មាស សុខសោភា បានបង្ហាញរាងស្វែលដោយហាត់ប្រាណជាប្រចាំថ្ងៃ និងគ្មានក្បាលពោះឡើយ តាមរយៈការបញ្ចេញភាពតានតឹងក្នុងអារម្មណ៍ ដោយសារតែមួយរយៈនេះ តារាថោនបានជួបរឿងតុកស៊ិក២យ៉ាង គឺទី១. ប្ដីនាងមានជំងឺ តម្រូវឲ្យនាងនាំទៅព្យាបាលនៅពេទ្យក្រៅស្រុកជាបន្ទាន់ និងទី២. កូវីដ-១៩ ធ្វើឲ្យនាងបាត់បង់ប្រាក់ចំណូលពីសិល្បៈនៅរដូវក្ដៅកន្លងមក ហើយនាងធុញថប់មិនអាចចេញទៅណាបាន ដោយស្លៀកពាក់ស្អាតបាតដូចមុន។

តាមរយៈការបញ្ចេញក្បាលពោះសិចស៊ីនោះ គេឃើញមាស សុខសោភា ទទួលបានការសរសើរច្រើនថានាងពូកែថែរាងមិនឲ្យដុះក្បាលពោះទើបរាងកាន់តែស្អាត និងគួរឲ្យទាក់ទាញខ្លាំង។ ប៉ុន្ដែអ្នកខ្លះទៀតថា សោភា ឆ្នាំនេះអាយុ៣៨ឆ្នាំទៅហើយ ហេតុនេះបានជាមើលទៅរាងចាស់ជាងមុនបន្ដិច។

ទោះជាយ៉ាងណាការបង្ហាញកាយវិកាថ្នាក់ថ្នមស្វាមី កំពុងមានជំងឺ ហើយនាងនៅមើលថែស្វាមីដោយផ្ទាល់នាពេលកន្លងមក រហូតពេលនេះ លោករ៉ាដា បានធូរស្រាលជាងមុននោះ ធ្វើឲ្យសោភា ត្រូវបានគេគាំទ្រច្រើនថា ទោះជានាងរវល់យ៉ាងណា ក៏តែងតែនៅក្បែរខ្លួនប្ដីគ្រប់ពេលវេលាដែរ។

មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកគ្រូពេទ្យអ៊ឹត រ៉ាដា ដែលជាអាណិកជនខ្មែរ មកពីកាណាដា រយៈពេលជាង១៣ឆ្នាំមក ដែលពេលនេះពួកគេបានរួមរស់ក្រោមដំបូលផ្ទះតែមួយ បើទោះជាអ្នកទាំង២ មិនទាន់បានរៀបការតាមប្រពៃណីខ្មែរក្ដី។

សោភា ថា រហូតមកដល់ពេលនេះ នាងមិនទាន់អាចកំណត់រៀបការជាចំហរបានទេ ប៉ុន្តែពេលឃើញមិត្តភក្ដិរៀបការនាង មានតែអបអរសាទរ ព្រោះថាឃើញមានសុភមង្គលហើយ តែចំពោះនាងមិនទាន់អាចធ្វើដូចគេបានឡើយ។

សោភា ធ្លាប់និយាយថា បានរៀបការតាមបែបសាសនាគ្រឹស្តម្ដងរួចទៅហើយ កាលពីឆ្នាំ២០០៨ ដែលធ្វើនៅព្រះវិហារមួយនៅកាណាដា និងបានបំពាក់ចិញ្ជៀនឲ្យគ្នាទៅវិញទៅមក ហេតុនេះហើយការរៀបការតាមប្រពៃណីខ្មែរ នៅពេលណានោះ នាងមិនទាន់អាចនិយាយបានឡើយ៕

