តារាសម្ដែងឆុំ វត្តី បានបង្ហាញអារម្មណ៍មិនច្បាស់លាស់ឡើយ ក្នុងការដឹកដៃគូស្នេហ៍ លោករិទ្ធិ ហួរក្សា រៀបការនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ព្រោះតែជំងឺកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់ ទើបធ្វើឲ្យនាងរារែកចិត្ត បើទោះជាពេលនេះ ទាំងទីតាំង, សម្អាងការ រួមទាំងចុងភៅ ជាដើម ត្រូវបាននាងកក់គេរួចរាល់អស់ទៅហើយក្ដី។
ឆុំ វត្តី បានប្រាប់ ”នគរធំ” តាមទូរស័ព្ទ កាលពីថ្ងៃទី៨ ខែមេសា ថា ឥឡូវនាងនិងក្រុមគ្រួសារទាំងសងខាង ពិតជាកំពុងតែពិភាក្សាគ្នាលើរឿងនេះឲ្យបានល្អិតល្អន់ជាមុនសិន ទើបសម្រេចចិត្តតាមក្រោយ។

វត្តី វាចាថា ”ខ្ញុំពិតជាបានកក់ទីតាំងគេហើយមែន គឺធ្វើនៅកោះពេជ្រ ចំណែកសម្អាងការ និងចុងភៅ ជាដើម ក៏យើងបានកក់គេរួចអស់ហើយដែរបង។ អីចឹងចាំមើលកៀកថ្ងៃបន្ដិចសិនចុះ បានពួកយើងសម្រេចចិត្តថា នឹងគូធ្វើទៅតាមគម្រោងការ ឬមួយក៏ត្រូវពន្យាពេល បើជំងឺកូវីដ-១៩នេះ នៅតែមិនស្ងាត់បែបហ្នឹង”។

តាមព័ត៌មានថា ឆុំ វត្តី នឹងគូស្នេហ៍ លោកហួរក្សា នឹងធ្វើការសម្រេចចិត្តថា ពួកគេនឹងត្រូវរៀបការ ឬរំសាយចោលមង្គលការ នៅថ្ងៃទី៤ ខែឧសភា ឬយ៉ាងណានោះ នៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច។

ប៉ុន្តែប្រសិនបើកូវីដ-១៩នេះ នៅមិនទាន់ស្ងាត់ ហើយវត្តី ភ័យខ្លាចរៀបការទៅ ភ្ញៀវមិនហ៊ានទៅចូលរួមធ្វើឲ្យបាត់ភ្ញៀវច្រើន ប្រឈមការខាតបង់លុយកាក់ ដូចជា មង្គលការរបស់ម៉ាក សែនសូនីតា ជាមួយលោកប៉ុល វិបូរ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នោះ មង្គលការរបស់នាងអាចត្រូវបានលើកពេលច្រើនជាង។

ឆុំ វត្តី បន្ថែមថា ”ជាការពិត ខ្ញុំនិងក្រុមគ្រួសារទាំងសងខាង នឹងសម្រេចថា តើរៀបការតាមគម្រោង ឬត្រូវពន្យារពេលនោះគឺនឹងកំណត់នៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះហើយ។ បញ្ហាកូវីដ-១៩នេះ ធ្វើឲ្យពួកយើងពិតជាពិបាកសម្រេចចិត្តរឿងរៀបការហ្នឹងមែន”។

ឆុំ វត្តី តួឯករឿង ”ហ្លួងព្រះស្ដេចកន” បានភ្ជាប់ស្នេហ៍ជាមួយលោករិទ្ធិ ហួររក្សា ដែលជាកូនរបស់លោកទឹត ធារិទ្ធ អ្នកដឹកនាំសម្ដែងភាពយន្ដដ៏ល្បីឈ្មោះម្នាក់។ប៉ុន្ដែទោះជាពេលនេះ វត្តី ជិតដល់ថ្ងៃរៀបការហើយមែន ប៉ុន្តែនាងនៅតែបន្ដរអាជីពថតសម្ដែងដដែល តាមរយៈការថតភាពយន្ដរឿង ”ម្ចាស់ក្រោលដំរី” របស់ CTN ហើយនាងក៏មមាញឹកនឹងការងារផ្ទាល់ខ្លួន ក្នុងតំណែងជាអ្នកចាត់ការទូទៅរបស់ផលិតកម្មឪពុករបស់នាងផងដែរ។

វត្ដី ធ្លាប់និយាយថា ទោះជានាងមានស្វាមីក្ដី ក៏នៅតែបន្ដអាជីពសិល្បៈនេះទៅមុខទៀតដែរ ព្រោះក្រុមគ្រួសារនាង សុទ្ធតែអ្នកស្រលាញ់ និងនៅក្នុងរង្វង់សិល្បៈ ខណៈដែលគូដណ្ដឹងរបស់នាង មិនចេះហួងហែងឬប្រចណ្ឌនាងថតសម្ដែងនោះឡើយ។

ប៉ុន្ដែនាងអាចកាត់បន្ថយការងារសិល្បៈខ្លះៗ ដូចជាការថតសម្ដែងរឿង និងខារ៉ាអូខេ ដោយផ្ដោតលើការពង្រឹងសមត្ថភាព និងចំណាយពេលទៅលើតួនាទីរបស់នាង ជាអ្នកចាត់ការទូទៅនៅផលិតកម្មឪពុកក្មេករបស់នាងច្រើនជាងមុន៕