តារាចម្រៀង មាស សុខសោភា ឆ្នាំនេះមានវ័យ៣៨ឆ្នាំទៅហើយ ប៉ុន្តែនាងមិនទាន់មានកូន១គ្រាប់ទេ ខណៈដែលមិត្តភក្តិរបស់នាង យក់ ថិតរដ្ឋា មានកូន៣ និងឱក សុគន្ធកញ្ញា មានកូន១ ជាដើម។
ការគ្មានកូនម្នាក់ក្រោយចាប់ដៃគូស្នេហ៍ឆ្លងទ្វីប១៣ឆ្នាំនេះ ធ្វើឱ្យចំណងស្នេហារបស់សោភា បាត់ ភាពកក់ក្តៅអស់មួយផ្នែក ហើយប្រឈមការអត់កូនបន្តពូជនៅថ្ងៃអនាគតទៀតផង ព្រោះថា ពេលនេះ សោភា កាន់តែមានវ័យច្រើនហើយ…។

ខួណៈដែលយក់ ថិតរដ្ឋា រៀបការ១៤ឆ្នាំ បានកូន២ នឹងត្រៀមសម្រាលកូនស្រី១ទៀត នៅខែសីហា ឆ្នាំ២០២០ ហើយឱក សុគន្ធកញ្ញា រៀបការជាង៦ខែ បានកូនប្រុស១ ពេលនេះវ័យជិត៥ខែនោះ បែរជាមាស សុខសោភា រួមរស់ជាមួយគូស្នេហ៍អាណិកជនខ្មែរ មកពីកាណាដា លោកអ៊ឹត រ៉ាដា ដល់ទៅជាង១៣ឆ្នាំទៅហើយ បែរជាគ្មានកូន១គ្រាប់ទៅវិញ។

មាស សុខសោភា មានអារម្មណ៍ច្របូកច្របល់ក្នុងចិត្ត ព្រោះនាងភ័យខ្លាចអត់មានកូនជារៀងរហូត ព្រោះថា ឆ្នាំនេះនាងមានអាយុ៣៨ឆ្នាំទៅហើយ។ នាងធ្លាប់ប្រាប់អ្នកយកព័ត៌មានថា ពិតជាពិបាកក្នុងការមានកូនមែន ព្រោះថាពេលនេះនាងមានអាយុច្រើនបន្តិច ហើយនាងឃើញមិត្តភក្តិមានកូន គឺមានតែអបអរសាទរ តែរូបនាងគ្មានកូនទេ។

ការប្រឈមគ្មានកូនបន្តពូជរបស់សោភា នៅពេលនេះ អាចជាវិបត្តិផ្លូវចិត្តមួយសម្រាប់រូបនាង និងគូស្នេហ៍ លោកអ៊ឹត រ៉ាដា ព្រោះថា បើនៅតែបែបនេះទៀត ចំណងស្នេហារបស់នាងនឹងអាចប្រឈមភាពសោះកក្រោះកាន់តែខ្លាំង ព្រោះគ្មានកូនង៉ាបីប្រលែងលេងដូចគេ ព្រោះមិនថាតែនាងទេ សូម្បីតែម្តាយរបស់នាងក៏ចង់បានចៅពលេងដែរ។

ទោះជាសាមីខ្លួនមាស សុខសោភា ផ្ទាល់ ធ្លាប់បង្ហាញអារម្មណ៍បែបស្រងូតស្រងាត់រឿងគ្មានកូននេះក៏ដោយ ប៉ុន្តែមិត្តភក្តិរបស់នាងបែរជាថា សោភា មិនមែនគ្មានលទ្ធភាពយកកូនអស់១ជីវិតនោះទេ តែការដែលមិនទាន់ពពោះនៅពេលនេះ ដោយសារតែសោភា ខ្លាចមានការរិះគន់រឿងនាងមិនទាន់បានរៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវ តែយកកូនមុន។
ប៉ុន្តែបើសោភា រៀបការហើយភ្លាមនោះ នាងនឹងអាចយកកូនពេលណាក៏បាន ដែរ ព្រោះថា វ័យក្បែរ ៤០ឆ្នាំនេះ មិនទាន់អស់សង្ឃឹមក្នុងការយកកូននោះទេ។

អ្នកដែលជិតស្និទ្ធសោភា រូបនោះ ក៏បានសារភាពថា ម្តាយរបស់សោភា និងស្វាមីរបស់នាង ពិតជាចង់បានកូនមែន ប៉ុន្តែនាងជាតារាចម្រៀងល្បីល្បាញអ៊ីចឹង បើមានកូនទាំងមិនទាន់រៀបការអ៊ីចឹង តើយ៉ាងម៉េចទៅវិញ?
មាស សុខសោភា បានរៀបការជាមួយលោកគ្រូពេទ្យ អ៊ឹត រ៉ាដា តាមបែបសាសនាគ្រិស្តម្តងរួចទៅហើយ កាលពីឆ្នាំ២០០៨ ដោយនាងគ្រាន់តែដឹកដៃស្វាមីចូលព្រះវិហារមួយ នៅកាណាដា ហើយបំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។

ក្រោយបែកធ្លាយរឿងស្នេហាស្រើបស្រាល កាលពីចុងឆ្នាំ២០០៨ មាស សុខសោភា បានសន្យាថា នាងនឹងរៀបការតាមប្រពៃណីខ្មែរ មិនឱ្យផុតពីឆ្នាំ២០០៩ឡើយ។ ប៉ុន្តែរយៈពេល១១ឆ្នាំកន្លងមកនេះ សោភា នៅតែមិនហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់នោះទេ ដោយពេលខ្លះ នាងថា អាច២ទៅ៣ឆ្នាំខាងមុខនេះទៀត និងជួនកាលនាងថា អត់ចង់រៀបការជាចំហឡើយ។
ការពន្យារពេលរៀបការរបស់មាស សុខសោភា នេះ រឹតតែធ្វើឱ្យនាងមិនអាចយកកូនប្រើបានឡើយ ហើយចំណងស្នេហាជាង១ទសវត្សមកនេះ នឹងពិបាករក្សលំនឹងជាមិនខាន ប្រសិនបើសោភា និងស្វាមី ហ៊ានតែមានគំនិតខ្វែងគ្នាតែបន្តិចរឿងយកកូននោះ។

ទោះជាយ៉ាងណា កន្លងមក លោកមាស សុខរតនៈ ដែលជាបងប្រុសរបស់ សោភា ធ្លាប់អះអាងថា ប្អូនស្រីនិងប្អូនថ្លៃរបស់លោកស្រលាញ់គ្នាដល់ឆ្អឹង ហេតុនេះហើយពួកគេគ្មានការបារម្ភខ្លាចចំណងស្នេហាមានការប្រែប្រួលនោះទេ៕
ហ៊ឹម វិចិត្រ