មាស សុខសោភា បានដើរចេញពីផលិតកម្មថោន ទៅហើយ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ធ្វើឲ្យមានការជជែកគ្នាពីសំណាក់អ្នកនៅក្នុងវិស័យសិល្បៈ និងស្រទាប់មហាជនថាតើថោន នឹងបានតារារូបណាជំនួសមាស សុខសោភា បានទៅបើសម្រាប់បទចម្រៀងស្លូវរហូតមកដល់ពេលនេះគ្មានអ្នកណាអាចផ្ដួសសោភា បានឡើយ រយៈពេលជាង១០ឆ្នាំមកនេះ។
ដោយឡែក មតិមួយចំនួនបានលើកឡើងថា ស្រីស្អាតរ៉ាប៊ី អាចនឹងត្រូវបានថោន ឡង់សេថែមទៀត ដើម្បីជំនួសមាស សុខសោភា ដែលចាកចេញខ្លះទៀតថា មានតែយក់ ថិតរដ្ឋា ទេ ទើបស័ក្តិសមតំណែងធំនេះ ខណៈដែលមនុស្សមួយចំនួនទៀតថា អតីតម្ចាស់ជ័យលាភី Rock Star របស់ទូរទស្សន៍ CTN កាលពីឆ្នាំ២០០៥ កញ្ញាឈិត សុវណ្ណបញ្ញា ក៏មានសមត្ថភាពដែរ ប្រសិនបើផលិតកម្មលើកស្ទួយ។

ចំណែកការដាក់ជម្រើសទៅលើកញ្ញារ៉ាប៊ី ជាលេខរៀងទី១ សម្រាប់ស្នងតំណែងមាស សុខសោភា នោះ ដោយសារតែបច្ចុប្បន្ន រ៉ាប៊ី ត្រូវប៉ាន់ទីផ្សារចម្រៀងយុវវ័យឈរនៅលេខ២នៅថោន បន្ទាប់ពីមាស សុខសោភា។
អ្នកព័ត៌មានយើងបានឆាកតាមហ្វេសប៊ុកសួរស្រីស្អាតរ៉ាប៊ី ថា តើនាងមានអារម្មណ៍យ៉ាងណាដែរ ចំពោះមាស សុខសោភា ដែលចាកចេញពីថោន ហើយនាងអាចជំនួសតំណែងសោភា បានឬអត់នោះ ប៉ុន្តែជាង១សប្ដាហ៍ទៅហើយ មិនបានទទួលចម្លើយពីរ៉ាប៊ី ឡើយ។

ដោយឡែក អតីតអ្នកចាត់ការទូទៅផលិតកម្មថោន លោកករុណា ពេជ្រ បានយល់ឃើញថា តាមលោកដឹង ថោន មិនដែលយកអ្នកណាម្នាក់សម្រាប់ជំនួសអ្នកណាម្នាក់ទៀតទេ។ លោកថា រឹតតែមិនអាចយករ៉ាប៊ី ទៅប្រៀបធៀបជាមួយសោភា បានទៀត ព្រោះអ្នកទាំង២ មិនដូចគ្នាទេ មានលក្ខណៈផ្សេងគ្នា រ៉ូលផ្សេងគ្នា អីចឹងផ្គូផ្គងគ្នាមិនបានឡើយ។
ប៉ុន្តែលោកពេជ្រ ជឿថាថោន នឹងប្រើប្រាស់ធនធានតារាដែលមានសព្វថ្ងៃ ហើយទោះជាសោភា ចេញមែន តែថ្ងៃណាមួយនាងអាចក្លាយជាតារាថោន ជាលើកទី២ ក៏ថាបានដែរ ដោយលោកសំអាងថា សោភា ច្រៀងដោយគ្មានកុងត្រាជាមួយថោន ៩ឆ្នាំមកហើយ។

ចំណែកលោកនូ ស៊ិប អតីតតារាចម្រៀងហង្សមាស វិញ ប្រាប់ថាមិនបានតាមដានសកម្មភាពរ៉ាប៊ី គ្រប់ជ្រុងជ្រោយទេ ហេតុនេះហើយលោកមិនអាចសន្និដ្ឋានលើរឿងនេះបានឡើយ។ ប៉ុន្ដែលោកធ្លាប់ទទួលស្គាល់ថា រ៉ាប៊ី ជាអ្នកចម្រៀងផ្នែកយុវវ័យដ៏ល្អម្នាក់នាពេលបច្ចុប្បន្ន។
រ៉ាប៊ី ធ្លាប់លេចឮដំណឹងថា នាងមិនសូវត្រូវគ្នាជាមួយមាស សុខសោភា តែរឿងនេះត្រូវបានស្រីស្អាតច្រានចោលដោយអះអាងថា នាងគ្មានរឿងអ្វីជាមួយរៀមច្បង មាស សុខសោភា ឡើយ។

រ៉ាប៊ី ក៏ទទួលស្គាល់ដែរថា ការច្រៀងបទស្លូវគ្មានអ្នកណាយកឈ្នះសោភា បានទេ។ ប៉ុន្ដែយ៉ាងណា ជុំវិញដំណឹងនៃការចាកចេញពីថោន របស់មាស សុខសោភា នេះ ក៏មានព័ត៌មានមួយចំនួនលេចឮថា សោភា អន់ចិត្តថោន លើកតែរ៉ាប៊ី ដែរ។ ប៉ុន្តែនៅពេលសួររឿងនេះតាមឆាត រ៉ាប៊ី មិនឆ្លើយបំភ្លឺឡើយ។
ដោយឡែក មាស សុខសោភា វិញ ធ្លាប់ប្រាប់អ្នកកាសែតថា នាងត្រូវតែចេញពីថោនព្រោះពេលនេះផលិតកម្មថោនលែងអើពើជាមួយនាងទៀតហើយ។ ចំណែកមុនថ្ងៃប្រកាសដើរចេញពីថោន ជាផ្លូវការនោះ សោភា ធ្លាប់និយាយថាពេលនេះថោន បែកបាក់ក្រុមការងារ មិនដូចមុនទេ…។

រ៉ាប៊ី ជាអ្នកចម្រៀងវ័យក្មេងដែលទទួលបានការគាំទ្រច្រើនពីសំណាក់ផ្នែកយុវវ័យព្រោះបទចម្រៀងញាក់របស់នាងនៅថោន ជិត៣ឆ្នាំនេះ គឺល្បីស្ទើរគ្រប់បទទាំងអស់។ ស្រីស្អាតរូបនេះស្រលាញ់តែប្រុសក្មេងទេ ហេតុនេះហើយគេចាំមើលថាក្រោយមាស សុខសោភា ដើរចេញ តើអតីតពិធីការិនីហង្សមាស រូបនេះ នឹងយកតំណែងលេខ១ នៅថោន បានដែរឬអត់?
ហ៊ឹម វិចិត្រ