ថ្មីៗនេះ អ្នកមេម៉ាយឆ័យលី ដាឡែន បានបង្ហាញរូបភាពកៀកកើយជាមួយប្រុសសង្ហាវ័យក្មេងម្នាក់ ដែលពួកគេឱបរឹតគ្នាស្អិតល្មួតជាងស្ករតាំងម៉ែទៅទៀត ធ្វើឲ្យតារារួមអាជីពលាន់មាត់ថា ដាឡែន ពិតជាមិនធម្មតាមែន ព្រោះបែកប្ដីទើបបានប៉ុន្មានខែសោះ ឥឡូវស្រាប់តែរកបានសង្សារថ្មី ជាប្រុសក្មេងរូបសង្ហាមិនចាញ់ប្ដីចាស់ឡើយ។

ទោះជាយ៉ាងណា នៅពេលសួររឿងទាំងនេះ ដាឡែន បានច្រានចោល ដោយអះអាងថា បុរសនោះមិនមែនជាសង្សាររបស់នាងទៅវិញ។

អ្នកមេម៉ាយកូន១ ឆ័យលី ដាឡែន និយាយទាំងភ្ញាក់ផ្អើលថា ”យី! តេមក ស្មានតែទិញធូរេនតើ ដឹងអីសួររឿងស្នេហាសោះ! ប្រុសម្នាក់ហ្នុងមិនមែនជាសង្សារខ្ញុំទេចា៎! បើសង្សារគេចាំបាច់បង្ហាញអីចឹងអី គេលាក់សិនហើយចា៎។ បុរសម្នាក់ហ្នឹងស្និទ្ធស្នាលជាមួយខ្ញុំមែន តែមិនមែនជាសង្សាររបស់ខ្ញុំទេ។ គាត់ជាអ្នកនៅក្រៅសិល្បៈ ហើយស្គាល់គ្នាយូរហើយ។ បើថាខ្ញុំរកបានសង្សារថ្មី ដូចជាលឿនពេកទេដឹង?”។

ឆ័យលី ដាឡែន ថា ពេលនេះបេះដូងនាងនៅទំនេរចែស តាំងពីលែងប្ដីមក មិនទាន់មានគូស្នេហ៍ថ្មីទេ។ នាងថា ក្រៅពីអាជីពសិល្បៈពេលនេះនាងបានងាកមករកស៊ីលក់ធូរេន ដែលនាំមកពីចម្ការរបស់បងប្អូននាង នៅខេត្តកំពត មកលក់នៅភ្នំពេញ ទីតាំងជិតវត្តបទុមវត្តី និងតាមOnline។
ដាឡែន ថា បើសិនជានាងរកបានសង្សារថ្មីមែន ពេលនេះនាងនឹងលាក់មុខគូស្នេហ៍ថ្មីមិនឲ្យគេស្គាល់ ឬមិនចាំបាច់បញ្ចេញភាពស្និទ្ធស្នាលឲ្យគេឃើញនៅពេលនេះទេ។

គួររំលឹកថា ឆ័យលី ដាឡែន បានរៀបការជាមួយលោកឧត្តម ស៊ីដារ៉ា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ប៉ុន្តែបានចែកផ្លូវគ្នាវិញកាលពីឆ្នាំ២០១៩ ដោយទទួលបានចំណងដៃកូនប្រុសម្នាក់ អាយុជិត៥ឆ្នាំ បានទៅអតីតស្វាមីនាងជាអ្នកគ្រប់គ្រង។

ដាឡែន បានប្រារព្ធខួបកំណើតគម្រប់អាយុ៤០ឆ្នាំ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នោះ ប្រកាសថា នាងនឹងមិនទុកបេះដូងឲ្យនៅទំនេរយូរទៀតឡើយ៕