ចំណងស្នេហាអតីតតារាសម្ដែង អ្នកនាងកែវ ពិសី និងលោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ហាក់ស្ងប់ស្ងាត់រឿងរៀបការសូន្យឈឹងតែម្ដង នៅឆ្នាំ២០២០នេះ បន្ទាប់ពីរឿងស្នេហ៍នេះបានបែកធ្លាយជាង៦ឆ្នាំមកហើយ។

ទោះជាយ៉ាងណា មានព័ត៌មានថា អ្នកនាងកែវ ពិសី កំពុងរស់នៅជាមួយគូស្នេហ៍នៅភូមិគ្រឹះដ៏ធំស្កឹមស្កៃ ក្បែរវត្តសុវណ្ណមុនីសាគរ (សំរោងអណ្ដែត) នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ព័ត៌មានបានឲ្យដឹងថា អ្នកនាងពិសី នៅតែមានសម្រស់ស្រស់ស្អាត បើទោះជាពេលនេះនាងមានវ័យច្រើនបន្ដិចក្ដី ហើយនៅពេលដែលប្រារព្ធខួបកំណើតអ្នកនាងពិសី តែងតែហៅមិត្តភក្ដិដ៏ជិតដិតបំផុតទៅចូលរួមដល់ភូមិគ្រឹះតែម្ដង ខណៈដែលនាងត្រូវបានគូស្នេហ៍ដាក់អង្គរក្សការពារជាប្រចាំទៀតផង។

ប្រភពនោះបានឲ្យដឹងថា ជាញឹកញាប់ គេឃើញអ្នកនាងកែវ ពិសី បានជិះរថយន្ដទំនើបៗ ដោយមានអង្គរក្សបើកជូន មានដូចជា Range Rover និង Mercedes ជាដើម ហើយមុនផ្ទុះកូវីដ-១៩នេះ នាងនឹងគូស្នេហ៍បានចេញទៅដើរលេងកម្សាន្ដនៅក្រៅប្រទេសជាបន្ដបន្ទាប់ ដើម្បីរឹតចំណងស្នេហ៍។

ថ្វីត្បិតតែអ្នកនាងនាងកែវ ពិសី មិនទាន់បានរៀបការតាមប្រពៃណីខ្មែរ ជាមួយលោកឈុំ សុជាតិ មែន ប៉ុន្ដែរពេលនេះនាងកំពុងរស់នៅយ៉ាងសុខសាន្ដត្រាន្ដលើគំនរមាសប្រាក់ ហើយតារារួមអាជីពបានហៅនាងថា ”ជំទាវៗ” ទៅហើយ។
ដោយឡែក កែវ ពិសី វិញបានកាត់ផ្ដាច់ពីអាជីពសិល្បៈទាំងស្រុងតែម្ដង ដែលពេលនេះក្នុងចំណោមបងប្អូនត្រកូល ”កែវ” ទាំង៣ ដែលមានគ្នា៣នាក់ សុទ្ធតែជាតារាសម្ដែង គឺកែវ ពិសី , កែវ ស្រីនាង និងកែវ វលក្ខណ៍ នោះ គឺមានតែកែវ ស្រីនាង ម្នាក់ប៉ុណ្ណោះ ដែលនៅតែបន្ដអាជីពសម្ដែង ព្រោះថា ទាំងពិសី និងវរលក្ខណ៍ លែងចាប់អារម្មណ៍អាជីពចាស់នេះទៀតហើយ។

កែវ ពិសី ធ្លាប់ប្រេះឆាស្នេហ៍ជាមួយអតីតប្ដី អ្នកដឹកនាំសម្ដែងលោករ៉ាវុធ ដោយគ្មានកូន១គ្រាប់ជាប់ខ្លួនឡើយ។ ចំណែកការភ្ជាប់ស្នេហ៍ថ្មី ជាង៦ឆ្នាំនេះ គេនៅតែមិនទាន់ឃើញអ្នកនាងពិសី ពពោះទេ បើទោះជាកន្លងមកនាងធ្លាប់បង្ហាញកាយវិការស្រលាញ់ និងចូលចិត្តក្មេងៗក្ដី។

ចំណែកគូស្នេហ៍របស់នាង លោកឈុំ សុជាតិ វិញ បានបង្ហាញកាយវិការស្រលាញ់ និងយកចិត្តទុកដាក់ដល់នាងខ្លាំងណាស់ តាមរយៈរូបភាពកម្រងអនុស្សាវវីយ៍ជាច្រើននៅក្រៅស្រុកកន្លងមក ហេតុនេះហើយបានជាតារារួមអាជីពមួយចំនួនសរសើរពិសី ថា មានគូស្នេហ៍ចេះថ្នាក់ថ្នមចិន្ដា ។

ក្រៅពីកែវ ពិសី អតីតតារាដែលឡើងជាជំទាវ តែមិនទាន់ចូលរោងការ មានដូចជា អ្នកនាងឱក បូរី , ពេជ្រ ច័ន្ទបរមី និងនៅ សុនិតា ជាដើម៕
ហ៊ឹម វិចិត្រ