ពិធីការិនី CTN កញ្ញាពេជ្រ សូលីដា ហៅជីជី ហាក់មិនចាប់អារម្មណ៍ចំពោះមិត្តភក្ដិរួមអាជីព ដែលនាំគ្នាខ្សឹបខ្សៀវថា នាងស្អាតប៉ុណ្ណឹងដែរ មិនគួរណារកសង្សារជាកូនអ្នកមាន ឬកូនអ្នកធំដូចគេមិនបាននោះឡើយ។

ជីជី នៅតែធ្វើមិនដឹងមិនឮ ហើយកាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយសង្សារថ្មី ដែលត្រូវគេដឹងថា បុរសនោះមានត្រឹមតែម៉ូតូជិះដឹកនាងដើរលេង។មិនត្រឹមតែមិនស្ដាប់ការពេបជ្រាយពីមិត្តភក្ដិនោះទេ ប៉ុន្ដែជីជី កាន់តែបង្ហាញរូបភាពស្អិតល្មួតជាមួយសង្សារថ្មី ដែលមើលទៅពួកគេចិត្ត១ថ្លើម១ទៅហើយពេលនេះ។

ជីជី ទូរស័ព្ទចូល តែនាងមិនលើកឡើយ ទើបមិនអាចសុំការបំភ្លឺបានទេពីរឿងដែលត្រូវពួកម៉ាកចេះតែនាំគ្នាបង្អាប់ថា នាងនិងសង្សារមិនសូវសមគ្នានេះ។

ទោះជាយ៉ាងណា កន្លងមកថៅកែស្រីរូបស្អាតលក់លៀសហាលរូបនេះ ធ្លាប់ប្រាប់ថានាងអាចនឹងរៀបការនៅ២ឬ៣ឆ្នាំខាងមុខនេះហើយ។

ជីជី បានប្រេះស្នេហ៍ជាមួយកូនអ្នកមានទ្រព្យស្ដុកម្នាក់ ឈ្មោះលោក”ជា” ដែលជាម្ចាស់រថយន្ដ Range Rover ពណ៌ស ហើយអ្នកទាំងពីរធ្លាប់តែជិះជាមួយគ្នា។ ប៉ុន្ដែដោយសារបុរសនោះពូកែប្រចណ្ឌ និងហួងហែងខ្លាំងពេក ទើបជីជី បាយបាយដោយគ្មានអាល័យសង្សារកូនអ្នកមាននោះ ហើយពេលនេះនាងលេងមួយក្បាច់ តាមរយៈការផាត់ចោលសំណើស្នេហ៍ប្រុសអ្នកមាន និងមន្រ្ដីធំៗ តាមរយៈការភ្ជាប់ស្នេហ៍ជាមួយប្រុសរូបសង្ហាដែលជិះត្រឹមម៉ូតូប៉ុណ្ណោះ។

ប្រភពបានឲ្យដឹងថា ជីជី មិនចង់ដំបៅបេះដូងជាលើកទី២ ជាមួយប្រុសអ្នកមាន ទើបពេលនេះនាងត្រូវការតែប្រុសណាដែលស្នេហានាងដោយស្មោះ ជាជាងសាងស្នេហ៍ជាមួយកូនអ្នកធំ ឬអ្នកមានដែលស្រលាញ់បានតែដំបូង តែចុងក្រោយធ្វើឲ្យនាងហូរទឹកភ្នែកតែម្នាក់ឯង៕