ដើម្បីបិទមាត់មនុស្សទាំងឡាយកុំឲ្យនិយាយថា នាងនិងតារាកំប្លែងនាយពាក់មី មានទំនាក់ទំនងស្នេហាពិសេសជាមួយគ្នាតទៅទៀត ស្រីស្អាតហេង ចន្ថា បានសារភាពថា នាងពិតជាបានភ្ជាប់ពាក្យជាមួយកំពូលស្នេហ៍ហើយមែន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។

ទោះជាយ៉ាងណា កញ្ញាចន្ថា មិនបញ្ជាក់ថា គូដណ្ដឹងនាងជាអ្នកណាឡើយ ដោយអះអាងថា សុំមិនអត្ថាធិប្បាយច្រើនពីអនាគតស្វាមីឡើយ។
ហេង ចន្ថា បានប្រាប់តាមទូរស័ព្ទយ៉ាងខ្លីថា ”អូ! ខ្ញុំបានភ្ជាប់ពាក្យនៅថ្ងៃហ្នុង (១៧ឧសភា)មែន។ តែខ្ញុំសូមមិននិយាយថា គាត់ជាអ្នកណាទេ”។

ការប្រកាសមានគូដណ្ដឹងរបស់នាង ហេង ចន្ថា នៅពេលនេះ ប្រាកដជាធ្វើឲ្យប្រុសៗទាំងឡាយខកចិត្តមិនស្ទើរទេ ព្រោះថាស្រីស្រស់រូបនេះមានមន្ដស្នេហ៍មិនធម្មតាឡើយ គឺទៅដល់ទៅណាតែងតែមានប្រុសៗចាប់អារម្មណ៍ចង់បានបេះដូងនាងធ្វើជាម្ចាស់។

ប៉ុន្ដែដឹងអី! ស្រាប់តែពេលនេះ កញ្ញាចន្ថា វាចាថា បេះដូងនាងមិននៅទំនេរទេ គឺមានម្ចាស់ចិត្តហើយ។ ដំណឹងនេះដែរប្រាកដជាធ្វើឲ្យតារាកំប្លែង លោកចែម ចាន់តារា ហៅនាយពែកមី ពិបាកទប់អារម្មណ៍ជាមិនខាន ព្រោះតែកន្លងមក អ្នកកំប្លែងរូបនេះតែងតែថ្នមចិត្តស្រីស្អាតរូបនេះ តាមរយៈការផ្ដល់តំណែងជាតួឯកឲ្យជាបន្ដបន្ទាប់ រហូតដល់ធ្លាយដំណឹងថា ពួកគេបានបង្កាត់ភ្លើងស្នេហាជាមួយគ្នាទៀតផង។

យ៉ាងណា ហេង ចន្ថា ធ្លាប់ប្រាប់អ្នកកាសែតថា អ្នកខ្លះចេះតែគិតថា នាងនិងនាយពែកមី ស្រលាញ់គ្នា តែការពិតគ្រាន់តែស្រលាញ់គ្នាដូចបងប្អូនសោះ។ នាងថា ពេលថតរឿងចប់ នាងបានទៅញាំអីជាមួយនាយពែកមី ស្រាប់តែមានដំណឹងថានាងនិងអ្នកកំប្លែងរូបនេះមានស្នេហាជាមួយគ្នាទៅវិញ។

ទោះជាយ៉ាងណាការសម្រេចចិត្តភ្ជាប់ពាក្យរបស់ស្រីស្រស់ហេង ចន្ថា នៅពេលនេះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្ដែនាងចង់ជម្រះបញ្ជីស្នេហ៍ជាមួយនាយពែកមី ដើម្បីកុំឲ្យគេសង្ស័យថា នាងនិងអ្នកកំប្លែងរូបនេះទាក់ទងគ្នាទៀត ទើបនាងត្រូវតែគ្រងឈុតកូនក្រមុំ ទទួលការបំពាក់ចិញ្ចៀនពីបុរសពិសេសក្នុងបេះដូងរបស់នាង ដែលមិនមែនជានាយពែកមី ឡើយ។

មហាជនរង់ចាំមើលថា តើក្រោយពេល កញ្ញាចន្ថា ប្រកាសមានគូដណ្ដឹងបែបនេះហើយ នាយពែកមី ដែលជាអ្នកដឹកនាំសម្ដែងនៅ LD នៅតែបន្ដលើកស្រីស្អាតឲ្យធ្វើជាតួឯកតទៅទៀត ឬក៏ប្ដូរដាក់តារាថ្មីៗវិញម្ដង?

ហេង ចន្ថា អតីត Miss Grand Cambodia កាលពីឆ្នាំ២០១៦ ដែលមានការលេចធ្លោគួរសម តាមរយៈរូបសម្រស់គួរឲ្យទាក់ទាញ ទើបនាងក្រសោបបានតួឯកទាំងក្នុងភាពយន្ដ និង MV ជាបន្ដបន្ទាប់។

មិនត្រឹមតែមិនចង់បង្ហាញអត្តសញ្ញាណគូស្នេហ៍នោះទេ តែនៅថ្ងៃភ្ជាប់ពាក្យនោះ សូម្បីតែរូបថតមុខមាត់អនាគតស្វាមី ក៏នាងមិនហ៊ានបញ្ចេញឲ្យគេឃើញឡើយ គឺឃើញតែខ្នងគូដណឹ្ដងប៉ុណ្ណោះ ទើបធ្វើឲ្យមានអ្នកខ្លះសង្ស័យថានាងភ្ជាប់ពាក្យតែក្នុងពេលថតកុនទៀតផង ប៉ុន្ដែពេលនេះ ចន្ថា បានបញ្ជាក់ហើយថា នាងពិតជាមានគូដណ្ដឹងមែនទែនហើយ៕
ហ៊ឹម វិចិត្រ