ភ្នំពេញ ៖ យុវវ័យក្រមុំ-កំលោះមួយគូ បានទាក់ទងស្នេហ៍ឆ្លងវេហា ដោយភាគីស្រីនៅប្រទេសកម្ពុជា ឯភាគីប្រុសនៅឯប្រទេសកូរ៉េខាងត្បូង រហូតស្រឡាញ់គ្នាស្មោះស្ម័គ្រសម្រេចភ្ជាប់ពាក្យ តែដោយភាគីប្រុសមិនអាចមកស្រុក ដើម្បីចូលរួមពិធីភ្ជាប់ពាក្យផ្ទាល់បាន ក៏ព្រមព្រៀងគ្នាជាមួយគ្រួសារ សាច់ញាតិទាំងសងខាង ធ្វើពិធីភ្ជាប់ពាក្យតាមអនឡាញ ឬតាម Video Call ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម។

ពិធីភ្ជាប់ពាក្យតាមអនឡាញនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅឯគេហដ្ឋានខាងស្រី ដោយមានសាច់ញាតិទាំងសងខាងចូលរួមច្រើនគួរសមដែរ លើកលែងតែកូនកំលោះមិនមានវត្តមានផ្ទាល់ បានត្រឹមបង្ហាញមុខតាមរលកធាតុអាកាស។

គូស្នេហ៍មួយនៅកម្ពុជា មួយនៅកូរ៉េ ភ្ជាប់ពាក្យតាមអនឡាញនេះ ភាគីកូនកំលោះឈ្មោះវិបុល អាយុជាង២០ឆ្នាំ មុខរបរជាពលករនៅប្រទេសកូរ៉េខាងត្បូង។ ចំណែកភាគីកូនក្រមុំរូបស្រស់ មានឈ្មោះម៉ី អាយុជាង២០ឆ្នាំ រស់នៅក្នុងប្រទេសកម្ពុជា។

តាមប្រភពមិត្តភក្តិ សាច់ញាតិគូស្នេហ៍ឆ្លងវេហាខាងលើ បានឱ្យដឹងថា គូស្នេហ៍ដែលក្លាយជាគូដណ្តឹង តាមរយៈការភ្ជាប់ពាក្យអនឡាញខាងលើនេះ ទោះបីជាស្គាល់គ្នាក្នុងពេលខ្លី មិនដែលបានជួបមុខគ្នាផ្ទាល់ បានជួបតែតាមអនឡាញក៏ដោយ តែពួកគេស្រឡាញ់គ្នាច្បាស់លាស់ ស្មោះត្រង់ ទោះបីចិត្តកាយនៅឆ្ងាយពីគ្នា តែក្តីស្រលាញ់គ្នាមិនប្រែប្រួល ដោយពួកគេបានសន្យាចំពោះគ្នា ស្រលាញ់គ្នាដល់ចាស់រៀងខ្លួន រហូតព្រមព្រៀងឱ្យចាស់ទុំចូលចែចូវស្តីដណ្តឹង រហូតឈានដល់ការភ្ជាប់ពាក្យតាមអនឡាញនៅពេលនេះ។

យ៉ាងណាមិញ ក្រោយឃើញអ្នកទាំង២ ភ្ជាប់ពាក្យតាម Video Call ម្នាក់នៅកូរ៉េ ម្នាក់នៅកម្ពុជាបែបនេះ អ្នកលេងបណ្តាញសង្គម មិនត្រឹមចាប់អារម្មណ៍ប៉ុណ្ណោះទេ នៅសរសើរទឹកចិត្តអ្នកទាំងពីរថា ពិតជាស្រលាញ់គ្នាស្មោះត្រង់ជាមួយគ្នាពិតៗ ទើបសម្រេចរៀបចំកម្មវិធីនេះឡើង ទោះបីកូនកំលោះមិនបានមកដោយផ្ទាល់ក្តី ក៏មានឪពុកម្តាយចាស់ទុំ លោកមេបាមកចូលរួមពិធីជួយដឹងឮដែរ។

នៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ សាមីខ្លួនកូនកំលោះ ឈ្មោះវិបុល ដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង បានបង្ហោះរូបភាពនិងវីដេអូនៃពិធីភ្ជាប់ពាក្យតាមអនឡាញរបស់ខ្លួនជាមួយនាងក្រមុំជាគូដណ្តឹង ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយថ្លែងអំណរគុណចំពោះអ្នកមានគុណទាំងសងខាងដែលយោគយល់ដល់ពួកគេឱ្យបានភ្ជាប់ពាក្យជាមួយគ្នា ទាំងដែលរូបគេនៅឆ្ងាយ មិនអាចមកចូលរួមផ្ទាល់បាន។

កំលោះវិបុល បានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “០២.០៧.២០២០ អរគុណប៉ាម៉ាក់ទាំងសងខាង! អូនសម្លាញ់! បងនឹងកាន់ដៃអូនទៅមុខជាមួយគ្នា បងស្រលាញ់អូនណាស់”។

ដោយឡែក សាមីខ្លួនកូនក្រមុំមិនឃើញមានការបង្ហាញអារម្មណ៍ចំពោះការភ្ជាប់ពាក្យនេះទេ តែតាមរយះរូបភាពក្នុងពិធីភ្ជាប់ពាក្យនោះ បង្ហាញនូវស្នាមញញឹមបិទមាត់មិនជិត ទេ ទោះបីជាប្រុសស្នេហ៍ជាគូដណ្តឹង មិនបានមកក្រាបសំពះ បំពាក់ចិញ្ចៀនភ្ជាប់ពាក្យជូននាងដោយផ្ទាល់ដៃក៏ដោយ ដោយសារតែនាងមានការជឿទុកចិត្តទាំងស្រុងទៅលើប្រុសជាគូដណ្តឹង ដែលបានបំពេញនូវបំណងរបស់នាងដែលនាងធ្លាប់បានសំណូមពរទៅប្រុសស្នេហ៍ពីមុនមកថា បើស្រឡាញ់នាងពិតត្រូវហ៊ាន សារភាព ហ៊ានសុំនាងរៀបការ ហើយនាងបញ្ជាក់ថា បើស្រលាញ់គ្នា សូមគិតដល់ថ្ងៃរៀបការ ទើបជាការស្រឡាញ់គ្នារហូតមិនប្រួលប្រែ។

មុនពេលឈានដល់ពិធីភ្ជាប់ពាក្យតាមអនឡាញនេះ សាមីខ្លួនកូនក្រមុំធ្លាប់បានសរសេរសារ បញ្ជាក់ចិត្តរបស់នាង និងសំណូមពរទៅភាគីកូនកំលោះ កាលនៅជាសង្សារ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ថា “ខ្ញុំមិនចង់ធ្វើអ្នកទីមួយ អ្នកទីពីរ អីទេ គឺខ្ញុំចង់ធ្វើជាប្រពន្ធម្នាក់ ជាមួយនិងមនុស្សច្បាស់លាស់ ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានសុំខ្ញុំរៀបការ ហ៊ានតស៊ូលំបាក ពីរនាក់។

ខ្ញុំមិនចូលចិត្តស្នេហារបៀបកូនក្មេង ដែលគ្រាន់តែជូនទៅញ៉ាំអី មើលកុន អីអស់ហ្នឹងទេ ធុញនឹងពាក្យថាបែក ធុញនឹងផ្តើមទំនាក់ទំនងជាមួយអ្នកថ្មី ដូច្នេះបើស្រលាញ់គ្នា សូមគិតដល់ថ្ងៃរៀបការ… យើងនឹងស្រឡាញ់គ្នារហូត មិនប្រែ…”៕

