Tuesday, September 23, 2025
Homeតារាខ្មែរលោកព្រាប សុវត្ថិ ខកចិត្តលើកទី២ ខានជួបដៃគូស័ក្តិសម

លោកព្រាប សុវត្ថិ ខកចិត្តលើកទី២ ខានជួបដៃគូស័ក្តិសម

ព្រាប សុវត្ថិ នឹងបំបែកទីផ្សារចម្រៀងថែមទៀត ប្រសិនបើលោកចាប់ដៃគូជាមួយមាស សុខសោភា ហើយតារាល្បីល្បាញទាំង២ ឈរនៅហង្សមាស ជាមួយគ្នានោះ។

ប៉ុន្តែដំណឹងចុងក្រោយ មិនត្រឹមតែធ្វើឱ្យថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ស្រឡាំងកាំងនោះទេ សូម្បីតែព្រាប សុវត្ថិ ក៏ត្រូវខកចិត្តម្តងទៀតដែរ ដោយមាស សុខសោភា នៅតែបន្តច្រៀងរាំនៅថោន ដោយមិនខ្វល់ពីស្ពាយបង្វេចចូលហង្សមាស ឡើយ…។

ទស្សនិកជនចង់ឃើញទីផ្សារចម្រៀងមានការប្រែប្រួល តាមរយៈតារាល្បីល្បាញ២ដួងដែលមានសមត្ថភាពខ្ពស់ដូចគ្នាច្រៀងជាដៃគូឆ្លងឆ្លើយគ្នានោះ គឺព្រាប សុវត្ថិ និងមាស សុខសោភា។

ដំណឹងនេះស្ទើរតែក្លាយទៅជាការពិតទៅហើយ ព្រោះមុននេះលេចឮថា ព្រាប សុវត្ថិ ជិតបានដៃគូថ្មីនេះហើយ​ ដោយសារតែមាស សុខសោភា ប្រកាសដើរចេញពីផលិតកម្មថោន នៅដើមឆ្នាំ២០២០នេះ ព្រោះថៅកែថោន លែងរវីរវល់ជាមួយនាងទៀតហើយ។

ការចាកចេញពីថោន របស់មាស សុខសោភា ត្រូវបានគេព្យាករទុកជាមុនទៅហើយថា នាងនឹងទៅទ្រនំហង្សមាស ដែលមានតែទីនោះទេ ស័ក្តិសមជាមួយនាង ហើយមហាជនថា នៅពេលដែលផលិតកម្មមួយនេះទទួលបានសោភា ហើយពួកគេនឹងជិះសេះលែងដៃជាមិនខាន ព្រោះអស់មានគូប្រជែងតទៅទៀតហើយ។

យ៉ាងណា អ្វីៗមានការប្រែប្រួលអស់ទៅវិញ ព្រោះបំណងដែលព្រាប សុវត្ថិ ត្រូវចាប់ដៃគូជាមួយមាស សុខសោភា ត្រូវបានអាក់ខានជាថ្មីម្តងទៀត ព្រោះតែចុងក្រោយ លោកថៅកែថោន មានការសម្របសម្រួលជាមួយសោភា ហើយទីបំផុត តារាចម្រៀងសំនៀងផ្អែមរូបនេះបានសម្រេចចិត្តបន្តច្រៀងរាំនៅថោន ដោយគ្មានកុងត្រាឡើយ។

ទាំងថៅកែហង្សមាស និងព្រាប សុវត្ថិ ហាក់នៅស្ងៀមស្ងាត់ ព្រោះថាកម្មវិធីត្រៀមជប់លៀងធំត្រូវបានរំសាយទៅវិញ ហើយទស្សនិកជនដែលចង់ស្តាប់បទចម្រៀងព្រាប សុវត្ថិ ឆ្លងឆ្លើយជាមួយមាស សុខសោភា ក៏បានត្រឹមតែខកចិត្តដែរ។

គួរបញ្ជាក់ថា ព្រាប សុវត្ថិ ធ្លាប់ចាប់ដៃជាមួយតារាស្រីល្បីៗ មានដូចជា ឱក សុគន្ធកញ្ញា , សុគន្ធ និសា និងពេជ្រ សោភា ជាដើម ដែលទទួលបានជោគជ័យខ្លាំង។

ប៉ុន្តែតាមអ្នកដឹកនាំសម្តែងនៅហង្សមាស បានបង្ហើបឱ្យដឹងថា តាមពិត ព្រាប សុវត្ថិ ចង់ច្រៀងជាមួយមាស សុខសោភា ជាងតារាផ្សេងទៀត ព្រោះលោកដឹងពីសមត្ថភាពរបស់សោភា។

ដោយឡែក មាស សុខសោភា ផ្ទាល់ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងធ្លាប់ច្រៀងជាមួយព្រាប សុវត្ថិ តាមបណ្តាកម្មវិធីមួយចំនួនមែនដែរ ប៉ុន្តែមិនដែលធ្លាប់ថតសំឡេងរួមគ្នាទេ បើទោះជាមិនបានចេញនៅផលិតកម្ម អាចធ្វើនៅខាងក្រៅផលិតកម្មក៏បានដែរ។ នាងថា ចំពោះរូបនាងក៏ចង់ច្រៀងជាមួយព្រាប សុវត្ថិ ដែរ នៅពេលដែលមានឱកាស។

យ៉ាងណា ការដែលព្រាប សុវត្ថិ ខកខានបង្ហើរសំនៀងឆ្លងឆ្លើយជាមួយមាស សុខសោភា នេះជាលើកទី២ហើយ ព្រោះកាលពីឆ្នាំមុន អំឡុងពេលដែលព្រាប សុវត្ថិ មានដំណឹងថា ចូលទៅផលិតកម្មថោន នោះ តារា ទាំង២ដួង ស្ទើរតែក្លាយទៅជាដៃគូគ្នាម្តងទៅហើយ ប៉ុន្តែទីបំផុត លេចឮថា ថៅកែហង្សមាស ទៅចរចាយកព្រាប សុវត្ថិ មកវិញ ទើបធ្វើឱ្យពេលនេះ ព្រាប សុវត្ថិ នៅតែរកដៃគូខ្លាំងបំផុតដែលស័ក្តិសមជាមួយលោក មិនទាន់ឃើញដដែល៕

ហុឹម វិចិត្រ

RELATED ARTICLES