ចំណងស្នេហាតារាសាច់សខ្ចី អ្នកនាងប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ ត្រូវបានបើកចំហរ ហើយជាញឹកញាប់ពួកគេបង្ហាញឲ្យគេឃើញថា ស្នេហាតារា១គូនេះ ចិត្ត១ថ្លើម១ ព្រោះតែផ្អែមល្ហែមគ្នាខ្លាំងណាស់ មិនខុសពីប្ដីប្រពន្ធដែលទើបរៀបការហើយថ្មោងថ្មីនោះទេ។

ទោះជាយ៉ាងណា នៅពេលសួររឿងគម្រោងចូលរោងការ ប្រុសសង្ហាសយ រតនៈ ថា រូបគេមិនទាន់គិតដល់ចំណុចនេះឡើយ ហើយថែមទាំងឆ្ងល់ទៀតថា មិនដឹងម៉េចបានជាគេចាប់អារម្មណ៍រឿងស្នេហាលោកជាមួយគីមមួយ ខ្លាំងម្ល៉េះ។

សយ រតនៈ និយាយទាំងរដាក់រដុបថា “ខ្ញុំមិនទាន់ចង់រៀបការទេ ព្រោះខ្ញុំនៅក្មេងដែរ តែសូមអធ្យាស្រ័យផង មិនអាចប្រាប់ថា អាយុឆ្នាំហ្នឹងប៉ុន្មានទេ។ ចំពោះរឿងខ្ញុំជាមួយគីមមួយ មិនដឹងជាម៉េចទេ គេចាប់អារម្មណ៍តែពួកយើងទាំង២”។

លោករតនៈ បន្ថែមថា “តាមពិតក្រុមខ្ញុំនេះមានគ្នាច្រើនដើរចូលគ្នា ដូចជាមួយឃុន វត្ថា និងនួន សុធារក្ស អី តែដល់ពេលគេលើកមកនិយាយតែខ្ញុំ និងគីមមួយ។ ខ្ញុំសូមមិនទាន់អាចនិយាយថាយ៉ាងម៉េចបានទេ ព្រោះថានៅថ្ងៃខាងមុខ អត់ដឹងមានរឿងអីកើតឡើង”។

ប៉ាច គីមមួយ ទើបធ្វើខួបគម្រប់អាយុ២៦ឆ្នាំ ធ្លាប់ប្រេះឆាស្នេហ៍ជាមួយអតីតគូស្នេហ៍ដែលជាតារាចម្រៀងម្នាក់ ធ្វើឲ្យនាងគ្រាំគ្រាបេះដូងជាច្រើនឆ្នាំហើយ ប៉ុន្តែស្រីស្អាតរូបនេះត្រូវបានអ្នកសិល្បៈរួមអាជីពជាច្រើនដឹងថា នាងស្នេហាតែប្រុសក្មេងរូបសង្ហាទេ បើប្រុសវ័យចំណាស់ ទោះយកទ្រព្យមកធ្វើនុយយ៉ាងណា ក៏នាងគីមមួយ គ្មានចាប់អារម្មណ៍ប៉ុនក្រចកដៃឡើយ។

តារាចម្រៀងហង្សមាស រូបនេះ ធ្លាប់សារភាពប្រាប់អ្នកយកព័ត៌មានយើងថា បុរសវ័យចាប់ពី៤០ឆ្នាំឡើងទៅ នាងគ្មានអារម្មណ៍ទេ គឺស្រលាញ់តែវ័យក្មេងៗមែន។

ប៉ុន្តែនៅពេលសួររឿងចំណងស្នេហាជាមួយរតនៈ អ្នកនាងប៉ាច គីមមួយ នៅតែព្យាយាមបិទបាំង ហើយនាងថែមទាំងប្រកែកចំពោះដំណឹងដែលគេថា នាងនិងប្រុសក្មេងបានរួមរស់ក្រោមដំបូលផ្ទះតែ១ជាមួយគ្នាទៀតផង៕