ថ្មីៗនេះ នៅលើបណ្ដាញសង្គម គេឃើញស្រីស្អាតកូនកាត់អាឡឺម៉ង់ កញ្ញាខាហ្គើរម៉ៃយ៉ា សូរៃយ៉ាម៉ាថា ហៅម៉ៃយ៉ា យំខ្សឹបខ្សួលបង្ហូរទឹកនេត្រាតែម្នាក់ឯង ជាមួយការវាចាបែបកម្សត់ថា នាងពិបាកចិត្ត មានអារម្មណ៍ថាឯកា មិនដឹងថាថ្ងៃណាបានល្អប្រសើរឡើងវិញឡើយ?

ម៉ៃយ៉ា វាចាទាំងទឹកនេត្រាហូររហាមថា តើមានមនុស្សប៉ុន្មាននាក់ទៅដែលដូចនាង? យំម្នាក់ឯងអត់អ្នកលួង និងពិបាកតាំងពីតូច…។

តាមរយៈការទម្លាយវិបត្តិដួងចិត្តនេះ ធ្វើឲ្យម្នាក់ៗស្មានមិនដល់ថា ស្រីស្អាតដូចម៉ៃយ៉ា មិនគួរណាចេះមានវិបត្តិដួងចិត្តបែបនេះឡើយព្រោះតែមនុស្សភាគច្រើនគិតថា នាងមានសេចក្ដីសុខណាស់ជាមួយគូស្នេហ៍ភេទដូចគ្នា ដែលស្រីម្នាក់តែងខ្លួនធ្វើជាប្រុស ឈ្មោះពេជ្រ ព្រោះតែកន្លងមកគេឃើញនាងតែងតែបង្ហាញរូបភាពផ្អែមល្ហែមស្នេហ៍ មិននឹកស្មានថា តាមពិតនាងក៏ចេះហូរទឹកភ្នែកនៅក្រៅឆាកបែបនេះសោះ។

ប៉ុន្ដែអ្នកខ្លះទៀតមានការសង្ស័យថា ម៉ៃយ៉ា យំបែបតូចចិត្តតែម្នាក់ឯងនេះ អាចមុនពេលដែលនាងជួបគូស្នេហ៍ អ្នកនាងពេជ្រ ហើយ ទើបត្រូវបានគេយកមកទម្លាយនៅពេលនេះក៏ថាបាន ព្រោះថារយៈពេលចុងក្រោយនេះ ម៉ៃយ៉ា តែងតែបង្ហាញពីរូបភាពមានសេចក្ដីសុខខ្លាំងណាស់ ជាមួយគូស្នេហ៍ ហើយនាងបានហៅអ្នកនាងពេជ្រ ដែលកាត់សក់ខ្លីដូចប្រុសនោះថា ជា ”ប្ដី” ពេញៗមាត់ទៀតផង។

គួរបញ្ជាក់ថា តារាកូនកាត់អាឡឺម៉ង់ កញ្ញាម៉ៃយ៉ា មានរូបសម្រស់លេចធ្លោខ្លាំង ក្នុងចំណោមអ្នកសម្ដែងយុគសម័យថ្មីនេះ ទើបធ្វើឲ្យប្រុសៗអ្នកមានទ្រព្យជាច្រើន តែងជ្រួលជ្រើមលង់ស្នេហ៍នាងទាំងមិនដឹងខ្លួន។

ប៉ុន្ដែគួរឲ្យស្ដាយ ម៉ៃយ៉ា បែរជាមើលរំលងប្រុសៗទាំងឡាយទៅវិញ ព្រោះបេះដូងដ៏ក្រហមឆ្អិនឆ្អៅរបស់នាង បេតីតែស្រីភេទដូចគ្នា ហើយអ្នកដែលនាងប្រគល់បេះដូង និងកាយាឲ្យថ្នាក់ថ្នម ដោយគ្មានការរារែកចិន្ដានោះ គឺអ្នកនាងពេជ្រ ដែលមាននាងហៅថាជាប្ដី។

ទោះជាយ៉ាងណា មិនមានដំណឹងថា ម៉ៃយ៉ា នឹងដឹកដៃគូស្នេហ៍ស្រីដូចគ្នានេះរៀបការនៅពេលណាឡើយ៕