Tuesday, September 23, 2025
Homeតារាខ្មែរអតីតបេក្ខនារី Cambodian Idol ត្រៀមដណ្តើមខេម ពីមាស សុខសោភា

អតីតបេក្ខនារី Cambodian Idol ត្រៀមដណ្តើមខេម ពីមាស សុខសោភា

អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ កញ្ញាដា សុម៉ាវត្តី ដែលក្លាយទៅជាតារាចម្រៀងថោន នោះ បានអះអាងថា​យ៉ាងយូ១ខែទៀត នាងនឹងចាប់ដៃជាមួយតារាចម្រៀងខេម ឆ្លងឆ្លើយគ្នានូវបទចម្រៀងមនោសញ្ចេតនាជាលើកដំបូង ដែលទស្សនិកជននឹងបានប្លែកអារម្មណ៍ជាមិនខានឡើយ ព្រោះកន្លងមក នាងមិនដែលបានច្រៀងជាមួយខេម ទេ។

តារាវ័យក្មេងរបស់ថោន រូបនេះ វាចាថា ”ខ្ញុំនឹងចេញបទចម្រៀងឆ្លងឆ្លើយគ្នាជាមួយខេម នៅរយៈពេល១ខែខាងមុខនេះទៀត ព្រោះផលិតកម្មបានប្រាប់ខ្ញុំឲ្យដឹងមុនហើយ។ ខ្ញុំគិតថា ប្ល៉ែកម្យ៉ាងដែរ ព្រោះអីអត់ដែលបានច្រៀងជាមួយគាត់សោះ។ ប៉ុន្ដែតាំងពីខ្ញុំចូលថោន មក បានចេញបទចម្រៀងបាន៥ទៅ៦បទហើយ ក្នុងនោះមាន៣បទ ជាបទប្រពៃណីចូលឆ្នាំខ្មែរឆ្នាំនេះដែរ”។

តាមរយៈការឡើងឆាកទូរទស្សន៍ថ្មីៗនេះ ដា សុម៉ាវត្តី បានច្រៀងបទចម្រៀងថ្មីរបស់នាង មានដូចជាបទ ”មនុស្សខ្លះ” , ”ស្រលាញ់ខ្ញុំមែន?” , ”Go Always” និងបទ ”ពោះម៉ាយក៏បាន”។

សុម៉ាវត្តី បានឲ្យដឹងដែរថា នាងបានចុះកុងត្រាជាមួយផលិតកម្មថោន ដល់ទៅ៥ឆ្នាំ ហើយនាងជំនឿចិត្តថា ផលិតកម្មនេះនឹងជួយឲ្យនាងល្បីឈ្មោះថែមទៀត ព្រោះថា ពេលនេះថោនបានឲ្យនាងបទចម្រៀងល្អៗ និងផ្ដល់ឱកាសឲ្យថតកុនទៀតផង ដូចជាមុននេះនាងទើបថតចប់រឿង ”ព្រហ្មលិខិតដុះស្លាប”។

ទោះជាយ៉ាងណា មហាជនបានមើលឃើញថា កញ្ញាដា សុម៉ាវត្តី នឹងពិបាកប្រជែងទីផ្សារជាមួយតារាចម្រៀងសំខាន់របស់ផលិតកម្មនេះ មាស សុខសោភា និងរ៉ាប៊ី ជាមិនខាន ព្រោះថាតារាស្រីទាំង២ ចាក់គ្រឹះរឹងមាំនៅថោន ទៅហើយ។

ប៉ុន្ដែសុម៉ាវត្តី ថា នាងគ្មានចិត្តចង់ប្រកួតប្រជែងជាមួយតារាណាម្នាក់ទេ គឺធ្វើយ៉ាងណាខិតខំពង្រឹងសមត្ថភាពផ្ទាល់ខ្លួនឯង ឲ្យបានល្អជាងនេះ ច្រើនជាងគិតចង់ឈ្នះចាញ់គ្នា៕

RELATED ARTICLES