Tuesday, September 23, 2025
Homeតារាខ្មែរអ្នកនាងសុឹម សូលិកា មិនទាន់មានផ្ទៃពោះ ព្រោះស្វាមីចង់បានកូនតាមគម្រោង

អ្នកនាងសុឹម សូលិកា មិនទាន់មានផ្ទៃពោះ ព្រោះស្វាមីចង់បានកូនតាមគម្រោង

ស៊ឹម សូលិកា បានក្លាយជាភរិយាស្របច្បាប់របស់លោកអេង រិទ្ធី ជាង៦ខែទៅហើយ បន្ទាប់ពីអ្នកទាំងពីរបានរៀបការជាមួយគ្នាតាមប្រពៃណីខ្មែរកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។

យ៉ាងណា រយៈពេលកន្លះឆ្នាំមកនេះ សូលិកា នៅតែមិនទាន់ពពោះផ្តល់កំណើតកូនដំបូងឱ្យស្វាមីថ្មីឡើយ ខណៈដែលលោករិទ្ធី បានសារភាពថា លោកចង់បានកូន តែត្រូវយកកូនតាមគម្រោង មិនមែនយកដោយចៃដន្យឡើយ…។

ស៊ឹម សូលិកា មិនទាន់ពពោះទេ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធស្របច្បាប់ជាមួយលោកអេង រិទ្ធី រយៈពេលកន្លះឆ្នាំមកនេះ ដោយលោករិទ្ធី បានអះអាងថា លោកពិតជាចង់បានកូនមែន ប៉ុន្តែនៅពេលនេះ ភរិយាលោកមិនទាន់ពពោះឡើយ។ លោករិទ្ធី ថា លោកនិងភរិយាចង់បានកូនតាមគម្រោងមិនមែនយកកូនដោយចៃដន្យ ដោយគ្មានទំនួលខុសត្រូវនោះទេ។

ស្វាមីស៊ឹម សូលិកា លោកអេង រិទ្ធី បានឱ្យដឹងថា “សូម្បីតែម្តាយរបស់ខ្ញុំ និងម្តាយក្មេកខ្ញុំ ក៏គាត់គិតគូរដែររឿងពួកខ្ញុំយកកូននេះ។ ប៉ុន្តែវាជាផែនការជីវិតមួយ អ៊ីចឹងការបង្កើតកូន១ គ្រាន់តែចង់បង្កើត គ្រាន់តែចង់បង្ហាញថា យើងមានចំណងអាពាហ៍ពិពាហ៍ហើយ ត្រូវមានកូន ដើម្បីជាចំណងរវាងប្តីប្រពន្ធ អាហ្នឹងជាការគិតមួយបែបតាមរបៀបប្រជាជនខ្មែររបស់យើងមួយចំនួន”។

លោករិទ្ធី បន្តថា “ប៉ុន្តែសួរថា ខ្ញុំចង់បានអត់ ខ្ញុំប្រាកដជាចង់បាន ប៉ុន្តែវាមានពេលវេលា មានកាលរបស់វាដែលត្រូវដល់ពេលណាយើងត្រូវធ្វើអី ពីព្រោះពួកយើងខ្ញុំទាំងពីរបានធ្វើដំណើរនៅលើផ្លូវជីវិតនេះវែងឆ្ងាយមកហើយ លើផ្លូវដំណើរសិល្បៈនេះ”។

ទន្ទឹមនឹងការមិនទាន់ហ៊ានយកកូននៅពេលនេះ លោកអេង រិទ្ធី បានបង្ហើបឱ្យដឹងថា លោកនិងភរិយាបានតស៊ូជាមួយគ្នាដោយឆ្លងកាត់ឧបសគ្គជាច្រើនមកហើយ ដោយដើរកាត់បន្លានិងជាន់មីនតូចធំជាច្រើន ប៉ុន្តែនៅតែអាចចាប់ដៃគ្នាពុះពារក្នុងការកសាងសុភមង្គលជាមួយគ្នាតទៅទៀត។

ស្វាមីអ្នកនាងស៊ឹម សូលិកា បន្ថែមថា “យើងទាំងពីរបានធ្វើដំណើរលើផ្លូវជីវិតហ្នឹងវែងឆ្ងាយមកហើយ។ ផ្លូវដំណើរជីវិតសិល្បៈនេះ វាលំបាកណាស់ វាមានបន្លាច្រើនណាស់ អាចនិយាយបានថា វាមានរហូតដល់មីនតូចក៏មាន មីនធំក៏មាន។ ប៉ុន្តែយើងធ្លាប់ជាន់ក៏ជាន់ អ៊ីចឹងរហូតមកដល់ពេលនេះ យើងមានផែនការជីវិតមួយច្បាស់លាស់ ហើយពេលមានដំណឹងល្អ (កូន) គឺជាសាធារណៈហើយ ព្រោះជីវិតប្តីប្រពន្ធខ្ញុំនេះជារៀងរាល់ថ្ងៃមិនដែលលាក់លៀមទេ ខ្ញុំធ្វើការអី ខ្ញុំបង្ហាញហ្នឹង”។

លោកអេង រីទ្ធី បន្ថែមទៀតថា “ប៉ុន្តែពេលនេះភរិយារបស់ខ្ញុំមិនទាន់ពពោះទេ ព្រោះមិនទាន់ស្ថិតនៅក្នុងផែនការជីវិតរបស់ពួកយើងទេ។ បើនិយាយពីការទទួលខុសត្រូវពីជីវិត ឪពុកម្តាយ ឬអាណាព្យាបាល ខ្ញុំក៏សូមដាស់តឿនដែរថា យើងទាំងអស់គ្នាហ្នឹង កុំចេះតែបង្កើតកូនដោយគ្មានការទទួលខុសត្រូវ ព្រោះពេលនោះវាក្លាយទៅជាបន្ទុកនៅក្នុងសង្គមរឹតតែធ្ងន់ទៅវិញ ដែលវានាំឱ្យមានវិបត្តិមួយដែលយើងមិនដឹង ដោយសារតែវាកើតឡើងដោយសារយើងចូលរួម”។

លោករិទ្ធី បញ្ជាក់ថា “ឪពុកម្តាយ ឬអាណាព្យាបាលអសមត្ថភាពនៅក្នុងការចិញ្ចឹមកូន បង្កើតកូនមកធ្វើអី? បង្កើតហើយឱ្យអ្នកនេះមើល អ្នកនោះមើលកូនធំឡើងធ្វើអី? នេះជាបញ្ហា! អ៊ីចឹង២នាក់ប្តីប្រពន្ធខ្ញុំប្រយ័ត្នណាស់ ខ្ញុំត្រូវគិតគូរណាស់ ការបង្កើតមនុស្សជារឿងងាយស្រួល ប៉ុន្តែការបង្កើតធនធានមនុស្ស និងធ្វើមនុស្សឱ្យក្លាយទៅជាធនធានជាតិទៀត អាហ្នឹងបានរឹតតែពិបាក”។

ទោះជាពេលនេះ លោកអេង រិទ្ធី បានអះអាងថា ភរិយារបស់លោកមិនទាន់មានផ្ទៃពោះមែន ប៉ុន្តែសូលិកា ដែលឡើងងារជំទាវ ដោយសារលោករិទ្ធី មានឋានៈជាឯកឧត្តមនោះ នាងបានផ្អាកថតសម្តែងភាពយន្តជាច្រើនឆ្នាំមកហើយ ខណៈដែលមុននេះ លេចឮថា ហង្សមាស បានទាក់ទងសូលិកា ថតភាពយន្តរបស់ខ្លួនជាច្រើនរឿង ប៉ុន្តែពិធីការិនីបាយ័ន រូបនេះ មិនទទួល។

លោកអេង រិទ្ធី ដែលជាអ្នកគ្រប់គ្រងពិធីករទាំងអស់របស់ទូរទស្សន៍បាយ័ន រួមទាំងភរិយារបស់លោក អ្នកនាងស៊ឹម សូលិកា ផងនោះ បន្ថែមទៀតថា “ភរិយាខ្ញុំបានថតរឿងឱ្យអ្នកស្រី​ពាន់ ភួងបុប្ផា “ទឹកចិត្តម្តាយសម័យថ្មី” កាលពីឆ្នាំមុនដែរ។ សម្រាប់ប្តីប្រពន្ធខ្ញុំមិនដែល​កំណត់ថា ឈប់លេងសិល្បៈនោះទេ ប៉ុន្តែការឃ្លាតឆ្ងាយពីការថតសម្តែងសិល្បៈព្រោះរវល់​រៀងៗខ្លួន ដូចជាខ្ញុំធ្វើការនៅបាយ័នផង ជាមន្ត្រីរាជការផង។

ចំណែកប្រពន្ធខ្ញុំធ្វើការនៅបាយ័ន ដែរ ហើយគាត់ក៏មានរោងពុម្ពមួយ និងហាងកាត់ដេរមួយទៀត។ យើងនៅតែស្រលាញ់សិល្បៈអ៊ីចឹង ហើយដូចជាខ្ញុំទោះជាថ្ងៃក្រោយ ខ្ញុំក្លាយទៅជាស្អី ឬក៏ខ្ញុំស្លាប់ ក៏ខ្ញុំនៅតែជាសិល្បៈដែរ៕

RELATED ARTICLES