Tuesday, September 23, 2025
Homeតារាខ្មែរគង់ ច័ន្ទរដ្ឋា សង្សារប៉ូលិសចរាចរណ៍ សន្យា៥ឆ្នាំទៀត រៀបការ

គង់ ច័ន្ទរដ្ឋា សង្សារប៉ូលិសចរាចរណ៍ សន្យា៥ឆ្នាំទៀត រៀបការ

តារាចម្រៀងគង់ ច័ន្ទរដ្ឋា ​បានភ្ជាប់ពាក្យជាយូរឆ្នាំមកហើយ ជាមួយមន្រ្ដីប៉ូលិសចរាចរណ៍រូបសង្ហា​ និងជាអ្នកចម្រៀងប្រចាំក្រុម Twin Boys គឺលោកសុភា ប៉ុន្តែរហូតមកដល់ពេលនេះ ដំណឹងរៀបការបែរជាស្ងាត់សូន្យឈឹងតែម្ដង ខណៈដែលគូស្នេហ៍នេះក៏មិនសូវបណ្ដើរគ្នាជាចំហដូចមុនទៀតដែរ ទើបធ្វើឲ្យគេសង្ស័យថា​ចំណងស្នេហាមានការប្រែប្រួល។

ទោះជាយ៉ាងណា ក្នុងជំនួបជាមួយគូដណ្ដឹងរបស់រដ្ឋា គឺលោកប៉ូលិសសុភា លោកបានឆ្លើយថា ទោះជាពេលនេះមិនទាន់អាចរៀបការបានមែន ប៉ុន្ដែយ៉ាងយូររយៈពេល៥ឆ្នាំទៀត លោកត្រូវតែដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណីខ្មែរហើយ។

គូស្នេហ៍គង់ ច័ន្ទរដ្ឋា លោកប៉ូលិសសុភា អះអាងថា ”ខ្ញុំបានភ្ជាប់ពាក្យជាមួយរដ្ឋា ៥ឆ្នាំមកហើយ ប៉ុន្តែពេលនេះមិនទាន់បានរៀបការ ដោយសារតែគិតថាមិនអីទេ គ្មានការប្រែប្រួលទេ ព្រោះអីយើងស្រលាញ់គ្នាស្មោះសឹងអី។ ប៉ុន្ដែខ្ញុំសន្យាថា​នៅឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំនឹងរៀបការជាមួយគាត់តាមប្រពៃណីខ្មែរត្រឹមត្រូវ មិនមែនភ្ជាប់ពាក្យហើយ ចោលមិនរៀបការទេ”។

លោកសុភា បន្ថែមថា “ខ្ញុំនិងគាត់ស្រលាញ់គ្នាគ្មានការប្រែប្រួលចិត្តទេ តែមូលហេតុដែលយើងមិនអាចរៀបការបានឆាប់ៗនេះ ដោយសារតែខ្ញុំជាមន្រ្ដីប៉ូលិសចរាចរណ៍ផង ជាតារាចម្រៀងផង ហើយគាត់ (រដ្ឋា) ក៏ជាតារាចម្រៀងដែរ អីចឹងម្នាក់ៗរវល់ដូចគ្នា ហើយឥឡូវគិតតែពីប្រឹងរកលុយ ប៉ុន្តែការ គង់តែការទេ ខ្ញុំនឹងរៀបការជាមួយគាត់”។

គង់ ច័ន្ទរដ្ឋា បានធ្វើឲ្យទស្សិនកជនពិបាកចំណាំថា មួយណាជាគូដណ្ដឹងរបស់នាង ព្រោះតែលោកប៉ូលិសទាំង២រូប គឺសុភា និងសុភ័ក្រ មានមុខមាត់ដូចគ្នាបេះបិទតែម្ដង រហូតមានអ្នកខ្លះថា ខ្លាចតែរដ្ឋា ច្រឡំគ្នាទៀតផង។

ប៉ុន្ដែក្នុងជំនួបកន្លងមក រដ្ឋា ថា នាងភ្ជាប់ស្នេហាជាមួយលោកសុភា ដោយសារមានការជំរុញលើកទឹកចិតុ្តពីលោកសុភ័ក្រ ​ដែលជាប្អូនថ្លៃរបស់នាងដែរ។ នាងថា​ពេញចិត្តដែលមានគូដណ្ដឹងជាមន្រ្ដីប៉ូលិសចរាចរណ៍ម្នាក់ ដែលស្រលាញ់នាងដោយស្មោះត្រង់ មានចាស់ទុំទាំងសងខាងដឹងឮ៕

RELATED ARTICLES