បន្ទាប់ពីកញ្ញាពីង រ៉ូហ្សា ស្លាប់កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដោយត្រូវតារាសម្លែងជិតស្និទ្ធ គឺអ្នកនាងព្រីម មន្ថា បានទម្លាយថាមានជំងឺច្រើនមុខណាស់ ពេលនេះ ត្រូវបានអ្នកនាងចន ច័ន្ទលក្ខិណា បញ្ជាក់ថា ពីង រ៉ូហ្សា ស្លាប់ដោយសារជំងឺខូចតំរងនោម។

អ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះសារថា “ប្អូនស្រី Ping Roza បានទទួលមរណៈភាពកាលពីព្រឹកមិញ វេលាម៉ោង7.30 នាទី ដោយជំងឺខូចតំរងនោម ថ្លើម និង ផ្នែកប្រព័ន្ធប្រសាទធ្ងន់ធ្ងរសូមបងប្អូនមិត្តភក្តិ សិល្បករសិល្បការីទាំងអស់ អញ្ជើញចូលរួមរំលែកទុក្ខសពរបស់គាត់ផង
ទីតាំងតម្កល់សពនៅវត្តពោធិ៍ចិនតុង ដើម្បីរង់ចាំការបូជាល្ងាចនេះ”។

គួរបញ្ជាក់ថា តារាសម្ដែងនិងបង្ហាញម៉ូដ កញ្ញាពីង រ៉ូហ្សា បានទទួលមរណភាពហើយ កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅមន្ទីពេទ្យលោកសង្ឃ។ សពរបស់ពីង រ៉ូហ្សា ត្រូវបានតម្កល់នៅវត្តពោធិ៍ចិនតុង រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណព្យតាមប្រពៃណីខ្មែរ។

បើតាមអ្នកនាងព្រីម មន្ថា ដែលជាអ្នកជិតដិតជាមួយពីង រ៉ូហ្សា បានបញ្ចេញសារនៅលើបណ្ដាញសង្គមថា រ៉ូហ្សា មានឈ្មោះស្រីភ័ក្រ ហៅអាស្រស់ បានស្លាប់ហើយ។ សូមប្អូនស្រីទៅឲ្យបានសុខចុះ ប្អូនស្រីជាមនុស្សល្អណាស់ ធ្វើបុណ្យក៏ច្រើន ប្អូនស្រីអស់កម្មហើយ ទៅឲ្យបានសុខចុះ កើតជាតិក្រោយ កុំឲ្យអាយុខ្លីដូចជាតិនេះទៀត។
អ្នកនាងព្រីម មន្ថា បានប្រាប់អ្នកកាសែតបន្ថែមថា ពីង រ៉ូហ្សា មានឈ្មោះពិតថា អេង ស្រីភ័ក្រ ហៅអាស្រស់ បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យលោកសង្ឃ ២ថ្ងៃ មុនផុតដង្ហើម។

អ្នកនាងមន្ថា បន្ថែមថា រ៉ូហ្សា ឈឺជំងឺច្រើនមុខណាស់ អីចឹងមិនដឹងថា ជាឈឺធ្ងន់ហ្នឹងដោយសារជំងឺមួយណាទេ ហើយចុងក្រោយទៅពេទ្យតែ២ថ្ងៃ ក៏បានលាចាកទៅ៕