ចំណងស្នេហាលោកសុខ មេសា ហៅនាយចឺម និងស្រីស្អាតគៀត បេលឡា ហៅ ហ្វាហ្វា ត្រូវបានចាស់ទុំទាំងសងខាងបានដឹងឮអស់ទៅហើយ ខណៈដែលកាលពីថ្ងៃ៩ ខែមករា ក្នុងកម្មវិធីឡើងផ្ទះវីឡានាយចឺម នៅស្រុងគងពិសី ខេត្តកំពង់ស្ពឺនោះ សង្សារថ្មីរបស់តារាចម្រៀងសាន់ដេ រូបនេះបានបង្ហាញសកម្មភាពដូចជាក្រុមគ្រួសារតែមួយ ជាមួយនាយចឺម។

ដោយឡែក កាលពីថ្ងៃទី៦ ខែមិថុនា កញ្ញាហ្វា ហ្វា បានប្រារពខួបកំណើតគម្រប់អាយុ២៤ឆ្នាំ ហើយលេចឮថា នាយចឺម បានយកចិត្តទុកដាក់សង្សារថ្មីខ្លាំងណាស់ ដោយបានទិញកាដូពិសេសឲ្យបណ្ដូលចិត្តថែមទៀតផង។

ទោះជាយ៉ាងណា នៅពេលដែលសួររឿងនាយចឺម ឲ្យកាដូនៅថ្ងៃខួបកំណើតនោះ កញ្ញាហ្វា ហ្វា មិនប្រាប់ឲ្យបានដឹងថា ជាសម្ភារៈអ្វីខ្លះទេ ប៉ុន្ទែនាងបែរជាថា មិនប្រាប់ទុកឲ្យឆ្ងល់ទៅវិញ។ នាងថា ពិតជាបានធ្វើខួបកំណើតមែន ប៉ុន្តែធ្វើតិចតួចប៉ុណ្ណោះ មិនធំដុំនោះទេ ខួបឆ្នាំនេះនាងមានអាយុគម្រប់២៤ឆ្នាំហើយ។

ថ្វីត្បិតតែកញ្ញាហ្វា ហ្វា មិនបង្ហាញថា នាងបានទទួលកាដូអ្វីខ្លះពីនាយចឺម មែន ប៉ុន្ដែតារាសម្ដែងរូបនេះតែងតែបង្ហាញរូបភាពផ្អែមល្ហែមស្នេហ៍ជាមួយនាយចឺម ដូចដើម បើទោះជាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ តារាចម្រៀងសាន់ដេ រូបនេះ បានបែកក្បាលដេរអស់៥ថ្នេរ ព្រោះតែញ៉ែប៉ះចំសង្សារ ប៉ុន្ដែកញ្ញាហ្វា ហ្វា មិនប្រកាន់ខឹងនាយចឺម ដែលក្បត់ចិត្តនាងឡើយ។

បើទោះជាមានមិត្តភក្ដិមួយចំនួន បានបង្អាប់នាងចំៗថា ស្អាតប៉ុណ្ណឹងដែរ មិនគួរណានាយចឺម ទៅលួចទាក់ទងស្រីក្រៅក្ដី ប៉ុន្តែកញ្ញាហ្វា ហ្វា មិនចាប់អារម្មណ៍គេខ្សឹបខ្សៀវនោះទេ។

ចំណែកនាយចឺម ដែលមានអាយុ២៥ឆ្នាំ ធ្លាប់អះអាងថា នាយត្រូវការប្រើពេល៥ឆ្នាំទៀត ពោលគឺអាយុ៣០ឆ្នាំទើបរៀបការ៕
