Tuesday, September 23, 2025
Homeតារាខ្មែរសុខ ពិសី បារម្ភពេក គីឡូកាន់តែស្រក

សុខ ពិសី បារម្ភពេក គីឡូកាន់តែស្រក

ខុសពីតារាចម្រៀងសម្ដែងមួយចំនួន អំឡុងពេលដែលពួកគេបានផ្អាកចេញច្រៀងសម្ដែង ព្រោះតែកូវីដ-១៩ សម្ងំនៅតែក្នុងផ្ទះនោះ ធ្វើឲ្យតារាស្រីៗជាច្រើនដែលញាំហើយគេងៗនោះ ឡើងគីឡូស្ទើរគ្រប់គ្នា រហូតធ្វើឲ្យពួកគេភ័យខ្លាចខូចរាងអស់ទៀតផង ខណៈដែលតារាប្រុសៗវិញចាប់ផ្ដើមដុះក្បាលពោះ ព្រោះថា ពេលនេះសូម្បីតែក្លឹបហាត់ប្រាណ ក៏តូវបានបិទអស់ដែរ។

ប៉ុន្ដែបើយើងក្រឡេកទៅមើលស្រីស្អាតសុខ ពិសី វិញ នាងក៏ដូចតារាទូទៅដែរ​គឺសម្ងំនៅតែផ្ទះមិនហ៊ានចេញក្រៅឡើយ ប៉ុន្តែគីឡូនាងបែរជាស្រកស្ទើរមិនគួរឲ្យជឿទេ ព្រោះពិសី បានប្រែទៅជារាងស្វែល ស្ដើងដែលប្រែប្រួលខុសពីមុនស្ទើរតែទាំងស្រុងតែម្ដង។

ទោះជាយ៉ាងណា សម្រស់របស់នាងកាន់តែទាក់ទាញថែមមួយកម្រិតទៀត​នៅពេលដែលស្រកគីឡូខ្លាំងនៅពេលនេះ។

សុខ ពិសី បានឲ្យដឹងថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ នាងបានបរិច្ចាគថវិកាចំនួន២០០០ដុល្លារ ដល់រដ្ឋាភិបាល បើទោះជាបណ្ដាឆាកតន្ត្រីទាំងឡាយ ដែលនាងត្រូវច្រៀងត្រូវបានលុបចោលទាំងស្រុងក្ដី។ នាងថា ក្នុងនាមជាសិល្បការិនីម្នាក់នាងពិតជាមានការបារម្ភខ្លាំង ចំពោះកូវីដ-១៩នេះ និងសូមផ្ញើសារទៅដល់បងប្អូនទាំងក្នុងនិងក្រៅស្រុក សូមកុំចេញក្រៅផ្ទះ បើគ្មានភារកិច្ចចាំបាច់ និងរក្សាអនាម័យឲ្យបានទៀងទាត់ ដូចជា លាងដៃ និងអាល់កុល ហើយពាក់ម៉ាសក៍ជាប្រចាំ ជាដើម។

សុខ ពិសី មិនអាចប៉ាន់ស្មានស្ថានការណ៍បានទេថា ពេលណានាងអាចឡើងឆាកតន្រ្ដីវិញបាន ប៉ុន្ដែស្ថិតក្នុងស្ថានភាពបែបនេះ នាងមានតែនៅផ្ទះ សូម្បីតែពិធីបុណ្យចូលឆ្នាំ នាពេលខាងមុខនេះ នាងគ្មានគម្រោងចេញទៅដើរលេងកម្សាន្ដកន្លែងណាឡើយ។

សុខ ពិសី ធ្លាប់ប្រាប់ថា មានមានរូបរាងស្វែលស្អាត​ដោយសារតែការជ្រើសរើសយកវិធីហាត់ប្រាណយូហ្គា នៅផ្ទះជាប្រចាំតែម្ដង ទើបធ្វើនាងមានរូបរាងប្រែប្រួលបែបនេះ។

ដោយឡែក រឿងគម្រោងចូលរោងការពេលណានោះ មិនត្រូវបានពិសី ប្រាប់ជាក់លាក់ឡើយ ដោយនាងថា រង់ចាំពេលវេលាសមស្រប បើទោះជាមហាជនភាគច្រើននៅតែសង្ស័យពីទំនាក់ទំនងស្នេហារបស់នាង ជាមួយថៅកែសាន់ដេ លោកឡាយ សុខចំរើន ក្ដី។

សុខ ពិសី នៅតែជាតួឯករបស់ផលិតកម្មសាន់ដេ បើទោះជាមុននេះ ខេមរៈ សិរីមន្ដ ដែលជាដៃគូសំខាន់បានស្ពាយបង្វេចចេញពីសាន់ដេ ចូលហង្សមាស ក្ដី ប៉ុន្តែពិសី នៅតែរក្សាតំណែងបានដដែល ដោយងាកទៅចាប់ដៃគូ​មិនប្រកាន់ថា តារាល្បីឬមិនល្បីឡើយ។ នាងជាតារាស្រីម្នាក់ដែលជិះរថយន្ដទំនើបៗ​ដល់ទៅ៣គ្រឿងឆ្លាស់គ្នា គឺរឿង Range Rover , Audi និង Lexus LX460៕

RELATED ARTICLES