បន្ទាប់ពីមានព័ត៌មានលេចឮល្ហិចល្ហៀងជាយូរខែមកហើយថា មាស សុខសោភា ចេញពីថោន ប៉ុន្ដែនាងនៅតែចេញបទចម្រៀងនៅផលិតកម្មនេះដដែលនោះ ពេលនេះសាមីខ្លួន សោភា បានចេញមកអះអាងថា នាងពិតជាបានសម្រេចចិត្តដើរចេញពីថោន មែនទែនហើយ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ។
តារាចម្រៀងដ៏ល្បីល្បាញ និងជាស្នូលរបស់ផលិតកម្មថោន មាស សុខសោភា បានចាត់ទុកថា ការស្ពាយបង្វេចចេញពីថោន របស់នាង ជាការសម្រេចចិត្តដ៏តឹងតែងមួយដែលនាងពិបាកក្នុងការធ្វើ។

មាស សុខសោភា ថ្លែងថា ”ថ្ងៃនេះ គឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town ។ អរគុណដល់បងប្រុស បងស្រីដែលមើលថែប្អូនរយៈពេល៩ឆ្នាំនេះ អនុស្សាវរីយ៍ និងអំពើល្អរបស់អ្នកទាំងពីរ នៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច”។
សោភា បន្ថែមថា “ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់ផលិតកម្មទាំងអស់ ដែលបានផ្ដល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មី សម្រាប់ការសហការផលិតចម្រៀងពីបណ្ដាផលិតកម្មទាំងអស់ដូចគ្នា។អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដ៍រាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំនោះ នាងខ្ញុំក៏នៅតែបន្ដខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច”។

មហាជនជាច្រើនបានចាប់អារម្មណ៍ជាខ្លាំងចំពោះដំណឹងនៃការចាកចេញពីផលិតកម្មថោន របស់មាស សុខសោភា នៅពេលនេះ ខណៈដែលមានការលើកឡើងថា សោភា នឹងធ្វើឲ្យព័ត៌មានដែលថា នាងចូលហង្សមាស នោះ ក្លាយទៅជាការពិត ក្នុងពេលដ៏ឆាប់ៗនេះជាមិនខានឡើយ។
លោកមាស សុខរតនៈ ជាបងប្រុសមាស សុខសោភា និងជាអតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន បានឲ្យដឹងថា លោកមិនទាន់ដឹងច្បាស់ពីមូលហេតុដែលប្អូនស្រីរបស់លោក សោភា ចេញពីថោន នោះទេ ព្រោះថា រូបលោកផ្ទាល់បានចេញពីផលិតកម្មនេះរយៈពេល៦ខែមកហើយ។

ដោយឡែក ទាក់ទងរឿងមាស សុខសោភា នឹងទៅចូលផលិតកម្មហង្សមាស ឬយ៉ាងណានោះ លោករតនៈ ថា លោកក៏អត់ទាន់អាចនិយាយរឿងនេះទេ ជំនួសប្អូនស្រីបានដែរ ព្រោះនៅមិនទាន់សួរសោភា ពីរឿងនេះទេ។ លោកថា នឹងដឹងច្បាស់ឆាប់ៗនេះហើយ ព្រោះពេលនេះលោកកំពុងតែទាក់ទងសួរសោភា ពីរឿងនេះដែរ។

មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងច្រៀងនៅផលិតកម្មថោន ដោយគ្មានកុងត្រា ឡើយហើយអំឡុងពេលដែលមានព័ត៌មានថា នាងដើរចេញពីថោន នោះ។ ក្រុមការងារថោន នឹងបើកប្រជុំនិយាយគ្នាពីរឿងនេះសិន ទើបនាងសម្រេចចិត្តតាមក្រោយ។ នាងថា ក្រុមការងារថោន មួយចំនួន បានបែកបាក់គ្នា ហេតុនេះហើយមិនដូចមុនទេ។

មាស សុខសោភា ក៏ធ្លាប់និយាយប្រាប់អ្នកកាសែតមួយថា នាងត្រូវតែដើរចេញពីថោន ព្រោះពេលនេះផលិតកម្មនេះលែងរវីរវល់នាងទៀតហើយ។ ប៉ុន្ដែនៅថ្ងៃដែលនាងចាកចេញពីថោន នេះ សោភា បានសម្ដែងការអរគុណដល់ថៅកែប្រុសស្រីរបស់ថោន ផងដែរ អំឡុងពេលដែលនាងផ្ញើខ្លួននៅផលិតកម្មនេះរយៈពេល៩ឆ្នាំកន្លងមក។

ចំពោះដំណឹងថា នាងនឹងទៅចូលហង្សមាស នោះ សោភា ធ្លាប់បញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា បើថៅកែហង្សមាស ឲ្យនាងច្រៀងដោយគ្មានកុងត្រា នោះការចរចាពិតជាដំណើរការទៅមុខ។

ប៉ុន្ដែបើឲ្យនាងកុងត្រា គឺនាងនឹងមិនចូលហង្សមាស ទេ ដោយធ្វើបទចម្រៀងដោយខ្លួនឯងនៅផលិតកម្ម Camtrax វិញ ព្រោះនាងចូលចិត្តសេរីភាព ហើយសម័យនេះហើយ ទោះជាគ្មានផលិតកម្មច្រៀង ក៏អាចធ្វើខ្លួនឯងបានល្បីដែរ។
មាស សុខសោភា ជាអតីតតារាចម្រៀងរស្មីស្ទឹងសង្កែ , U2 ឬ CB , M , សាន់ដេ និងទ្រនំចុងក្រោយ ថោន។

ទស្សនិកជនរង់ចាំមើលថា ទ្រនំទី៦របស់មាស សុខសោភា ជាផលិតកម្មហង្សមាស ឬយ៉ាងណា ខណៈដែលស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា កំពុងគ្រប់គ្រងផលិតកម្ម Camtrax របស់សោភា។
ដោយឡែក អ្នកជំនាញសិល្បៈបានលើកឡើងថា បើសិនជាហង្សមាស ទទួលបានមាស សុខសោភា នោះ ផលិតកម្មមួយនេះនឹងជិះសេះលែងដៃតែម្ដង៕