មាស សុខសោភា បានបង្ហាញអារម្មណ៍រីករាយសារជាថ្មីដូចដើមវិញ ហើយបន្ទាប់ពីស្វាមីរបស់នាងលោកអ៊ឹត រ៉ាដា មានអាការៈធូរស្រាលពីជំងឺបន្ដិចម្ដងៗ ធ្វើឲ្យសោភា បាត់ទុក្ខកង្វល់មួយផ្នែកធំ។

ការដែលលោករ៉ាដា ឆាប់ៗជាពីជំងឺបែបនេះ ដោយសារតែសោភា បានថ្នាក់ថ្នមប្ដីនាងដោយផ្ទាល់ហើយនាងថែមទាំងបានបួងសួងសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោក ជួយឲ្យប្ដីនាងមានសុខភាពល្អឡើងវិញទៀតផង ហើយឥឡូវបានដូចចិត្តមែន។ ប៉ុន្ដែយ៉ាងណា រហូតមកដល់ពេលនេះ សោភា មិនទាន់បញ្ជាក់ច្បាស់ទេថា ស្វាមីរបស់នាងមានជំងឺអ្វីឡើយ គ្រាន់តែនាងមានការយកចិត្តទុកដាក់ប្ដីខ្លាំងណាស់ ដូចជានាំទៅចាយ័នការពារជំងឺកូវីដ-១៩ ដល់ប្រទេសថៃ ជាដើម។

មាស សុខសោភា បានរក្សាចំណងស្នេហ៍ឆ្លងទ្វីព ជាមួយលោកគ្រូពេទ្យអ៊ឹត រ៉ាដា ដែលជាអាណិកជនខ្មែរ មកពីកាណាដា រយៈពេល១៣ឆ្នាំហើយ ដោយរហូតមកដល់ពេលនេះមិនទាន់ទទួលបានចំណងដៃកូន១គ្រាប់ទេ។ ចំពោះមូលហេតុនៃការចាប់ដៃគ្នា១៣ឆ្នាំ តែគ្មានកូនមួយនេះអាចបណ្ដាលមកពីសោភា មិនចង់យកកូនមុនរៀបការព្រោះខ្លាចគេរិះគន់។

ប៉ុន្តែយ៉ាងណា សោភា ធ្លាប់ដឹកដៃលោករ៉ាដា រៀបការតាមបែបសាសនាគ្រឹស្តម្ដងរួចទៅហើយ កាលពីឆ្នាំ២០០៨ ដោយធ្វើនៅព្រះវិហារមួយ នៅកាណាដា ហើយបំពាក់ចិញ្ជៀនឲ្យគ្នាទៅវិញទៅមក។ ប៉ុន្ដែររឿងរៀបការតាមប្រពៃណីខ្មែរ ជាចំហនៅពេលណានោះ នាងថា មិនអាចកំណត់ឲ្យបានច្បាស់បានទេ និងមានពេលខ្លះ នាងនិយាយដោយមិនប្រាកដថាអាចនឹងធ្វើនៅចន្លោះ២ទៅ៣ឆ្នាំខាងមុខទៀតក៏ថាបាន។

ក្រៅពីមិនហ៊ានកំណត់ថ្ងៃរៀបការមាស សុខសោភា ក៏នៅតែមិនទាន់ឈានជើងចូលផលិតកម្មរស្មីហង្សមាស ទេ ទោះជាមានព័ត៌មានថា នាងបានត្រៀមស្ពាយបង្វេចចូលផលិតកម្មមួយនេះជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែពេលនេះនាងនៅតែបន្ដច្រៀងឲ្យផលិតកម្មថោន ដោយគ្មានកុងត្រាឡើយ៕

