ប្រាសាទ ដាវីន បានដឹកដៃគូស្នេហ៍ជាជនជាតិបរទេស ទៅថតរូបឱបរឹតគ្នានៅពេលដែលនាងមានផ្ទៃពោះជាង៦ខែនេះ ធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនច្រើនដែរ ព្រោះថា នាងមិនដែលរៀបការផងតែត្រៀមសម្រាលកូនដំបូងទៅហើយ។
ទោះជាយ៉ាងណា ដាវីន មិនបានប្រាប់ពីអត្តសញ្ញាណថា ប្ដីនាងជាអ្នករកស៊ីឬធ្វើការអ្វីឡើយ ដោយនាងនិយាយយ៉ាងខ្លីតបអ្នកកាសែតថា ”សុំលាក់សិន”។

ប្រាសាទ ដាវីន ដែលត្រូវគេដឹងថា នាងជាសាច់ញាតិរបស់អតីតតាកំប្លែងស៊ុន ណារីម៉ូនីកា នោះបានភៀសខ្លួនទៅជ្រកកោននៅប្រទេសអូស្រា្ដលី តាំងពីឆ្នាំ២០០៨ ក្រោយរងការគំរាមពីសំណាក់មន្រ្ដីធំ ដែលយកគ្រាប់បែកទៅបោះចូលផ្ទះរបស់នាង កាលពីឆ្នាំ២០០៨។

អតីត Freshie Girl លេខ៣ កាលពីឆ្នាំ២០០៥ ដែលមានកម្ពស់១,៧៨ម៉ែត្រ រូបនេះ ធ្លាប់ត្រូវបានលេចឮថា នាងទៅរស់នៅប្រទេសបារាំង ជាមួយសាច់ញាតិអ្នកនាងស៊ុន ណារីម៉ូនីកា ប៉ុន្ដែក្រោយមកគេបែរជាឃើញដាវីន លេចមុខនៅអូស្រា្ដលីអំឡុងពេលដែលក្រុមបង្ហាញម៉ូដ Cambodia Super Model ទៅសម្ដែងនិងបង្ហាញម៉ូដនៅទីនោះ ទើបគេដឹងច្បាស់ថា តាមពីតដាវីន រស់នៅប្រទេសអូស្រា្ដលី មិនមែនបារាំងឡើយ។

នៅឆ្នាំ២០១៣ គេឃើញដាវីន បានវិលចូលស្រុកជាលើកដំបូងផងដែរ ខណៈដែលនៅឆ្នាំ២០១៨ នាងបានដើរបង្ហាញម៉ូដសម្លៀកបំពាក់ឈុតអាពាហ៍ពិពាហ៍នៅកោះពេជ្រ។
ប្រាសាទ ដាវីន ធ្លាប់និយាយប្រាប់អ្នកយកព័ត៌មានយើងនៅកោះពេជ្រ ថា នាងពិតជារស់នៅប្រទេសអូស្រា្ដលី មែន មិនមែនបារាំងទេ។ នាងថា បានចុះឡើងមកលេងស្រុកកំណើតជាញឹកញាប់ដែរ ហើយពេលមកចុងក្រោយនេះ នាងបានទទួលការងារសិល្បៈឡើងវិញ ដូចជាការថតស្ពត និងដើរម៉ូដ ជាដើម។ ប៉ុន្តែការថតភាពយន្ដដែលប្រើពេលច្រើនខែនោះ មិនមានពេលនោះទេ ព្រោះនាងខ្លាចថតឲ្យគេមិនចប់ ត្រូវឡើងទៅអូស្រា្ដលី វិញ ទើបនាងមិនហ៊ានទទួល។

តាមព័ត៌មានថា ប្រាសាទ ដាវីន ធ្លាប់មានសង្សារជាជនជាតិអូស្រា្ដលី តែក្រោយមកបុរសនោះទទួលមរណភាពទៅ ទើបដាវីន បានចេញចូលមកស្រុកខ្មែរ ជាញឹកញាប់ ហើយនាងក៏បានភ្ជាប់ស្នេហ៍ថ្មីជាមួយបុរសបរទេសទៀត ដែលពេលនេះ ដាវីន ពពោះកូនទី១ ទាំងមិនទាន់ឮដំណឹងថា នាងនឹងចូលរោងការនៅពេលណាឡើយ។

ប្រាសាទ ដាវីន ស្ថិតក្នុងចំណោមតារាដែលយកប្ដីជាជនជាតិបរទេស មានដូចជា អ្នកនាងកែវ ស្រីនាង, ទូច ស្រីលក្ខណ៍, ផូ មុនីពៅ , ហ៊ាប រ៉ាឌី , អឿន ដាលីស , ស៊ូ អេណា និងខៀវ សានសាណា ជាដើម៕
ហ៊ឹម វិចិត្រ