Tuesday, September 23, 2025
Homeតារាខ្មែរពៅ បញ្ញាពេជ្រ ថា មិនចងគំនុំនឹងអ្នកណាឡើយ គ្រប់យ៉ាងជារសជាតិជីវិត

ពៅ បញ្ញាពេជ្រ ថា មិនចងគំនុំនឹងអ្នកណាឡើយ គ្រប់យ៉ាងជារសជាតិជីវិត

ភ្នំពេញ ៖ អតីតតារាចម្រៀងល្បីដែលរងគ្រោះត្រូវគេលួចបាញ់ប្រហារកាលពីឆ្នាំ២០០៧នោះ នៅពេលនេះ នាងបានធ្លាក់ខ្លួនពិការមួយកំណាត់ក្រោម អង្គុយតែលើរទេះរុញ មិនអាចដើរបានឡើយ។ ប៉ុន្តែយ៉ាងណា តារាស្រីអភ័ព្វរូបនេះបានបញ្ជាក់ថា នាងមិនចងគំនុំនឹងអ្នកដែលប៉ុនប៉ងផ្តាច់ជីវិតនាងនោះទេ នាងចាត់ទុកថា គ្រប់យ៉ាងជារសជាតិជីវិតរបស់នាង ហើយយ៉ាងណាក៏នាងនៅសល់ជីវិតត្រូវបន្ត ប្រឹងរស់មកទល់សព្វថ្ងៃ ទោះបីក្នុងភាពពិការក៏ប្រឹងប្រកបរបររកស៊ីចិញ្ចឹមជីវិតតទៅមុខទៀត ដោយលក់ដូរអនឡាញ។

កញ្ញាពៅ បញ្ញាពេជ្រ បានបង្ហោះរូបភាពនិងវីដេអូស្តីពីជីវិតរបស់នាងដែលខំប្រឹងហាត់ប្រាណដើម្បីឱ្យអាចដើរបានឡើងវិញ តែនាងប្រាប់ថា ពេលនេះនាងមិនអាចហាត់ប្រាណបានទៀតទេ ដោយសារនាងហាត់ប្រាណខុសបច្ចេកទេស បណ្តាលឱ្យបាក់ឆ្អឹងជើង។

កញ្ញាពៅ បញ្ញាពេជ្រ បានសរសេររៀបរាប់ភ្ជាប់ជាមួយរូបភាពនិងវីដេអូក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ថា “តើមានបងប្អូនប៉ុន្មាននាក់ដែលបានមើលឡាយខ្ញុំដែលនិយាយអំពីការរស់នៅប្រទេសថៃ ហើយជួបរឿងរ៉ាវជាច្រើន? ខ្ញុំធ្លាប់សន្យាថា នឹងបង្ហាញរូបខ្ញុំហាត់ប្រាណឱ្យឃើញ។

ពីមុន ខ្ញុំដើរមិនបានមែន តែខ្ញុំអាចហាត់បានច្រើនយ៉ាង!! តែដោយសាររឿងមួយមិនគួរឱ្យកើតសោះ គេធ្វើឱ្យខ្ញុំបាក់ឆ្អឹងជើង ដែលធ្វើឱ្យខ្ញុំមិនអាចហាត់បានច្រើនយ៉ាងដូចដើម ចង់ហាត់ឈរក៏ឈរមិនបាន ឈឺតែទ្រាំ គ្រាន់ចង់បង្ហាញពីជីវិតគឺបែបនេះ តែសម្រេចចិត្តថា មិនចងគំនុំ ឬកម្មពៀរនឹងអ្នកណាឡើយ គ្រប់យ៉ាងជារសជាតិជីវិតនាងខ្ញុំ ទម្រាំបានមកលក់អនឡាញ”។

គួរបញ្ជាក់ថា កញ្ញាពៅ បញ្ញាពេជ្រ គឺជាអតីតតារាចម្រៀងវ័យក្មេងរូបស្រស់សាច់សខ្ចីល្បីឈ្មោះមួយដួង ក្នុងដើមទសវត្សរ៍ឆ្នាំ២០០០ តែជាអកុសល កញ្ញាបានទទួលរងការបាញ់ប្រហារប៉ុនប៉ងផ្តាច់ជីវិតនាង កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ ដោយខ្មាន់កាំភ្លើងពីរនាក់បានតាមបាញ់ប្រហារនាង ពេលចេញពីរថយន្តនៅចំកណ្តាលរាជធានីភ្នំពេញ បណ្តាលឱ្យនាងរងរបួសធ្ងន់ ធ្លាក់ខ្លួនពិការមួយកំណាត់ខ្លួនក្រោម អស់រយៈពេលជិត១៣ឆ្នាំមកហើយ។

រហូតមកទល់ពេលនេះ ការបាញ់ប្រហារលើតារាចម្រៀងពៅ បញ្ញាពេជ្រ នៅតែស្ថិតក្នុងអាថ៌កំបាំង ដោយមិនទាន់មានការវែកមុខជនសង្ស័យជាខ្មាន់កាំភ្លើងបាននៅឡើយ។

ទោះជាយ៉ាងណា តារាចម្រៀងពិការ ពៅ បញ្ញាពេជ្រ តែងនិយាយថា នាងលែងនឹកនាដល់ការស្វែងរកយុត្តិធម៌ទៀតហើយ អ្វីដែលនាងចង់បាននៅពេលនេះ គឺចង់រស់នៅដោយស្ងប់សុខប៉ុណ្ណោះ ដោយនាងមិនចងគំនុំ ឬចងពៀរនឹងអ្នកដែលចង់ផ្តាច់ជីវិតនាងកាលពីជាង១០ឆ្នាំមុននោះឡើយ៕

ខៀវទុំ

RELATED ARTICLES