តារាសម្ដែងឆុំ វត្តី បានដឹកដៃគូស្នេហ៍ លោកបណ្ឌិតរិទ្ធិហួរ រក្សា ហៅណេង រៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវ ដែលពិធីមង្គលនេះបានរៀបចំនៅផ្ទះឪពុកក្មេករបស់វត្តី គឺលោកទិត្យ ធារិទ្ធិ អ្នកដឹកនាំសម្ដែងភាពយន្ដល្បីឈ្មោះនៅសង្កាត់ទួលសង្កែ ខណ្ឌទឬស្សីកែ វ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។

ថ្វីត្បិតែមង្គលការរបស់វត្តី ចំពេលដែលមិនទាន់ស្ងាត់ជំងឺកូវីដ-១៩មែន ប៉ុន្ដែគេឃើញមានតារាសិល្បៈរួមអាជីពជិតស្និទ្ធមួយចំនួន ទៅអបអរសាទរ មានដូចជា លោកទេព រិន្ទដារ៉ូ , ប៊ី រីយ៉ា, ពេជ្រ អាវីហ្សា ,រចនា រ៉ាវ៉ាឌី , ណាក់ ស្រីណា , ឌួង ហ្សូរីម៉ា , ពៅ លីដា , ពៅ ពិសិដ្ឋ, ចន ច័ន្ទតារា, សុទ្ធា ពិសិដ្ឋ ជាដើម។

ឆុំ វត្តី បានឲ្យដឹងថា នាងរីករាយណាស់ ព្រោះថា មង្គលការរបស់នាងចំពេលដែលប្រទេសកំពុងមានវិបត្តិ មានជំងឺកូវីដ-១៩ មិនទាន់ស្ងាត់ តែមិត្តភក្ដិ និងបងប្អូននៅតែមកចូលរួមយ៉ាងច្រើនកុះក។

ដោយឡែក ស្វាមីរបស់វត្តី លោកណេង បាននិយាយដោយរីករាយថា លោកស្រលាញ់វត្តី ជាង៣ឆ្នាំ ហើយដែលចំណុចពិសេសរបស់ភរិយាលោក គឺមិនត្រឹមតែមានរូបសម្រស់ស្អាតសោភា នោះទេ ប៉ុន្តែថែមទាំងជាអ្នកមានទេពកោសល្យល្អក្នុងសិល្បៈ ហើយលោកពេញចិត្តនាងទាំងក្នុងនិងក្រៅសិល្បៈតែម្ដង។

អ្វីដែលពិសេសនោះ លោកណេង ថា ពេលដែលលោកមានអារម្មណ៍ថា ឯកោ គឺមានតែវត្តី នេះហើយ ដែលធ្វើឲ្យលោកសប្បាយចិត្តគ្រប់ពេលតែម្ដង។

ឆុំ វត្តី បន្ថែមថា ដោយសារតែជំងឺកូវីដ-១៩ នៅមិនទាន់ស្ងាត់ហេតុនេះហើយនាងនិងស្វាមី ដែលមានគម្រោងចេញទៅដើរកម្សាន្ដក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅក្រៅស្រុកនោះ នឹងផ្អាកមួយអន្លើសិន ហើយរង់ចាំពេលវេលាអំណោយផលល្អ ទើបចេញទៅប្រទេសដែលនាងនិងស្វាមីចង់ទៅ។ ដោយឡែក គម្រោងយកកូនវិញ ទាំងវត្ដី និងស្វាមី សុទ្ធតែចង់បានឆាប់ៗដូចគ្នាតែម្ដង។

មង្គលការរបស់ឆុំ វត្តី ធ្វើតែមួយព្រឹកប៉ុណ្ណោះ គឺមិនមានកម្មវិធីជប់លៀងនៅពេលល្ងាចនោះទេ ព្រោះតែនាងមិនចង់ឲ្យមានការជួបជុំទ្រង់ទ្រាយធំ ដោយសារខ្លាចកូវីដ-១៩ ដែលមិនទាន់ស្ងាត់ ទោះជានាងបានកក់ទីតាំងនៅកោះពេជ្រ ហើយក្ដី ប៉ុន្តែការរៀបការចំជប់លៀងទ្រង់ទ្រាយធំ ត្រូវបានលើកពេលទៅធ្វើនៅពេលស្ងាត់កូវីដ-១៩ នៅពេលខាងមុខវិញ៕



