ខេត្តកណ្តាល ៖ បុរសម្នាក់ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏កើតមានជម្លោះជាមួយប្រពន្ធពីរឿងអត់លើកទូរស័ព្ទ លុះប្រពន្ធឆក់យកទូរស័ព្ទប្តីមកឆែកមើលក៏ឃើញសំឡេងប្តីឆាតជាមួយស្រី ទើបសួរនាំស្រាប់តែប្តីផ្ទុះកំហឹងកញ្ឆក់ទូរស័ព្ទបោកចោល រួចទាញកាំបិតដេញកាប់ប្រពន្ធរត់ផ្អើលភូមិ។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ។
ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីទាញកាំបិតដេញកាប់ មានឈ្មោះសយ សុខនាង អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ។

ចំណែកជនសង្ស័យជាប្តី មានឈ្មោះចាន់ វុទ្ធិ អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ។ សម្ភារខូចខាតមានទូរទស្សន៍១គ្រឿង ទូរស័ព្ទដៃម៉ាក iPhone ១គ្រឿង។ រីឯវត្ថុតាងចាប់យកមានកាំបិតប៉័ងតោ១។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាប្តីបានចេញទៅផឹកស្រាតាំងពីក្បាលព្រលប់រហូតដល់យប់ជ្រៅទៅហើយ នៅមិនទាន់ត្រឡប់មកផ្ទះវិញទៀត ទើបស្ត្រីជាប្រពន្ធបានចូលដេកមុនទៅ។

លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលស្ត្រីរងគ្រោះជាប្រពន្ធកំពុងតែសម្រាកនៅផ្ទះ បុរសជាប្តីបានត្រឡប់មកវិញស្ថិតក្នុងសភាពស្រវឹងជោក រួចក៏ស្រែកហៅប្រពន្ធឱ្យបើកទ្វារផ្ទះ ភ្លាមនោះស្ត្រីជាប្រពន្ធក៏បានចេញទៅបើកទ្វារផ្ទះឱ្យប្តីចូល។
បន្ទាប់មក បុរសជាប្តីបានទៅដួសបាយយកមកហូប ចំណែកស្ត្រីជាប្រពន្ធបានសួរនាំប្តីថា “ឯងទើបមកពីណា?” ជនសង្ស័យឆ្លើយថា “មកពីផឹកស្រានៅផ្ទះប្អូន” ប្រពន្ធក៏តបទៅវិញថា “បើពួកម៉ាកបងប្អូនសំខាន់ជាង វេចខោអាវទៅនៅហ្នុងទៅ” ប្តីក៏និយាយមកវិញថា “អញអត់ទៅណាទេ” ពេលនោះស្ត្រីជាប្រពន្ធក៏បាននិយាយទៀតថា “ទូរស័ព្ទ ពេលខ្ញុំតេទៅមិនដែលលើកទេ” ប្តីក៏ឆ្លើយថា “មិន ហ៊ានលើកទេខ្មាសគេណាស់ ព្រោះទូរស័ព្ទថោកពេក” ឮដូច្នេះស្ត្រីជាប្រពន្ធក៏យកទូរស័ព្ទដៃរបស់ខ្លួនដូរឱ្យប្តី រួចក៏យកទូរស័ព្ទប្តីមកកាន់ ហើយបើកចូល Messenger (ឆាត) មើល ស្រាប់តែឃើញមានសារសំឡេងរបស់ប្តីនិយាយឆ្លងឆ្លើយជាមួយស្រី។

ឃើញដូច្នេះ ស្ត្រីជាប្រពន្ធក៏សួរនាំប្តីថា “ម៉េចក៏ឯងលួចមានស្រី?” ធ្វើឱ្យប្តីខឹងក៏បោកទូរស័ព្ទប្រពន្ធដែលទើបនឹងដូរឱ្យនោះចោល បណ្តាលឱ្យបែកខ្ទេច ហើយក៏ទាស់ពាក្យសំដីគ្នាទៅវិញទៅមក។ ភ្លាមនោះ ស្រាប់តែបុរសជាប្តីក៏បានស្ទុះទាញកាំបិតប៉័ងតោដេញកាប់ប្រពន្ធ តែស្ត្រីជាប្រពន្ធរត់ចេញពីផ្ទះទាន់ ធ្វើឱ្យបុរសជាប្តីផ្ទុះកំហឹងក៏បានលើកយកទូរទស្សន៍មកគ្រវែងចោលនៅខាងមុខផ្ទះ បណ្តាលឱ្យបែកខ្ទេចអស់ទៀត។
ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ស្ត្រីរងគ្រោះជាប្រពន្ធក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីសួរនាំ។
នៅមុខសមត្ថកិច្ច បុរសជាប្តីបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាវាយបំផ្លាញទ្រព្យរបស់ក្នុងផ្ទះ និងដេញកាប់ប្រពន្ធប្រាកដមែន។

បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕