ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់ទើបនឹងសម្រាលកូនបានជិត២០ថ្ងៃ មិនទាន់ឆ្អិនសរសៃរឹងដៃរឹងជើងផង ក៏ប្រឹងបីកូនស្កាត់ដំណើរតាំងពីស្រុកកំណើតខេត្តកំពង់ចាម តាមរកប្តីរហូតដល់ខេត្តរតនគិរី ខណៈដែលប្តីបានចេញទៅធ្វើការបាត់ដំណឹងអស់រយៈពេលជាង១ខែមកហើយ តាំងពីកូននៅក្នុងផ្ទៃរហូតដល់សម្រាលជិត២០ថ្ងៃទៅហើយ នៅតែមិនឃើញមុខប្តីទៅអើតឈ្ងោកមើលមុខកូននៅឡើយ។
ស្ត្រីអភ័ព្វដែលបីកូនខ្ចីតាមរកប្តីខាងលើនេះ មានឈ្មោះខេង ចាន់ណា អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានកូនស្រី២នាក់ យកមកតាមជាប់ខ្លួន ក្នុងនោះកូនស្រីច្បងឈ្មោះវ៉ា ចន្ទ្រា អាយុ៧ឆ្នាំ (ជាកូនប្តីមុន)។ ចំណែកកូនស្រីពៅ ជាកូនប្តីក្រោយ មានឈ្មោះឡេង ម្លិះលៀ ទើបកើតបាន១៨ថ្ងៃ។

ចំណែកបុរសជាប្តីដែលស្ត្រីជាប្រពន្ធរូបនេះកំពុងតាមស្វែងរក មានឈ្មោះឡៅ ផលឡេង អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅឃុំស្វាយព្រៃ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ស្ត្រីអភ័ព្វរូបនេះទើបសម្រាលកូនបាន១៨ថ្ងៃប៉ុណ្ណោះ ក៏សម្រេចចិត្តបីកូនដៃម្ខាង និងដឹកដៃកូនដៃម្ខាងតាមរកប្តីរហូតមកដល់ខេត្តមណ្ឌលគិរី នៅតែរកមិនឃើញ ស្របពេលដែលខ្លួនក៏អស់លុយជាប់ខ្លួនទៀត ត្រូវបានការសន្តោសជួយពីអាជ្ញាធរក្រុងសែនមនោរម្យ យកអាសារផ្តល់កន្លែងស្នាក់នៅនិងម្ហូបអាហារ។

លោកកាន់ ពេញ អធិការក្រុងសែនមនោរម្យ បានឱ្យដឹងថា ស្ត្រីឈ្មោះខេង ចាន់ណា បានមកដល់ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីទទួលដំណឹងមិនច្បាស់លាស់ថា ប្តីរបស់នាងមកធ្វើកម្មករសំណង់នៅទីនេះ ប៉ុន្តែមិនដឹងថា នៅកន្លែងពិតប្រាកដ ទើបរកមិនឃើញ។
លោកអធិការក្រុងសែនមនោរម្យ បន្ថែមថា បើតាមការឱ្យដឹងពីស្ត្រីនេះប្តីរបស់នាងបានចាកចេញពីផ្ទះតាំងពីអំឡុងខែមីនា ឆ្នាំ២០២០ ដោយគ្មានដំណឹងអ្វីសោះ តាំងពីគាត់នៅពពោះរហូតដល់ពេលកូនកើតមិនឃើញប្តីទៅអើតសួរសុខទុក្ខសោះ។

បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីស្ត្រីកូនខ្ចីបីកូនតាមរកប្តីដល់ដាច់លុយអស់ពីខ្លួននេះរួចមក គេឃើញលោកស្រីម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ចខេត្ត រួមនឹងសប្បុរសជនជាច្រើនបានចូលរួមជួយឧបត្ថម្ភថវិកា សរុបចំនួន៧៩ម៉ឺនរៀល ជូនស្ត្រីខាងលើ និងបានជួលរថយន្តជូនគាត់វិលត្រឡប់ទៅផ្ទះវិញទៀតផង។
តាមលោកអធិការក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកបានផ្ញើរូបថតប្តីរបស់ស្ត្រីខាងលើ ទៅតាមបណ្តាប៉ុស្តិ៍រដ្ឋបាលក្នុងខេត្តមណ្ឌលគិរី ដើម្បីជួយផ្តល់ដំណឹងទៅគាត់ ដោយសង្ឃឹមថា និងអាចរកឃើញឆាប់ៗ៕