ខុសពីអ្នកជំនួញខ្លះ ឬតារាមួយចំនួន ដែលផ្អឹបគម្រោងរកស៊ីធំរបស់ពួកគេនៅរដូវកូវីដ-១៩នេះ ដោយត្រូវពន្យារពេល ដោយគ្មានកំណត់ថ្ងៃសម្ពោធអាជីវកម្មរបស់ខ្លួនឡើយ ព្រោះខ្លាចគ្មានអតិថិជនគាំទ្រនាំឲ្យប្រឈមក្ស័យធន។

ប៉ុន្ដែកំពូលតារាមច្រៀងព្រាប សុវត្ថិ វិញ បានសម្ពោធភោជនីយដ្ឋានរបស់លោកឈ្មោះ “ផ្ទះ ព្រាប សុវត្ថិ” នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទាំងដែលជំងឺកូវីដ-១៩ នៅមិនទាន់ស្ងាត់។

ការដាក់ទុនធំរបស់ព្រាប សុវត្ថិ លើមុខរបរថ្មីនេះចំណាយលុយអស់ជាច្រើនសែនដុល្លារ ព្រោះតែមានការតុបតែងយ៉ាងប្រណីត និងរៀបចំចំជារចនាបថខ្មែរ លម្អដោយដើមឈើយ៉ាងស្រស់ស្អាតពេញបរិវេណតែម្ដង។

ទោះជាយ៉ាងណា សំណួររបស់មហាជនបានលើកឡើងថា តើហាងថ្មីរបស់ព្រាប សុវត្ថិ នេះកាក់កបដែរឬទេ បើបើកចំរដូវកូវីដ-១៩អីចឹង?

ប៉ុន្ដែតាមព័ត៌មានថា ព្រាប សុវត្ថិ មិនបារម្ភថាខាត ឬគិតលើប្រាក់ចំណេញប៉ុនណាជាធំនោះទេ សំខាន់ទីហាងនោះ លោកសង់លើផ្ទៃដីរបស់លោកផ្ទាល់ ដោយមិនជួលគេនោះទេ និងម្យ៉ាងទៀត ម្ដាយក្មេក, ភរិយា និងបងថ្លៃរបស់លោក សុទ្ធតែពូកែធ្វើចុងភៅ ហេតុនេះហើយមិនមានការចំណាយច្រើនទៅលើបុគ្គលិកនោះទេ ខណៈដែលមុខរបរថ្មីរបស់លោកនេះក៏ផ្ដោតសំខាន់ទៅលើការបញ្ជាទិញតាម Online ផងដែរ ទើបមិនចាំបាច់ត្រូវពន្យារពេលបើកដំណើរការដូចគេនោះ។

ថ្វីត្បិតតែពេលនេះ ព្រាប សុវត្ថិ បានដំណើរការភោជនីយដ្ឋានតាមគម្រោងមែន ប៉ុន្ដែមុខរបរថ្មីមួយទៀតរបស់លោកដែលគ្រោងបើករមណីយដ្ឋាននៅភូមិទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី នោះ នៅមិនទាន់ដាក់ឲ្យដំណើរការឡើយ។

តាមព័ត៌មានថា ព្រាប សុវត្ថិ នឹងអាចសម្ពោធរមណីយដ្ឋានមួយនេះ ក្រោយចប់ជំងឺកូវីដ-១៩ ហើយការចំណាយប្រាក់ក្នុងការវិនិយោគវិញ មានទំហំធំជាងភោជនីយដ្ឋានរបស់លោកច្រើនដងណាស់។

ក្រៅពីជោគជ័យក្នុងអាជីពចម្រៀងជាង២ទសវត្ស ព្រាប សុវត្ថិ ក៏ជោគជ័យរឿងស្នេហា និងកំពុងប្រឹងពង្រឹងមុខជំនួញជាបន្ដបន្ទាប់ផងដែរ៕