Wednesday, September 24, 2025
Homeតារាខ្មែរសួស វីសា បារម្ភរឿងមួយនេះខ្លាំងណាស់ មុនពេលសម្រាលកូន

សួស វីសា បារម្ភរឿងមួយនេះខ្លាំងណាស់ មុនពេលសម្រាលកូន

តារាចម្រៀងសួស វីសា បានឲ្យដឹងថា រយៈពេលដែលនាងបាត់មុខពីឆាកតន្រ្ដី ដើម្បីត្រៀមសម្រាលកូន និងវិលរកឆាកតន្រ្ដីវិញ ត្រូវការប្រើពេលអាចពី១០ទៅ១២ខែ (១ឆ្នាំ) ឯណោះ ហេតុនេះហើយការភ័យព្រួយពីទីផ្សារចម្រៀងធ្លាក់ចុះ គឺពិតជាមានមែន ដោយសារតែនាងត្រូវអាក់ខានចេញបទថ្មីៗ និងច្រៀងតាមឆាកតន្ត្រីទាំងឡាយ។

ទោះយ៉ាងណា វីហ្សា ថា ភាពភ័យខ្លាចទាំងឡាយនឹងមិនអាចឃាត់ផ្លូវនាងបានទេ ព្រោះថាការយកកូនក្នុងរង្វង់គ្រួសារ គឺជារឿងចាំបាច់ដែលគ្រប់គ្នាមិនអាចខ្វះបានឡើយ។ នាងថា ដោយសារតែកូវីដ-១៩ នៅតែមិនទាន់ស្ងាត់ ហេតុនេះហើយនាងបានជ្រើសរើសការសម្រាលកូននៅមន្ទីពេទ្យក្នុងស្រុកវិញ បើទោះជានាងបាននិយាយគ្នាជាមួយមន្ទីរពេទ្យមួយ​នៅប្រទេសថៃ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មបានខ្លះៗហើយក្ដី ប៉ុន្តែពេលនេះមិនអាចទៅបានទេ អីចឹងហើយនាងបានជ្រើសយកមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ នៅជិតផ្សារទឹកថ្លា ជាកន្លែងដែលនាងត្រូវសម្រាលកូនដំបូងនេះ។

ទោះជាសួស វីសា កាន់តែកៀកថ្ងៃសម្រាលកូន ព្រោះផ្ទៃពោះនាងជិត៦ខែទៅហើយក្ដី ប៉ុន្ដែនាងនៅតែមិនប្រាប់ថា កូនទី១របស់នាង ជាកូនប្រុសឬស្រីឡើយ។ ប៉ុន្ដែនៅថ្ងៃរៀបការ នាងថា ចង់បានកូនស្រីជាកូនដំបូង ខណៈដែលស្វាមីរបស់នាង លោកប៊ុនថុល ប៊ុនថង វិញ បានអះអាងនៅថ្ងៃរៀបការថា ចង់បានកូនដល់ទៅ៥នាក់ឯណោះក្នុងរង្វង់គ្រួសារ។

សួស វីសា បានរៀបការជាមួយតារាសម្ដែងថមមី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពួកគេបានស្វែងយល់ចិត្តគ្នាជាង៥ឆ្នាំមក។ ក្រោយចាប់ដៃគ្នាជាគូស្នេហ៍មក វីសា បានប្រែប្រួលជីវភាពស្ទើរតែមិនគួរឲ្យជឿឡើយ ដូចជា នាងទិញបានផ្ទះវីឡាតម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីជីព ម៉ុង ផ្លូវជា សុផារ៉ា និងទិញរថយន្ដទំនើបជាច្រើនគ្រឿង ជិះឆ្លាស់គ្នា ដូចជា Lexus Lx570 Kuro2020,Lexus NX 200t និង Mazda ជាដើម។

មនុស្សជាច្រើនឆ្ងល់ថា ហេតុអីវីសា-ថមមី មានទ្រព្យកើនឡើងយ៉ាងឆាប់រហ័សបែបនេះ ប៉ុន្តែវីសា ធ្លាប់ថ្លែងសារថា ជីវិតយើងថ្ងៃនេះ និងថ្ងៃស្អែក គឺមិនដូចគ្នានោះទេ ហើយនាងចង់ធ្វើអ្វីដើម្បីឲ្យមនុស្សទាំងឡាយ ដែលធ្លាប់មើលងាយនាងពីមុនមកនោះ បានឃើញនូវអ្វីដែលនាងមានសព្វថ្ងៃនេះ។

សួស វីសា អតីតតារាចម្រៀងផលិតកម្ម Rock​បានឈរជើងនៅហង្សមាស ក្នុងចំណោមតារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មនេះ ហើយមុនពពោះកូនដំបូង នាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ចង់បានតំណែងលេខ២ នៅហង្សមាស ដែលឈរបន្ទាប់ពីឱក សុគន្ធកញ្ញា។

ប៉ុន្ដែយ៉ាងណា តំណែងមួយនេះប្រហែលជាពិបាកបន្ដិចសម្រាប់វីសា ព្រោះថា ការរៀបការមានប្ដី និងកូន១ ធ្វើឲ្យនាងអាចមានទីផ្សារចម្រៀងប្រែប្រួលខុសពីមុន​ដែលអាចប្រឈមចុះខ្សោយដូចតារាមួយចំនួនទៀត ដែលមានកូនប្ដីដែរ ហើយរឿងនេះ វីសា ក៏ធ្លាប់ទទួលស្គាល់ផងដែរថា គេមិនផុតពីការប៉ះពាល់នោះទេ។

ប៉ុន្តែវីហ្សា បញ្ជាក់ថា ក្រោយរៀបការរួច មិនពឹងលើអាជីពសិល្បៈទាំងស្រុងដូចមុនទៀតទេ ព្រោះនាងផ្ដោតលើការរកស៊ីធំ៣យ៉ាង គឺទី១. ផ្នែកអចលនអទ្រព្យ ទី២. Cosmetic និងទី៣. បើកហាងលក់សម្លៀកបំពាក់ ៕

ហ៊ឹម វិចិត្រ

RELATED ARTICLES