តារាចម្រៀងករុណា ពេជ្រ របស់ផលិតកម្មថោន ស្ថិតក្នុងចំណោមអ្នកចម្រៀងដែលត្រូវបានគេចាត់ទុកថា មានទ្រព្យច្រើន ដូចជាកន្លងមកអតីតតារាចម្រៀងផលិតកម្ម Classic រូបនេះ ត្រូវបានគេដឹងថា លោករស់នៅផ្ទះវីឡាស្កឹមស្កៃ និងមានដីធ្លីជាច្រើនកន្លែងថែមទៀតផង ខណៈដែលបច្ចុប្បន្នលោកក៏កំពុងជិះរថយន្ដទំនើបម៉ាក Lexus LX 570 ស៊េរីថ្មី តម្លៃជាង២០ម៉ឺនដុល្លារផងដែរ។

សំណួររបស់មហាជនបានលើកឡើងថា តើលោកកករុណា ពេជ្រ បានលុយមកពីណាទិញផ្ទះវីឡា និងរថយន្ដទំនើបៗទាំងនោះ ព្រមៗគ្នា?

ក្នុងជំនួបតាមឆាតហ្វេសប៊ុក លោកករុណា ពេជ្រ បានអះអាងថា លោកមានជីវភាពមួយសមរម្យ មិនមែនហូរហៀរនោះទេ។ លោកថា ចំពោះរថយន្ដវិញ លោកជិះរយៈពេល៤ទៅ៥ឆ្នាំ ទើបប្ដូរម្ដង ហើយមិនមែនយកលុយទាំងដុលទៅទិញទេ គឺយករថយន្ដចាស់ទៅលក់ ហើយថែមយកអាថ្មីប៉ុណ្ណោះ។

លោកពេជ្រ បន្តថា លោកមិនមែនចង់បង្អួតគេថាជាអ្នកជិះឡានថ្លៃៗទេ ប៉ុន្ដែនោះជាកាដូលើកទឹកចិត្តខ្លួនឯង។ ចំពោះថវិកាទាំងនោះ លោកពេជ្រ អះអាងថា បានមកពីលោកចំណេញពីការលក់ផ្ទះនិងដីធ្លី ដែលបានទិញទុក ហើយពេលឡើងថ្លៃ ទើបលោកលក់ចេញ។

តារាចម្រៀងថោន រូបនេះ អះអាងទៀតថា លោកមានតែថ្លែងអំណរគុណចំពោះក្រុមហ៊ុនអចលនទ្រព្យទាំងឡាយ ដែលមានសេវាកម្មបង់រំលស់ ទើបធ្វើឲ្យលោកមានលទ្ធភាពទិញផ្ទះ និងដីធ្លី បាន និងលក់ចេញចំណេញបានលុយមួយចំនួន មកទិញរថយន្ដដែលខ្លួនឯងស្រលាញ់។

ករុណា ពេជ្រ ថា លោកនៅតែជាអ្នកចម្រៀងរបស់ផលិតកម្មថោន ទេ គ្រាន់តែពេលនេះបានសុំច្បាប់ផលិតកម្មផ្អាកមួយរយៈសិន ដោយសារយកពេលវេលាទៅមើលថែជំងឺឪពុក ដែលឈឺជំងឺលើសឈាម ហើយដាច់សរសៃឈាមក្នុងខួក្បាល។ លោកថា បានផ្អាកឡើងច្រៀង២ឆ្នាំកន្លះហើយ ដែលថ្មីៗនេះមានខាងទូរទស្សន៍មួយចំនួន ក៏បានសួរនាំរឿងឡើងច្រៀងពេលណាដែរ ប៉ុន្ដែពេលនេះលោកមិនអាចឡើងឆាកបានច្រៀងរាំសប្បាយបានទេ ដោយសារតែឪពុករបស់លោកនៅមិនទាន់ធូរស្រាលនៅឡើយ។

លោកពេជ្ត បន្ថែមថា ដោយសារតែកូវីដ-១៩នេះ លោកក៏មិនអាចចេញទៅបរទេសបានដែរ ហេតុនេះហើយ ជាញឹកញាប់លោកទៅលេងនៅតំបន់ទេសចរណ៍នៅខេត្តសៀមរាប និងមណ្ឌលគិរី ហើយលោកសុំឲ្យបងប្អូនយើងគាំទ្រ និងទៅកម្សាន្ដតំបន់ទេសចរណ៍ខ្មែរយើងឲ្យបានច្រើនផង៕