ភ្នំពេញ ៖ បន្ទាប់ពីសមាគមមិត្តនគរបាលជាតិកម្ពុជា បានធ្វើលិខិតស្នើសុំលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិនិត្យណែនាំ និង កែលម្អចំពោះស្ថានីយទូរទស្សន៍ និងសិល្បករ ដែលស្លៀកពាក់ឯកសណ្ឋាននគរបាល សម្តែង កំប្លែង មិនត្រូវតាមអត្តសញ្ញាណនគរបាលជាតិ និងប្រើពាក្យសម្តីមិនសមរម្យ ធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិនោះ ឯកឧត្តមឧត្តមសេនីយឯក ហ៊ុន ជា បានបង្ហោះសារចោទជាសំណួរថា អ្វីដែលហៅថា រឿងកំប្លែងអប់រំ?។

ឯកឧត្តមឧត្តមសេនីយឯក ហ៊ុន ជា បានបង្ហោះសារថា “ដូចមិនខុសស្អីទេ បើនៅប្រទេសជិតខាងយើងវិញថតលេងជាងយើងខ្លាំងណាស់ នេះវាជាការចូលរួមអប់រំមនុស្សតើ ប៉ះប៉ះ ហើយមើលទៅ កុំអោយចេះតែខុសនឹងទើសគ្រប់រឿងពេក អ្វីដែលហៅថា រឿង កំប្លែងអប់រំ?”

គួរបញ្ជាក់ថា ការស្នើសុំរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា បានធ្វើឡើង បន្ទាប់ពីមានស្ថានីយទូរទស្សន៍ និងសិល្បករមួយចំនួន បាននិពន្ធ និងសម្តែងរឿងកំប្លែងដែលស្លៀកពាក់ឯកសណ្ឋាននគរបាល មិនត្រូវតាមអត្តសញ្ញាណ នគរបាលជាតិ តួអង្គសក់វែង និងប្រើសម្តីមិន សមរម្យជាមន្ត្រីនគរបាល ជាពិសេស ក្រុមសម្តែង នាយពែកមី នៃស្ថានីយទូរទស្សន៍ CTN។

ក្នុងលិខិតរបស់អគ្គលេខាធិការដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា លេខ២៧ លស.សមន ចុះថ្ងៃ អង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលចុះហត្ថលេខាដោយលោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល ជាអគ្គលេខាធិការ គោរពជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកម្មវត្ថុ “ស្តីពីសំណូមពរពិនិត្យ និងកែលម្អដល់ស្ថានីយទូរទស្សន៍ និងសិល្បករមួយចំនួនដែលបាននិពន្ធ និងដឹកនាំការសម្តែងវីដេអូកំប្លែងខ្លីៗ ដែលមានផលប៉ះពាល់ពាក់ព័ន្ធនឹងរូបភាពជាមន្ត្រីនគរបាលជាតិ” នោះ មានខ្លឹមសារថា ៖

“តបតាមកម្មវត្ថុដូចបានគោរពជម្រាបជូនខាងលើ ក្នុងនាមសមាគមមិត្តនគរបាលជាតិកម្ពុជា ខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាជ្រាបថា មួយរយៈកន្លងមកនេះ ជាពិសេសស្ថិតក្នុងស្ថានភាពដែលក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ សមាគមមិត្តនគរបាលជាតិកម្ពុជា បានពិនិត្យ និងសង្កេតឃើញថា មានស្ថានីយទូរទស្សន៍ ក៏ដូចជាសិល្បករមួយចំនួនបានផលិតជាខ្សែវីដេអូកំប្លែងខ្លី ដោយឈុតសាច់រឿងខ្លះបានសម្តែងជាតួអង្គមន្ត្រីនគរបាលជាតិ ដែលមានការស្លៀកពាក់ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់ សញ្ញាសម្គាល់ផ្អែកតាមបទដ្ឋានស្តីពីឯកសណ្ឋាន និងស្លាកសញ្ញាមន្ត្រីនគរបាលជាតិ ដែលបានកំណត់ ហើយតួអង្គនគរបាលមានសក់វែង និងបានប្រើពាក្យសំដីខ្លះមិនសមរម្យទៅនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីនគរបាលជាតិទៀតផង។

តាមរយៈសកម្មភាពក្នុងខ្សែវីដេអូដូចបាន រៀបរាប់គោរពជម្រាបជូនខាងលើ ដែលត្រូវបានមជ្ឈដ្ឋានខាងក្រៅ ធ្វើការចែករំលែកគ្នាទៅវិញទៅមកយ៉ាងទូលំទូលាយនៅក្នុងបណ្តាញសង្គមទៀតនោះ សមាគមមិត្តនគរបាលជាតិកម្ពុជា បានយល់ឃើញថា ពិតជាមានផលប៉ះពាល់ជះឥទ្ធិពលមិនល្អដល់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ដែលបាននឹងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ច ថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងស្ថិរភាពសង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះ សមាគមមិត្តនគរបាលជាតិកម្ពុជា សូមសំណូមពរដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាពិនិត្យ និងជួយសម្រួល ចាត់វិធានការកែលម្អដល់ស្ថានីយទូរទស្សន៍ ក៏ដូចជាក្រុមសិល្បករដែលមានចំណុចខ្វះខាតដូចបានគោរពជម្រាបជូនខាងលើ តាមការគួរ…៕