Wednesday, September 24, 2025
Homeតារាខ្មែរឈិត សុវណ្ណបញ្ញា អាចស្នងដំណែងមាស សុខសោភា បានទេ?

ឈិត សុវណ្ណបញ្ញា អាចស្នងដំណែងមាស សុខសោភា បានទេ?

តារាចម្រៀងឈិត សុវណ្ណបញ្ញា នៅទ្រឹងតែម្តងជាមួយទ្រនំថ្មី ថោន ដែលធ្វើឱ្យនាងមិនអាចប្រជែង ជាមួយមាស សុខសោភា និងរ៉ាប៊ី បានឡើយ ខណៈដែលពេលនេះ សោភា បានចេញពីថោន ដែលធ្លាប់ជ្រក៩ឆ្នាំបាត់ទៅហើយ ប៉ុន្តែសុណ្ណបញ្ញា នៅទែស្ងាត់ដដែល…។

ឈិត សុវណ្ណបញ្ញា បានឈរជើងនៅផលិតកម្មថោន ជាង៣ឆ្នាំទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះ អតីតម្ចាស់ជ័យលាភី Rock Star របស់ ទូរទស្សន៍ CTN កាលពីឆ្នាំ២០០៥នេះ នៅតែមិនទាន់អាចធ្វើព្យុះភ្លៀងនៅថោន បានទេ។

ការនៅទ្រឹងបែបនេះធ្វើឱ្យក្តីរំពឹងរបស់នាងថា នឹងក្លាយទៅជាតារាលេចធ្លោនៅថោន ចាប់ផ្តើមរលាយបន្តិចម្តងៗ បើទោះជាពេលនេះនាងនៅមានពេលវេលាជាច្រើនទៀតក្តី។

ចំណែកមហាជនដែលធ្លាប់តែគាំទ្រសុវណ្ណបញ្ញា អំឡុងពេលដែលនាងច្រៀងនៅហង្សមាស នោះ ចាប់ផ្តើមមានការជជែកគ្នាថា កាលអតីតតារាចម្រៀងហង្សមាស រូបនេះ នៅទ្រនំចាស់ ទោះជានាងមិនអាចប្រជែងតំណែងយកលេខ១ ពីឱក សុគន្ធកញ្ញា និងពេជ្រ សោភា បានមែន ប៉ុន្តែបទចម្រៀងរបស់នាងមួយចំនួននៅតែមានល្បី ហើយត្រូវបានគេយកទៅច្រៀងនៅខារ៉ាអូខេតាមឆាកតន្ត្រី និង បៀរហ្គារដិន ជាដើម ដូចជាបទ “ចំណែកលើស” និង បទជាច្រើនទៀត។

ប៉ុន្តែតាំងពីនាងជ្រកកោននៅថោន មក សុវណ្ណបញ្ញា ហាក់ចុះខ្សោយជាងកាលនៅហង្សមាស បើទោះជានាងជាអ្នកចម្រៀងម្នាក់ដែលមានសមត្ថភាពក្តី ប៉ុន្តែមិនអាចប្រជែងទីផ្សារចម្រៀងជាមួយមាស សុខសោភា និងសិស្សប្អូន រ៉ាប៊ី បានឡើយ។

លោកនូ ស៊ិប អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស បានឱ្យដឹងថា ទោះជាតារាចម្រៀងមានសមត្ថភាពប៉ុនណាក៏ដោយ ប៉ុន្តែបើផលិតកម្មមិនលើក គឺមិនអាចទៅរួចទេ។ លោកថា សម្រាប់លោកយល់ថា សុវណ្ណបញ្ញា ជាអ្នកចម្រៀងម្នាក់មានទាំងសមត្ថភាព និងរូបសម្រស់ ហើយកាលនៅហង្សមាស មានបទល្បី១ៗដែរ ប៉ុន្តែតាំងពីពេលទៅថោន មក លោកមិនដែលជួបនាងទេ ហើយមើលទៅរាងស្ងាត់ជាងមុនមែន។

លោកនូ ស៊ិប បន្តថា មិនដឹងជានៅថោន សុវណ្ណបញ្ញា មានខ្សែរយៈអីដែរឬអត់ទេ ព្រោះអ្នកចម្រៀង បើផលិតកម្មគេមិនលើក ក៏មិនល្បីដែរ ព្រោះសំខាន់នៅលើផលិតកម្ម ហ្នឹងហើយ ជាអ្នកកំណត់តារាចម្រៀង។

ឈិត សុវណ្ណបញ្ញា ចាប់អាជីពចម្រៀងរយៈពេល១៥ឆ្នាំមកហើយ ប៉ុន្តែទើបឈរជើងនៅថោន បាន៣ឆ្នាំប៉ុណ្ណោះ ហេតុនេះហើយបានជាតារាចម្រៀងរួមអាជីពជាមួយសុវណ្ណបញ្ញា និយាយថា គួរកុំអាលទាន់វាយតម្លៃនាងនៅពេលនេះអី ព្រោះថា នាងនៅសល់កុងត្រា២ឆ្នាំទៀត ជាមួយថោន។

ការនិយាយបែបនេះ ដោយសារគេឃើញថា សុវណ្ណបញ្ញា ច្រៀងនៅហង្សមាស ១១ឆ្នាំឯណោះ ប៉ុន្តែនាងមិនធ្លាប់ត្រូវបានផលិតកម្មនេះផ្តល់ទំនុកចិត្តចេញបទចម្រៀង១វ៉ុលសុទ្ធ ឱ្យនាងម្នាក់ឯងឡើយ ទើបធ្វើឱ្យបញ្ញា មានការអាក់អន់ចិត្តជាមួយទ្រនំធំនេះហើយ ធ្វើឱ្យនាងថែមទាំងប៉ះសម្តីជាមួយអ្នកគ្រប់គ្រងផលិតកម្មនេះ លោកអ៊ឹង សុខលាភ ទៀតផង អំឡុងពេលដែលនាងឈានជើងចូលថោន កាលពីខែកុម្ភៈ ឆ្នាំ២០១៧៕

               ហ៊ឹម វិចិត្រ

RELATED ARTICLES