Wednesday, September 24, 2025
Homeតារាខ្មែរពេជ្រ សោភា មិនហ៊ានទម្លាក់ថ្លៃ ព្រោះខ្លាចពិបាកប្រឈមជាមួយមេ

ពេជ្រ សោភា មិនហ៊ានទម្លាក់ថ្លៃ ព្រោះខ្លាចពិបាកប្រឈមជាមួយមេ

បណ្ដាអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីតាមឆាកទូរទស្សន៍មួយចំនួន បានសម្ដែងការឈឺក្បាលយ៉ាងខ្លាំង ព្រោះតែនៅរដូវកូវីដ-១៩នេះ ពេជ្រ សោភា បានទាមទារតម្លៃខ្លួនច្រៀងខ្ពស់ជាងមុនទ្វេដង ទើបធ្វើឲ្យប៉ុស្ដិ៍ខ្លះគ្មានលទ្ធភាពជួលនាងឡើងឆាកទៀតឡើយ។

ប្រភពពីអ្នកដឹកនាំប្រគំតន្រ្ដីទាំងនោះ បានឲ្យដឹងថា តាមពិត សោភា នៅតែជាតារាស្ថិតក្នុងចំណោមអ្នកចម្រៀងឈានមុខគេដដែល ទើបអ្នកគ្រប់គ្រងកម្មវិធីប្រគុំតន្រ្ដីទាំងឡាយចង់ឲ្យនាងឡើងឆាករបស់គេ។ ប៉ុន្ដែពួកគេថ្ងូរថា សោភា ស៊ីថ្លៃជ្រុលពេកហើយ ចំពេលដែលមានវិបត្តិសេដ្ឋកិច្ច ដោយសារតែកូវីដ-១៩នោះ នាងបែរជាឡើងថ្លៃ១គុណ២ បើប្រៀបធៀបពីមុនផ្ទុះកូវីដ-១៩ អីចឹងបានជាធ្វើឲ្យប៉ុស្ដិ៍ខ្លះ Sponsor តិច គ្មានលទ្ធភាពហៅនាងច្រៀងទៀតទេ។

ទោះជាយ៉ាងណា ជុំវិញរឿងគេថា ពេជ្រ សោភា ឡើងថ្លៃខ្លួនខុសពេលវេលានេះ តារាចម្រៀងហង្សមាស បានធ្វើការច្រានចោលតែម្ដង ដោយនាងអះអាងថា មិនមែនសុខៗនាងទារឡើងថ្លៃខុសពីមុននោះទេ។ នាងថា តម្លៃខ្លួននាង គឺបើស្ថានីយទូរទស្សន៍ហង្សមាស ហៅច្រៀងឲ្យនាងប៉ុន្មាននោះ ប៉ុស្ដិ៍ផ្សេងហៅច្រៀង នាងក៏ទារតម្លៃនោះដែរ គឺមិនអាចចុះក្រោមនោះបានទេ ដោយសារតែហង្សមាស ជាឆ្នាំងបាយ ហើយបើនាងទារប៉ុស្ដិ៍ផ្សេង ថោកជាងហង្សមាស ឲ្យនាងមានអារម្មណ៍ថា ពិបាកប្រឈមជាមួយមេ។

ប៉ុន្ដែពេជ្រ សោភា មិនបញ្ជាក់ថា ពេលនេះនាងច្រៀង១កម្មវិធី តាមប៉ុស្ដិ៍ទូរទស្សន៍មានតម្លៃខ្លួនប៉ុន្មាននោះទេ គ្រាន់តែនាងថា ជាទូទៅ១កម្មវិធី នាងឡើងតែម្ដង ហើយច្រៀងតែ៣បទជាប់គ្នា។

ដោយឡែក ប្រភពពីអ្នកដឹកនាំឆាកតន្ត្រីតាមប៉ុស្ដិ៍ទូរទស្សន៍មួយ បានឲ្យដឹងថា សោភា ច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ម្ដង​ ស៊ីថ្លៃ១០០០ដុល្លារ ចំណែកការច្រៀងតាមកម្មវិធីធំៗ ឬនៅតាមខេត្តវិញ តម្លៃខ្លួនាងនៅដដែលទេ គឺក្បែរ៣០០០ដុល្លារ ហេតុនេះហើយតម្លៃខ្លួននេះ​ស្ថិតក្នុងចំណោមតារាដែលកំពុងឈរនៅ Grade A នាពេលបច្ចុប្បន្ននេះតែម្ដង។

គួរបញ្ជាក់ថា ក្រៅពីពេជ្រ សោភា តារាចម្រៀងដែលធ្វើឲ្យអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ ថ្ងូរថ្លៃពេកនោះ ក៏មានអ្នកមេម៉ាយសុខ ស្រីនាង ម្នាក់ដែរ ដែលនាងស៊ីថ្លៃច្រៀង១កម្មវិធី តាមប៉ុស្ដិ៍ទូរទស្សន៍៥០០ដុល្លារផងដែរ ទើបធ្វើឲ្យនាងបាត់ខ្លួនតាមបណ្ដាឆាកតន្រ្ដីមួយចំនួន ព្រោះតែគេមិនហ៊ានហៅឡើងច្រៀង។

ដោយឡែក ពេជ្រ សោភា វិញ ទោះជាមិនសូវឡើងច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ ក៏នាងមិនបារម្ភជួបវិបត្តិសេដ្ឋកិច្ចដែរ ព្រោះនៅរដូវកូវីដ-១៩នេះ នាងមមាញឹកទៅលើមុខជំនួញលក់ផលិតផល Collagen ដែលនាងអះអាងថា កំពុងកាក់កបខ្លាំងណាស់៕

                                                                                                          ហ៊ឹម វិចិត្រ

RELATED ARTICLES