ភ្នំពេញ ៖ គួរឱ្យអនិច្ចាណាស់ ស្ត្រីវ័យចំណាស់ម្នាក់ជាអតីតមន្ត្រីការទូតធ្វើការនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ស្រាប់តែត្រូវកូនប្រុសអកតញ្ញូលួចដកលុយពីក្នុងគណនីធនាគារ ចំនួនជិតកន្លះលានដុល្លារ រត់ចោលគាត់ជាម្តាយបាត់ ដោយយកទាំងប្លង់ផ្ទះរបស់គាត់ទៅជាមួយផងដែរ ធ្វើឱ្យស្ត្រីជាម្តាយគ្មានលុយបង់ថ្លៃពេទ្យ និងព្យាបាលជំងឺបន្តទៀត ដង្ហោយឱ្យសមត្ថកិច្ចជួយតាមរកកូនប្រុសនោះផង។

យោងតាមលោកផែង វណ្ណៈ ជាអ្នកសារព័ត៌មាន និងជាតារាហ្វេសប៊ុកលេចធ្លោមួយរូប បានបង្ហោះរូបភាពលោកយាយរងគ្រោះកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យ និងរូបកូនប្រុសដែលលួចដកលុយម្តាយរត់បាត់នោះ ក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ជាមួយសំណេរថា “លោកយាយ សូ សាវី អតីតមន្ត្រីការទូតក្រសួងការបរទេស មានជំងឺមហារីក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត បានអំពាវនាវឱ្យថ្នាក់ដឹកនាំ និងស្ថាប័នមានសមត្ថកិច្ច ជួយគាត់ ដោយហេតុថា កូនប្រុសបង្កើតរបស់គាត់ឈ្មោះ សាន វិសិទ្ធ អាយុ៣៤ឆ្នាំ បានដកប្រាក់របស់គាត់ពីធនាគារអស់ចំនួន៤១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយមិនយកមកឱ្យលោកយាយ បង់ថ្លៃព្យាបាលជំងឺមហារីក។

លោកយាយបានរៀបរាប់ថា កូនប្រុសពៅរបស់គាត់មិនត្រឹមតែដកលុយរបស់គាត់ពីធនាគារទេ ថែម ទាំងបានយកប្លង់ផ្ទះរបស់គាត់ ទៅបាត់ទៀតផង”។
លោកផែង វណ្ណៈ បានសរសេរបន្តថា “ដោយមិនអាចនិយាយបានឮ លោកយាយសំណូមពរឱ្យខ្ញុំជួយផ្សាយដើម្បីឱ្យសមត្ថកិច្ច និងថ្នាក់ដឹកនាំជួយអន្តរាគមន៍តាមរកកូនរបស់គាត់ យកលុយគាត់ត្រលប់មកវិញ។ លោកយាយបានបញ្ជាក់ថា គណនីធនាគាររបស់គាត់បានដាក់ឈ្មោះគាត់ និងឈ្មោះកូនប្រុសពៅរបស់គាត់ ហេតុនេះហើយ ទើបកូនប្រុសនេះអាចដកលុយគាត់បាន។

ហ៊ឹម! ប្អូនប្រុសអើយ អាណិតម្តាយផង គួរតែមកជួយម្តាយដែលកំពុងឈឺធ្ងន់នៅមន្ទីរពេទ្យកាល់ម៉ែតផង។ បើមិនបានជួយម្តាយ កុំធ្វើបាបម្តាយបង្កើតរបស់ខ្លួន ព្រោះទង្វើនេះបាបធ្ងន់ណាស់”។
ទោះជាយ៉ាងណា ជុំវិញព័ត៌មានខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីបុរសជាកូនប្រុស ឈ្មោះសាន វិសិទ្ធ នោះបានទេ កាលពីម្សិលមិញ៕