តារាកំប្លែង CTN អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានសម្រាលកូនប្រុសដោយជោគជ័យ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣២នាទី ដោយនាងបានដាក់ឈ្មោះឲ្យកូនថា ត្រា សិរីមង្គល។

អ្នកនាងខ្ញុង បានឲ្យដឹងថា នាងបានសម្រាលកូននៅមន្ទីរពេទ្យអរៀនដា (Orienda) ដែលសម្រាលតាមបែបធម្មជាតិ មិនមែនវះកាត់ឡើយ។

គេឃើញស្វាមីរបស់អ្នកនាងខ្ញុង នាយកៃដ បាននៅលើកទឹកចិត្តនាងប្រចាំនៅមន្ទីពេទ្យតែម្ដង ហើយក៏មាននាយព្រែក យកបាច់ផ្កាទៅអបអរសាទអ្នកនាងខ្ញុង ផងដែរ។

សារជាច្រើនពីសំណាក់អ្នកសិល្បកររួមអាជីព បានជូនពរអ្នកនាងខ្ញុង នូវកាដូមិនអាចកាត់ថ្លៃបាន តាមរយៈការសម្រាលកូនប្រុសដោយមានសុខភាពល្អ ទាំងម្ដាយនិងកូនពេលនេះ។ឮ

ដោយឡែក នាយកៃដ វិញ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ភរិយារបស់លោក អ្នកនាងខ្ញុង ទោះជាពោះធំក៏ដោយ ប៉ុន្តែនាងនៅតែធ្វើការងារសិល្បៈ និងរកស៊ីលក់អីវ៉ាន់តាមអនឡាញ រហូតកៀកថ្ងៃសម្រាលតែម្ដង ព្រោះឃាត់ឲ្យនាងសម្រាកយ៉ាងណា ក៏នាងមិនព្រមស្ដាប់ដែរ។

អ្នកកំប្លែងស្រេង សុកាន់ដា ហៅខ្ញុង បានរៀបការជាមួយលោកអ៊ុំ ក្សត្រា ហៅនាយកៃដ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ខណៈដែលមុនចាប់ដៃគ្នាអ្នកនាងខ្ញុង ជាមេម៉ាយកូន២ ចំណែកនាយកៃដ វិញជាពោះម៉ាយកូន១។

ការមានកូនម្នាក់ថែមទៀតនេះ ធ្វើឲ្យនាងខ្ញុង មានកូនសរុប៤នាក់ក្នុងគ្រួសារ តែនៅថ្ងៃរៀបការនាយកៃដ និយាយថា លោកចង់បានកូនយ៉ាងហោចណាស់ក៏៥នាក់ដែរ។ នាយថា បើបានកូនច្រើនកាលណាកាន់តែល្អពេលហ្នឹង។

នាយកៃដ ក៍បានឲ្យដឹងដែរថា ក្រោយចាប់ដៃគ្នាជាប្ដីប្រពន្ធជាមួយនាងខ្ញុង នេះ ក្រៅពីអាជីពសិល្បៈ នាយរកស៊ីផ្នែកអចលនទ្រព្យទិញដី លក់ដី ចំណែកភរិយាលោកលក់គ្រឿងគ្រឿងសម្អាងតាមOnline៕