Wednesday, September 24, 2025
Homeតារាខ្មែរទូច ស៊ុននិច អរគុណចាងហ្វាងផលិតកម្ម ទម្លាយចរិតពិត

ទូច ស៊ុននិច អរគុណចាងហ្វាងផលិតកម្ម ទម្លាយចរិតពិត

ភ្នំពេញ ៖ អតីតតារាចម្រៀងរងគ្រោះ ទូច ស៊ុននិច បានថ្លែងអំណរគុណចំពោះលោកស្រីម្ចាស់ផលិតកម្មអង្គរវត្ត ដែលបានលើកសរសើរនិងរំលឹកនូវអ្វីដែលជាភាពពិតរបស់នាង និងគ្រួសារ ហើយនាងសង្ឃឹមថាថ្ងៃណាមួយ នឹងបានជួបលោកស្រីម្ចាស់ផលិតកម្មជាមិនខាន។

ទូច ស៊ុននិច បានថ្លែងអំណរគុណបែបនេះ បន្ទាប់ពីម្ចាស់ផលិតកម្មអង្គវត្ត បានរំលឹកអនុស្សាវរីយ៍ជាមួយនាងកាលពីអតីតកាល ដោយសរសើរថា នាងមានចរិតស្លូតបូត សុភាពរាបសា រួសរាយ ស្មោះត្រង់គួរឱ្យស្រឡាញ់ តាំងពីនាងនៅតូចមកម៉្លេះ។

លោកស្រី អ៊ីវេត សំ ចាងហ្វាងផលិតកម្មអង្គរវត្ត បានបង្ហោះរូបភាពអតីតកាលជាមួយអតីតតារាចម្រៀងទូច ស៊ុននិច ជាច្រើនសន្លឹកក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ជាមួយសំណេរថា “រូបថតដែលក្មួយស្រីកាន់ពានរង្វាន់នេះ គឺខ្ញុំបានថតដោយផ្ទាល់ដៃខ្ញុំដែលជាចាងហ្វាងផលិតកម្មអង្គរវត្ត។ នៅថ្ងៃទីមួយ ខ្ញុំបានជួបឪពុករបស់នាង ថ្ងៃទីពីរ គាត់បាននាំក្មួយស្រីតូច ស្រីនិច មកជួបនឹងខ្ញុំតាមការសំណូមពររបស់ខ្ញុំដែលខ្ញុំចង់ជួបនាង។ នាងមានចរិតសុភាព ឈរជិតឪពុកញញឹមយ៉ាងស្រស់ មិនមានវាចាអ្វីទាំងអស់។

គ្រួសារមួយដែលមិនមែនជាគ្រួសារសម្បត្តិមហាសាលមែនពិត ប៉ុន្តែគឺជាគ្រួសារដ៏មានសុភមង្គលដ៏គួរឱ្យគោរព និងជាទីរាប់អាន ដែលយើងរាល់គ្នាចង់បានមកធ្វើជាមិត្តភក្តិ គ្រួសារដែលរស់នៅដោយក្រឹត្យវិន័យរបស់ព្រះយ៉ាងពិតប្រាកដ មានសេចក្តីស្រឡាញ់ អំណរមេត្រី អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត។

ខ្ញុំបានជួបនឹងឪពុករបស់នាងប៉ុន្មានដងដែរ កាល៧ឬ៨ឆ្នាំមុន នៅ Stockton in California។ ខ្ញុំនឹកនាងជានិច្ចរូបថតនេះ ខ្ញុំថតជាមួយនាងនិងឪពុករបស់នាង និងនាងនារីរ័ត្ន គន្ធា នៅ South Carolina USA , May God Continue Bless all her family as well forever”។

បន្ទាប់ពីបានឃើញរូបភាព និងសំណេរលើកសរសើរពីលោកស្រីម្ចាស់ផលិតកម្មអង្គរវត្ត ខាងលើនេះ កញ្ញាទូច ស៊ុននិច បានសរសេរក្នុងខ្ទង់បញ្ចេញយោបល់ (Comment)  តបទៅលោកស្រីអ៊ីវេត សំ ថា “ជម្រាបសួរម៉ាក់មីង (អ៊ីវេត សំ ម្ចាស់ផលិតកម្មអង្គរវត្ត) ក្មួយសូមអរគុណដែលម៉ាក់មីងបាន posted រូបថតនៅថ្ងៃដំបូងដែលក្មួយបានជួបម៉ាក់មីង និងជារូបថតដំបូងសម្រាប់ផលិតកម្មអង្គរវត្ត (រូបថតកាន់ពានរង្វាន់ជ័យលាភីលេខមួយ ផ្នែកចម្រៀងសម័យឆ្នាំ១៩៩៣) និងរូបថតអនុស្សាវរីយ៍ មួយចំនួនទៀត។ ក្មួយក៏សូមអរគុណផងដែរ ដែលម៉ាក់មីងបានមានប្រសាសន៍នូវអ្វីដែលជាភាពពិតរបស់ក្មួយ ហើយក្មួយសង្ឃឹមថា ថ្ងៃណាមួយក្មួយនឹងបានជួបម៉ាក់មីងជាមិនខាន ជូនពរម៉ាក់មីងមានសុខភាពល្អ”។

គួររំលឹកថា អតីតតារាចម្រៀងល្បីក្នុងអំឡុងឆ្នាំ២០០០ កញ្ញាទូច ស៊ុននិច បានទទួលរងការបាញ់ប្រហារយ៉ាងសាហាវពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣ នៅអតីតហាងខ្យាដំរី ខាងត្បូងផ្សារដើមគ នៅក្នុងរាជធានីភ្នំពេញ ខណៈពេលដែលនាង និងម្តាយដើរចេញពីហាងលក់ទំនិញមួយកន្លែង។ ម្តាយរបស់តារាចម្រៀងរូបនេះ បានរងរបួសធ្ងន់ និងបានស្លាប់នៅមន្ទីរពេទ្យកាលម៉ែត ចំណែករូបនាងក៏រងរបួសធ្ងន់ត្រូវបានសង្គ្រោះភ្លាមៗផងដែរ។

រហូតមកទល់នឹងពេលនេះ ការបាញ់ប្រហារលើកញ្ញាទូច ស៊ុននិច មានរយៈពេលជិត២០ឆ្នាំ ហើយ តែជនដៃដល់ និងអ្នកបង្គាប់បញ្ជាពី ក្រោយខ្នង នៅមិនទាន់រកឃើញនៅឡើយ។

សព្វថ្ងៃ កញ្ញាទូច ស៊ុននិច និងក្រុមគ្រួសារកំពុងរស់នៅក្នុងទីក្រុងសាក្រាមេនតូ (Sacramento) រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដោយមានការឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក តែស្ថានភាពរបស់នាងគឺស្ថិតក្នុងពិការភាព មិនអាចកម្រើកដៃជើងបានទេ គឺអង្គុយតែលើរទេះរុញដូចតារាចម្រៀងរងគ្រោះដោយការបាញ់ប្រហារម្នាក់ទៀតដែរ គឺកញ្ញាពៅ បញ្ញាពេជ្រ។ ប៉ុន្តែនាងនៅតែមានទឹកដមសំឡេង អាចច្រៀងបានពីរោះដូចមុនដដែល៕

ខៀវទុំ

RELATED ARTICLES