តារាចម្រៀងផលិតកម្ម Galaxy Navatra ធឿន បូរី បានសម្ដែងការបាម្ភនៅពេលដែលឈានចូលវ័យ១៤ឆ្នាំនេះស្រាប់តែរូបគេមានសំឡេងប្រែប្រួលខុសពីមុន និងជូនកាលច្រៀងទៅបែកសំឡេងបន្ដិច ដែលធ្វើឲ្យការប្រើប្រាស់សំឡេងមិនដូចកាលពីប៉ុន្មានឆ្នាំមុនឡើយ។

យ៉ាងណា ការវិវត្តន៍តាមធម្មជាតិនេះ បូរី ថានឹងមិនធ្វើឲ្យរូបគេត្រូវប្រឈមជាមួយអាជីពចម្រៀងនោះទេ គឺនៅតែតំណើរការជាធម្មតាៗជាមួយការថតចម្រៀងបានជាង២០បទ ហើយឲ្យផលិតកម្មមួយនេះដែលទទួលបានការគាំទ្រច្រើន មានដូចជាបទ ”ចូលដណ្ដឹងបងទៅ”, ”បុប្ផាឈៀងម៉ៃ” ជាដើម។ អ្នកចម្រៀងវ័យក្មេងរូបនេះថា ក៏មានត្រៀមចេញបទជាច្រើនទៀតផងដែរ នាពេលខាងមុខនេះ។

ធឿន បូរី ធ្លាប់ចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយកុមារីអ៊ុក សុវណ្ណារី មានដូចជាបទ ”ក្រមុំចាំតែម៉ែប្រើ” និងបទ ”ចង់លក់ផ្ទះចោល” ជាដើម ដែលបូរី មាឌល្អិតនេះ ច្រៀងនិងកាយវិការចែចង់សុវណ្ណារី ទៀតផង។ យ៉ាងណា កុមារីបូរី ថានៅក្រៅឆាកវិញ រូបគេមិនដែលហ៊ានស្និទ្ធស្នាលជាមួយសុវណ្ណារី នោះទេ ហើយជួបគ្នាតែពេលថតសម្ដែងប៉ុណ្ណោះ។
ធឿន បុរី ត្រូវបានគេដឹងថា បានផ្លាស់ប្ដូរជីវិត១៨០ដឺក្រេ ក្រោយពីត្រូវបានអ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីល្បីឈ្មោះ លោកចា រិទ្ធី មានការអាណិតអាសូរយកធ្វើជាកូនធម៌ និងបានរកសាលាល្អឲ្យរៀន តាមរយៈការផ្ដល់អាហាររូបករណ៍ពីនាយកសាលាមួយទៀតផង។

ការដែលលោកចា រិទ្ធី យកបូរី ធ្វើជាកូនធម៌នោះដោយសារតែលោកបានប្រទះឃើញបូរី ច្រៀងនៅស្រុកស្រែ ក្នុងសម្លៀកបំពាក់ចាស់ៗនៅតាមយូធូប។

លោករិទ្ធី មិនត្រឹមតែផ្ដល់ឱកាសឲ្យបូរី ឡើងឆាកនោះទេ តែថែមទាំងយកបូរី ធ្វើជាកូនធម៌ និងផ្ដល់ការងារឲ្យឪពុកបូរី ធ្វើនៅសណ្ឋាគាររបស់លោកទៀតផង។ ពេលនេះ បូរី ក្លាយទៅជាតារាចម្រៀងអាជីពហើយមានសាច់ឈាមស្រស់ថ្លាជាមួយការមានសង្ឃឹមក្នុងជីវិតថាមានអនាគតល្អ តាមរយៈក្រោមការជួយជ្រោមជ្រែងរបស់ប៉ាធម៌គេ គឺលោកចា រិទ្ធី ៕


