Tuesday, September 23, 2025
Homeតារាខ្មែរពេជ្រ អាវីហ្សា ថ្ងូរសេដ្ឋកិច្ចធ្លាក់ចុះ គ្មានអ្នកជួយចិញ្ចឹម

ពេជ្រ អាវីហ្សា ថ្ងូរសេដ្ឋកិច្ចធ្លាក់ចុះ គ្មានអ្នកជួយចិញ្ចឹម

តារាសម្ដែងសិចស៊ី ពេជ្រ អាវីហ្សា បានឲ្យដឹងថា ទាំងនាងនិងតារាមួយចំនួនទៀត សុទ្ធតែជួបវិបត្តិសេដ្ឋកិច្ចដូចគ្នា អំឡុងពេលដែលមានជំងឺកូវីដ១៩ ព្រោះម្នាក់ៗសម្ងំនៅតែផ្ទះរៀងៗខ្លួន។

ដោយឡែក រូបនាងវិញមិនត្រឹមតែរកចំណូលមិនបាននោះទេ ប៉ុន្តែថែមទាំងមុននេះធ្លាក់ខ្លួនឈឺជាច្រើនខែ ទើបព្យាបាលជា កាលពីពេលថ្មីៗនេះទៀតផង។

ពេជ្រ អាវីហ្សា វាចាថា ”អត់មានប្រាក់ចំណូលអីពីសិល្បៈទៀតទេបងអើយ! មួយរយៈនេះនៅតែផ្ទះហ្នឹង។ កាលមុនផ្ទុះកូវីដ១៩ហ្នឹង មានគេហៅថតកុនថត MV ដែរ តែដោយសារខ្ញុំឈឺ ទើបព្យាបាលជាកាលពីពេលថ្មីៗហ្នឹង អីចឹងក៏មិនបានថតសម្ដែងដូចគេ។ ឥឡូវរឿងលុយកាក់អី ពិបាកបន្ដិចហើយ​ទាំងខ្ញុំ ទាំងគេ រកលុយមិនសូវបានដូចមុនទេ តាំងពីមានជំងឺកូវីដ១៩ហ្នឹងមក”។

ពេជ្រ អាវីហ្សា ថា នាងបានសម្ងំព្យាបាលជំងឺពោះវៀនដុះខ្នែងជាច្រើនខែហើយ ឥឡូវព្យាបាលជា ស្រាប់តែមកឃុំខ្លួននៅតែក្នុងផ្ទះទៅណាមិនរួចបែបនេះ ដោយសារតែកូវីដ១៩ទៅវិញ។ ទោះជាយ៉ាងណា នាងសង្ឃឹមថា អ្វីៗនឹងបានល្អប្រសើរឡើងវិញនាពេលឆាប់ៗនេះជាមិនខានឡើយ។

នៅពេលត្រូវសួរថា តើអាវីហ្សា ជួបវិបត្តិសេដ្ឋកិច្ចនេះ នាងមានប្រុសស្នេហ៍ចិញ្ចឹម ឬឧបត្តម្ភអត់?

តារាសិចស៊ីនិយាយដោយរហ័សថា គ្មានអ្នកណាឲ្យលុយកាក់ចិញ្ចឹមនោះទេ ព្រោះខ្លួនទីពឹងខ្លួន។ ​នាងថា ក៏មិនត្រូវការស្នេហាក្លែងក្លាយដែរ ដោយសារតែធ្លាប់ជួបរឿងស្នេហាមិនសមប្រកបពីមុនៗមកអី ចឹងនាងចង់បានអ្នកដែលស្រលាញ់នាងពិតប្រាកដ ហើយច្បាស់លាស់ជាមួយគ្នា មិនមែនជាស្នេហាលេងសើចនោះទេ។

ទោះជាពេជ្រ អាវីហ្សា ថ្ងូរថា កំពុងតែជួបវិបត្តិសេដ្ឋកិច្ចមែន ប៉ុន្ដែគេឃើញស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេករូបនេះ នៅតែហ៊ឺហាជិះរយន្ដទំនើប Lexus NX200t យ៉ាងកាលីពដូចមុនដដែល។

ប៉ុន្ដែស្រីស្រស់រូបនេះថា រថយន្ដនោះនាងជិះជាង១ឆ្នាំទៅហើយ មិនមែនទិញក្នុងអំឡុងពេលនេះទេ។ នាងថា ថ្មីៗនេះមានផលិតកម្មមួយហៅនាងថតសម្ដែង MV បែបសិចស៊ីស្នេហារោលរាល ប៉ុន្តែដោយសារខ្លាចជួបរឿងដូចមុន ត្រូវសមាគមសិល្បៈព្រមានទៀត ទើបនាងតាំងចិត្តថា នឹងមិនថតសម្ដែងបែបសិចស៊ីជ្រុលទៀតទេ។ ប៉ុន្ដែរបើសិចស៊ីលក្ខណៈសិល្បៈល្មមៗ ហើយមិនប៉ះពាល់ដល់ខាងណា នាងអាចថតសម្ដែងបានជាធម្មតា។

ពេជ្រ អាវីហ្សា ធ្លាប់ប៉ះរឿងស្នេហាជាមួយប្អូនថ្លៃឧកញ៉ាទ្រី ភាព លោកហេង តែបានចែកផ្លូវគ្នាទាំងចម្រូងចម្រាស ហើយនាងបានរងរបួសលើរាងកាយ ព្រោះអតីតគូស្នេហ៍ប្រើអំពៅហិង្សាទៀតផង។ ដោយសារស្នេហាអ្នកមានមិនសមបំណងបែបនេះហើយ​ ទើបអាវីហ្សា ដែលឆ្នាំនេះឈានចូល២៩ឆ្នាំទៅហើយនោះ តាំងចិត្តថា នឹងមិនប៉ងចង់បានសង្សារជាកូនអ្នកមាន, អ្នកធំ ទៀតទេ គឺសំខាន់ឲ្យតែប្រុសនោះច្បាស់លាស់ជាមួយនាង។

ពេជ្រ អាវីហ្សា ថា ពេលនេះមានប្រុសថ្មីតាមស្រលាញ់ដែរ ក្នុងក៏មាន ក្រៅក៏មានដែរ ប៉ុន្តែដោយសារមិនទាន់ច្បាស់លាស់១០០%ជាមួយគ្នា ទើបនាងមិនទាន់អាចបញ្ចេញមុខបុរសនោះបានទេ។

ដោយឡែក រឿងរៀបការវិញ នាងថា មិនអាចកំណត់ថា ពេលណានឹងអាចតែងខ្លួនជាកូនក្រមុំមែនទែនដូចគេបានឡើយ៕

RELATED ARTICLES