Tuesday, September 23, 2025
Homeតារាខ្មែរម៉ុក អានីត និងគូស្នេហ៍ ជាប់គាំងនៅកាណាដា មិនទាន់វិលចូលស្រុកបាន

ម៉ុក អានីត និងគូស្នេហ៍ ជាប់គាំងនៅកាណាដា មិនទាន់វិលចូលស្រុកបាន

អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ុក អានីត ម្ចាស់បទ ”សំដីប្រុសព្រាន”, ”បំផ្លាញចិត្តឯង”… និងគូស្នេហ៍ លោកខេវិន បានចេញទៅច្រៀងសម្ដែងនៅប្រទេសកាណាដា ជាច្រើនខែមកហើយ ដោយមានព័ត៌មានថា អ្នកទាំងពីរនិងអាចរស់នៅទីនោះជាអចិន្ត្រៃយ៍ទៀតផង ព្រោះពួកគេបានវីសា។

ប៉ុន្ដែតាមព័ត៌មានផ្សេងទៀតថា កញ្ញាអានីត និងបណ្ដូលចិត្ត ប្រុសរូបសង្ហានិយមលេងម៉ូដសក់ប្លែកៗ លោកខេវិន បានជាប់គាំងនៅកាណាដា ព្រោះតែជំងឺកូវីដ-១៩នេះ ជើងយន្ដហោះត្រូវបានបិទការហោះហើរ ទើបអ្នកទាំង២ ពន្យារពេលវិលចូលស្រុកវិញ។

សង្សារម៉ុក អានីត លោកខេវិន បានប្រាប់អ្នកយកព័ត៌មានយើងតាមឆាតហ្វេសប៊ុកថា តាំងពីផ្ទុះជំងឺកូវីដ-១៩នេះមក ក្រុមហ៊ុននិងបណ្ដាភោជនីយដ្ឋានទាំងអស់ត្រូវបានផ្អាកដំណើរការ ហេតុនេះហើយបានជាការត្រៀមចេញច្រៀងសម្ដែងរបស់លោក ក៏ដូចជាអានីត ត្រូវបានលុបចោល ទើបធ្វើឲ្យបាត់បង់ដល់ប្រាក់ចំណូលខ្លះៗ ដោយជៀសមិនរួចឡើយ។

យ៉ាងណា លោកខេវិន បន្ថែមថា ទាំងលោក និងប្រជាជនកាណាដា​ត្រូវបានរដ្ឋាភិបាលកាណាដា ឧបត្ថម្ភនូវទឹកប្រាក់ចំនួន២០០០ដុល្លារ ក្នុង១ខែ រយៈពេល៤ខែ អំឡុងពេលមានកូវីដ-១៩នេះ។ លោកថា ចំពោះការវិលត្រឡប់មកកម្ពុជាវិញ ពេលណានោះ មិនទាន់កំណត់ច្បាស់លាស់បានទេ ព្រោះថា ពេលនេះជើងយន្ដហោះមិនទាន់បើកវិញឡើយ ប៉ុន្ដែលោកមានការនឹករលឹកស្រុកកំណើត និងមិត្តភក្ដិធ្លាប់រួមអាជីពខ្លាំងណាស់។

ម៉ុក អានីត បានភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងនិយមច្រៀងបទជាភាសាអង់គ្លេសនិងថៃ លោកខេវិន ដោយអ្នកទាំងពីរតែងតែបង្ហាញរូបភាពផ្អែមល្ហែមស្នេហ៍ ដោយស្រលាញ់គ្នាយ៉ាងខ្លាំង ជាច្រើនឆ្នាំមកហើយ តែមិនទាន់មានដំណឹងរៀបការទេ។

សង្សារម៉ុក អានីត ប្រុសសង្ហារខេវិន ជាមនុស្សម្នាក់ដែលមិនចេះរញ៉េរញ៉ៃជាមួយស្រីផ្សេងទេ ព្រោះលោកស្រលាញ់តែសង្សារលោកម្នាក់។

ជាក់ស្ដែង ដូចជាអំឡុងពេលដែលលោកធ្វើជាអ្នកគ្រប់គ្រងតារាចម្រៀង និងនារីៗជាង៣០០នាក់ នៅហាងពិភពរាត្រី លោកខេវិន មិនចេះលូកលាន់នាងៗទាំងនោះឡើយ ទើបធ្វើឲ្យកូនចៅលោក គោរពនិងសរសើរអត្តចរិតរបស់អ្នកចម្រៀងរូបនេះ បើទោះជាពេលនេះលោកកំពុងរស់នៅកាណាដា ជាមួយសង្សារក៏ដោយ៕

RELATED ARTICLES