Wednesday, September 24, 2025
Homeតារាខ្មែរលោកខាន់ ជែមស៍ បន្ថែមរបររកស៊ី ចំពេលស្ងប់ស្ងាត់

លោកខាន់ ជែមស៍ បន្ថែមរបររកស៊ី ចំពេលស្ងប់ស្ងាត់

តារាចម្រៀងសាន់ដេ លោកខាន់ ជែមស៍ បានឲ្យដឹងថា ដោយសារតែការឈឺចាប់នៅរដូវកូវីដ-១៩នេះ ទើបធ្វើឲ្យលោកក្លាយទៅជាមនុស្សថ្មីមួយផ្សេងទៀត ហើយកាន់តែរឹងមាំជាងមុន ព្រោះពេលនេះលោកបានគិតពីភាពវិជ្ជមានច្រើនជាងអវិជ្ជមាន។

លោកជែមស៍ថា បានបាត់បង់ការឡើងច្រៀងតាមឆាកតន្ត្រីស្ទើរតែ១០០កម្មវិធីទៅហើយ តាំងពីផ្ទុះកូវីដ-១៩នេះ អីចឹងលោកមិនអាចនៅសម្ងំស្ងៀមនោះទេ ដើម្បីជៀសផុតពីបរិបទជីវិតក្នុងគ្រាដ៏លំបាកនេះ លោកបានរកស៊ីអាជីពថ្មីជាមួយប្អូនប្រុសចាន់ សុគន្ធ ដោយចាប់មុខរបរលក់ធុងបាស់ ដែលបើកហាងមានឈ្មោះថា W.CC មានទីតាំងនៅក្បែរសា្ថនីយទូរទស្សន៍បាយ័នស្ទឹងមានជ័យ ហើយហាងនេះ​លោកសុគន្ធ បានដំណើរការរយៈពេល២ឆ្នាំមកហើយ ប៉ុន្តែលោកទើបតែចាប់ដៃគ្នាពេលថ្មីៗនេះ ដោយលោកក៏បានក្លាយទៅជាអ្នកតំណាង Speaker ឲ្យផលិតផលមួយដែលនាំចូលមកពីចិន​ផងដែរ។

ខាន់ ជែមស៍ បន្ថែមថា Speaker ក្នុងហាងរបស់លោកនាំចូលមកពីចិន ,​ ថៃ ដែលមានស្ដង់ដាមកពីអាមេរិក ហើយតម្លៃវិញចាប់ពី៦ទៅ៣០០ដុល្លារ។

មិនមែនមានតែមុខរបរ១នេះទេ ប៉ុន្ដែខាន់ ជែមស៍ ថា លោកក៏បានរកស៊ីតាមអ្នកឡានលក់នូវសាប៊ូលាងមុខម៉ែលវី ផងដែរ។ លោកថា ដោយសារតែកូវីដ-១៩នេះ លោកបានក្លាយទៅជាសហគ្រិន១រូបផងដែរ ហើយនឹងត្រៀមរកស៊ីមុខរបរថ្មីៗបន្ថែមទៀត។

ក្រៅពីបង្កើតមុខរបរផ្ទាល់ខ្លួនកំពុងតែកាក់កបនោះ ខាន់ ជេមស៍ ក៏បានផ្លាស់ប្ដូរនូវជីវភាពថ្មីផងដែរ​តាមរយៈការងាកមកជិះរថយន្ដទំនើប Lancruiser V8 ពណ៌ស ដ៏ថ្មីសន្លាង ដែលត្រូវគេប្រមាណថា មានតម្លៃដល់ទៅជាង១០ម៉ឺនដុល្លារ។ ប៉ុន្តែលោកជែមស៍ មិនបានប្រាប់ពីតម្លៃរថយន្ដនោះទេ ដោយខ្លាចគេថាអួត តែលោកថា នោះជាការលើកទឹកចិត្តខ្លួនឯង​ ដែលលោកបានតស៊ូក្នុងអាជីពសិល្បៈជាច្រើនឆ្នាំមកហើយ។

ខាន់ ជែមស៍ ក៏បានបង្ហាញសុភមង្គលក្នុងគ្រួសារកាន់តែផ្អែមល្ហែមជាមួយភរិយានិងកូនៗផងដែរ នៅរយៈពេលចុងក្រោយនេះ ដែលបញ្ជាក់ថា អតីតតារា Rock រូបនេះ កំពុងតែជោគជ័យទាំងចម្រៀងនិងស្នេហាព្រមគ្នាតែម្ដង៕

RELATED ARTICLES