះសារឆ្លើយឆ្លងគ្នាជាមួយប្រុសឈ្មោះសុខា នោះ ដែលសុំរៀបការ ដោយបញ្ជាក់ថា រង់ចាំចម្លើយ បន្ទាប់ពីអន្ទិតកក្កដា សុភ័ណ្ឌ បានឆ្លើយតបថា “ចាំគិតមើលសិន”។

អន្ទិតកក្កដា សុភ័ណ្ឌ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ថា វាពិតជារឿងចម្លែកណាស់ដែលមានប្រុស (ស្រីតែងខ្លួនប្រុស) មកសុំលោករៀបការបែបនេះ ប៉ុន្តែការដែលលោកឆ្លើយថា សុំគិតមើលសិន គ្រាន់តែជាលក្ខណៈលេងសើចប៉ុណ្ណោះ បើទោះបីនាងមានបំណងពិតប្រាកដមកលើលោកក៏ដោយ។

លោកកក្កដា សុភ័ណ្ឌ បញ្ជាក់ថា “ហ្នឹងហើយ! ឃើញគាត់ឆាតមកសុំរៀបការអ៊ីចឹង មិនដឹងគាត់និយាយលេង ឬគាត់និយាយមែន ប៉ុន្តែនៅក្នុងហ្វេសប៊ុក គឺអាខោនផ្ទាល់ខ្លួនគាត់ ឆាតមករកខ្ញុំៗក៏និយាយលេងសើចជាមួយគាត់ថា សុំគិតមើលអ៊ីចឹង ព្រោះដោយសារអី? ខ្ញុំអត់ទាន់ចង់បានអីផង”។

សុភ័ណ្ឌ បន្ថែមថា “កន្លងមក គាត់មិនដែលទាក់ទងមកខ្ញុំទេ ទើបតែឃើញពីម្សិលមិញទេ ដែលគាត់ឆាតមកខ្ញុំ គឺយើងអត់ដែលស្គាល់គ្នា។ ដូច្នេះពេលដែលឃើញឆាតបែបហ្នឹង ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើល។ គាត់ជាមនុស្សស្រីតែងខ្លួនធ្វើប្រុស ដូច្នេះជាការអស់សំណើចមួយ ព្រោះខ្ញុំអត់ដែលបានជួបមនុស្សអ៊ីចឹង ទើបអត់ហ៊ាននិយាយលេងសើចជាមួយគាត់ច្រើន។ ដូច្នេះសុំផ្តាំទៅគាត់ថា ខ្ញុំអត់អាចទទួលយកគាត់បានទេ សង្ឃឹមថា គាត់នឹងបានពីអ្វីដែលខ្ញុំបានបញ្ជាក់នេះ”។

ទោះបីយ៉ាងណា ចូលមកដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ លោកកក្កដា សុភ័ណ្ឌ បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា “ខ្ញុំព្រមរៀបការហើយ” ជាមួយការបង្ហាញការសន្ទនាឆ្លើយឆ្លងតាមទូរស័ព្ទនៅក្នុងវីដេអូបង្ហោះក្នុងហ្វេសប៊ុកនោះផងដែរ។

នៅក្នុងការសន្ទានានោះ ដំបូងអន្ទិតកក្កដា សុភ័ណ្ឌ បានប្រាប់ទៅប្រុសឈ្មោះសុខា នោះថា រូបគេយល់ព្រមរៀបការហើយ តែទាមទារបណ្ណាការ (ថ្លៃទឹកដោះ) ចំនួន១០ម៉ឺនដុល្លារ ហើយក៏ទទួលបានការយល់ព្រមពីភាគីប្រុសនោះភ្លាមៗផងដែរ។

ក្នុងការសន្ទនានោះដែរ អន្ទិតកក្កដា សុភ័ណ្ឌ បានសួរទៅប្រុសឈ្មោះសុខា នោះថា “ខ្ញុំឮគេថា បងឯងកូនផ្កាយ៣ តើមែនទេ?” ភាគីប្រុសបានតបថា “បាទ! មែនហ្នឹងហើយអូន…”។

ការសន្ទនាចេះតែបន្តទៅមុខ ដោយកក្កដា សុភ័ណ្ឌ បានប្រាប់ទៅភាគីប្រុសឈ្មោះសុខា នោះថា “ឥឡូវអូនព្រមរៀបការជាមួយបងហើយ សូមបងប្រាប់ប៉ាបងឯងឱ្យចូលស្តីដណ្តឹងខ្ញុំទៅ តែខ្ញុំប្រាប់ណា៎ ថ្លៃទឹកដោះខ្ញុំ គឺ១០ម៉ឺនដុល្លារ ដាច់ថ្លៃ ហាមត ហើយថែមអា៥៧០ មួយគ្រឿងទៀត…”។ ប្រុសឈ្មោះសុខា នោះ បានតបថា “អូខេ ចាំល្ងាចប៉ាម៉ាក់បងទំនេរ បងប្រាប់គាត់…”។

កក្កដា សុភ័ណ្ឌ បានសួរទៅប្រុសឈ្មោះសុខា នោះបន្ថែមទៀតថា “…បងឯងមាន៥៧០ ដែរឬ? ខ្ញុំឮគេថាបងឯងជិះកង់ បងឯងមើល?”។ ប្រុសឈ្មោះសុខា នោះ បានតបថា “អ្ហឺយ! អូនឯងកុំជឿពួកអាកាត់ត… អូនឯងមិនបាច់និយាយទេ បើអូនឯងមិនជឿបង អូនឯងមិនបាច់ស្រឡាញ់បងទេ បើថាបងជិះកង់នោះ…”។

ចុងក្រោយ កក្កដា សុភ័ណ្ឌ បានប្រាប់ទៅប្រុសឈ្មោះសុខា នោះថា គេមិនជឿអ្នកណានិយាយទេ សំខាន់គឺរូបគេស្រឡាញ់ និងព្រមរៀបការជាមួយបងសុខា ព្រោះជឿថា បងសុខា ជាកូនអ្នកមាន ហើយប្រាប់ឱ្យគេប្រញាប់ប្រាប់ប៉ារបស់គេឱ្យចូលចែចូវឆាប់ៗ ហើយបុរសឈ្មោះសុខា នោះ បានបញ្ជាក់ថា គេនឹងប្រាប់ប៉ារបស់គេនូវដំណឹងល្អនេះនៅល្ងាចនោះតែម្តង។

ទោះជាយ៉ាងណា ជុំវិញការព្រមព្រៀងរៀបការរបស់អ្នកទាំងពីរខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់បញ្ជាក់បន្ថែមពីសាមីខ្លួនទាំងពីរបានទេ កាលពីល្ងាចម្សិលមិញ៕

កុលបុត្រ

RELATED ARTICLES