មាស សុខសោភា មិនបញ្ជាក់ថា ស្វាមីរបស់នាងមានជំងឺអ្វីឡើយ ប៉ុន្ដែនាងបាននាំលោកអ៊ឹត រ៉ាដា ដែលនាងអះអាងថា កំពុងឈឺនោះទៅសមាធិ និងស្រូបយកខ្សល់អាកាសនៅវត្តមួយនៅប្រទេសថៃ ហើយនាងហាក់មានជំនឿចិត្តយ៉ាងខ្លាំង ទៅលើអបិយជំនឿតែម្ដងព្រោះបានពាក់ម៉ាសក៍ដែលមានចារយ័ន្ត ដើម្បីការពារជំងឺកូវីដ-១៩នោះថែមទៀតផង ដែលធ្វើឲ្យក្រុមអ្នកគាំទ្ររបស់នាងលាន់មាត់ថា ចារយ័នប៉ុណ្ណឹងហើយ តើឲ្យកូវីដ-១៩ ឯណាមកហ៊ានចូលជិតទៅ?

មាស សុខសោភា បានបង្ហាញរូបភាពកៀកកើយជាមួយស្វាមី ហើយថ្លែងសារថា ”ជូនអ្នកជំងឺមកស្រូបខ្យល់អាកាស សូមឲ្យបងមានសុខភាពប្រសើរឡើង”។

ជាមួយនេះដែរ មាស សុខសោភា បានបញ្ចេញសារបង្ហាញអារម្មណ៍យកព្រះធម៌មកដាក់នៅក្នុងខ្លួន ដើម្បីការពារជំងឺកូវីដ-១៩ ក្នុងនោះនាងបានថ្លែងសារថា សម័យកូវីដ គ្មានអ្វីក្រៅពីយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មកបិទបាំងជាប់ខ្លួនយើងទេ។ នាងបន្ថែមថា ជីវិតមនុស្សយើងមានតែ៣ថ្ងៃប៉ុណ្ណោះ គឺម្សិលមិញ ,ថ្ងៃនេះ នឹងថ្ងៃស្អែក។

ជាមួយខ្លឹមសារនេះដែរ សោភា ក៏បានដាស់តឿនឲ្យបងប្អូនទាំងឡាយ កុំធ្វេសប្រហែសឲ្យសោះ ពីការពារជំងឺកូវីដ-១៩នេះ តាមរយៈការពាក់ម៉ាសក៍ ក៏ដូចជាលាងដៃជាមួយសាប៊ូ ឬអាល់កុល ជាប្រចាំផងដែរ។

អ្នកគាំទ្រមាស សុខសោភា បានជូនពរឲ្យស្វាមីរបស់នាងអាណិកជនខ្មែរ មកពីកាណាដា ឆាប់បានជាសះស្បើយពីជំងឺឡើងវិញផងដែរ ព្រោះមើលទៅស្ថានភាពរបស់លោករ៉ាដា ហាក់ដូចជាចុះខ្សោយខ្លាំងណាស់។

ដោយឡែក អ្នកខ្លះទៀតបានសម្ដែងការរំភើបចិត្តជំនួសលោករ៉ាដា ថា លោកមានសំណាងមានភរិយាល្អចេះមើលថែ ពិសេសគឺសោភា ពិតជាបង្ហាញនូវក្ដីស្នេហាស្មោះស្ម័គ្រចំពោះគូស្នេហ៍ខ្លាំងណាស់ ដូចជា លោករ៉ាដា ធ្លាក់ខ្លួនឈឺនេះនាងបានថ្នាក់ថ្នមទាំងកាយា និងចិត្តស្វាមីទាំងការនាំទៅព្យាបាលនៅពេទ្យក្រៅស្រុក និងការពាក់ម៉ាសក៍ការពារដែលមានចាយ័នការពារជំងឺកូវីដ-១៩នេះ។ ប៉ុន្ដែសោភា មិនបញ្ជាក់ថា ពេលណានាងនាំស្វាមីមកស្រុកវិញឡើយ។

មាស សុខសោភា ក៏ដូចជាតារាល្បីៗផ្សេងទៀតដែរ ព្រោះបាត់បង់ប្រាក់ចំណូលនៅរដូវក្ដៅនេះ ស្ទើរតែទាំងស្រុង ដោយសារតែកូវីដ-១៩ ធ្វើឲ្យនាងខាតលុយចំណូលប្រចាំឆ្នាំរាប់ម៉ឺនដុល្លារ ហើយពេលនេះស្វាមីក៏មានជំងឺទៀត។

យ៉ាងណា ចំណងស្នេហ៍ឆ្លងទ្វីបរយៈពេល១៣ឆ្នាំនេះ ត្រូវបានមហាជនមើលឃើញកាន់តែច្បាស់ថា ពួកគេពិតជាស្រលាញ់គ្នាដល់ឆ្អឹងដូចការអះអាងរបស់លោកមាស សុខរតនៈ ដែលជាបងប្រុសរបស់សោភា ពិតប្រាកដមែនព្រោះទោះជាមានរឿងអ្វី ក៏ពួកគេមិនដែលដើរចោលគ្នាដែរ៕