កញ្ញាឌួង ហ្សូរីដា ត្រូវបានគេស្ងើចសរសើរ ដោយសារតែចាប់តាំងពីផ្ទុះជម្ងឺកូវីត១៩ នៅកម្ពុជា កញ្ញា និងប្អូនៗ ព្រមទាំងក្រុមការងារមិនបាននៅស្ងៀមសម្ងំសុខនោះទេ គឺដុតដៃដុតជើងក្នុងការចែកទាន ធ្វើសកម្មភាពបរិច្ចាគទាំងជាលក្ខណៈឯកជន និងជាលក្ខណៈចូលរួមចំណែកជាមួយស្ថាប័ននានា ជាបន្ដបន្ទាប់។

ពិធីការិនីឌួង ហ្សូរីដា ចេញមុខចែកចែកអំណោយ និងបរិច្ចាគថវិកាផ្ទាល់ខ្លួនមិនតិចជាងខ្ទង់ម៉ឺនដុល្លារនោះទេ ចាប់តាំងពីមានបញ្ហាកូវីត១៩ ដែលកញ្ញាបានធ្វើមកទល់ពេលនេះ។

យ៉ាងណាមិញ កញ្ញារមែងបង្ហោះក្នុងពេល Live លើហ្វេសប៊ុកថា កញ្ញាមិនមែនជាអ្នកមានទេ ប៉ុន្តែមកពីបងប្អូនរួមចំណែកទិញរាល់ផលិតផលរបស់កញ្ញាច្រើនៗរាល់ថ្ងៃ ហើយកញ្ញាក៏បានប្រកាសថា នឹងដកផលចំណេញប៉ុន្មានភាគរយសន្សំទុកជាប្រចាំ ទើបកញ្ញានិងក្រុមការងារ អាចមានលទ្ធភាពបង្កើតមូលនិធិដើម្បីធ្វើការងារសប្បុរសធម៌ និងជួយសង្គមជាហូរហែមក។

តាំងពីមានបញ្ហាកូវីត១៩ គេឃើញខាងមុខហាងមុទិតា របស់កញ្ញា និងប្អូនស្រី ស្ថិតនៅតាមបណ្ដោយផ្លូវទេពផន រៀបចំតុនិងកន្ទេលដើម្បីចែកជែលលាងដៃ ម៉ាសក៍ មី និងគ្រឿងឧបភោគបរិភោគជូនអ្នកដំណើតតាមផ្លូវ និងអ្នកមានជីវភាពខ្វះខាត ដែលធ្វើឲ្យគេមើលឃើញពីទង្វើជាគំរូ និងការលះបង់គួរឲ្យសរសើររបស់តារារូបនេះ។

ងាកទៅមើលសកម្មភាពផ្សេងៗ គេឃើញកញ្ញាបរិច្ចាគជួយសង្គមម្ដងហើយម្ដងទៀត ស្ទើរមិនចោលសកម្មភាពបរិច្ចាគតែម្ដង ដែលតារាមុន និងរួមជំនាន់ មិនទាន់មានតារាណាធ្វើដូចនៅក្នុងកាលៈទេសៈនេះ។

កញ្ញាហ្សូរីដា បានដឹកនាំអំណោយយកទៅជូនតាជីយាយជី កាលពីពេលថ្មីៗ ដោយកញ្ញាក៏បានចូលរួមស្មឹងស្មាត និងស្ដាប់ព្រះធម៌ដើម្បីរម្ងាប់ផ្លូវអារម្មណ៍ ដែលកំពុងតែភិតភ័យព្រោះតែកូវីតនេះផង។

ដោយឡែក កាលពីថ្ងៃទី៣០ ខែមីនា កញ្ញាឌួង ហ្សូរីដា បានឲ្យក្រុមការងារយកអង្ករ ភេសជ្ជៈ ត្រីខ ទឹកអាល់កុល និងថវិកាយ៉ាងសន្ធឹកសន្ធាប់ទៅប្រគល់ជូនដល់សមាគមតន្ត្រីជនពិការ ក្នុងពេលដែលសមាគមនេះប្រឈមនឹងការខ្វះខាត។
ជាមួយនឹងរាជរដ្ឋាភិបាល កញ្ញាបានបរិច្ចាគ៥០០ដុល្លារ ជួយទប់ស្កាត់ជម្ងឺកូវីត១៩ និងកាលពីពេលថ្មីៗនេះ កញ្ញាក៏បានប្រគល់ម៉ាសក៍ ដែលគិតជាទឹកប្រាក់មិនក្រោមពាន់ដុល្លារ ជូនដល់អង្គការសុម៉ាលី ម៉ម។

ចំណែកកាលពីថ្ងៃទី៣ ខែមេសា កញ្ញាក៏បានបរិច្ចាគថវិកា៥០០ដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) និងបានបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជា ចំនួន២០០០ដុល្លារ អមដោយអំណោយជាច្រើនទៀត កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២០ផងដែរ៕

