ខេត្តបាត់ដំបង ៖ យុវជនម្នាក់ បានសារភាពស្នេហ៍ប្រាប់នារីដែលខ្លួនស្រលាញ់ តែបែរជាខកបំណង ត្រូវខាងស្រីបដិសេធ ទើបធ្វើឱ្យឈឺចិត្តស្អិតទ្រូង រហូតដល់សម្រេចចិត្តប៉ុនប៉ងចងកសម្លាប់ខ្លួន ប៉ុន្មានដងមកហើយ តែត្រូវក្រុមគ្រួសារជួយទាន់ រហូតដល់នាំយុវជនរូបនេះ ទៅស្រោចទឹករំដោះគ្រោះទៀតផង ក្រែងបានធូរស្រាល រំសាយគំនិតខ្លី ដឹងអីគ្រាន់តែសាច់ញាតិភ្លេចខ្លួន យុវជនខាងលើ បានឡើងទៅលើផ្ទះ សម្ងំចងក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្រុមទី៣ ភូមិដូនញែម ឃុំល្វា ស្រុកបវេល។
យុវជនដែលចងកសម្លាប់ខ្លួន មានឈ្មោះភឿន ភិន ហៅធួក អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមការបំភ្លឺពីឈ្មោះប្រែង សាលីន ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាអ៊ំស្រីបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មួយរយៈកន្លងមក គាត់ធ្លាប់ឮក្មួយប្រុសនិយាយថា លែងចង់រស់ទៀតហើយ ដោយសារតែខ្លួនចង់បានប្រពន្ធ ហើយបានសារភាពស្នេហ៍ប្រាប់នារីម្នាក់ដែលខ្លួន ស្រលាញ់ ប៉ុន្តែបែរជាត្រូវខាងស្រីបដិសេធទៅវិញ ទើបធ្វើឱ្យរូបគេអស់សង្ឃឹមក្នុងជីវិត និងថែមទាំងព្យាយាមចងកសម្លាប់ខ្លួន ប៉ុន្មានដងមកហើយ តែត្រូវក្រុមគ្រួសារប្រទះឃើញ និងជួយឃាត់ទាន់រហូត។ លុះក្រោយមក គាត់ក៏ប្រាប់ឱ្យម្តាយជនរងគ្រោះ នាំគេទៅស្រោចទឹករំដោះគ្រោះទៀតផង គិតថាក្រែងគេអាចភ្ញាក់សតិ លែងគិតអ្វីផ្តេសផ្តាសទៀត ដឹងអី មកដល់ថ្ងៃកើតហេតុ គាត់បានឮចៅស្រីរបស់គាត់ ស្រែកពីលើផ្ទះមកថា ពូធួក (ជនរងគ្រោះ) បានចងកស្លាប់បាត់ហើយ ពេលនោះគាត់ហើយនិងបងប្អូន បានឡើងទៅលើផ្ទះ មើល ក៏បានឃើញជនរងគ្រោះចងកស្លាប់មែន ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្វើអត្តឃាត (ចងក) ប្រាកដមែន ដោយប្រើខ្សែអង្រឹង ចងកជាប់នឹងធ្នឹមសសរកន្លោងកណ្តាលផ្ទះ បណ្តាលឱ្យស្លាប់។ មូលហេតុ ដោយសារជនរងគ្រោះមានវិបត្តិផ្លូវចិត្ត (ចង់បានប្រពន្ធ តែសាមីខ្លួនខាងស្រីមិនស្រលាញ់) ទើបខូចចិត្តខ្លាំង រហូតដល់បែកគំនិតគិតខ្លីបែបនេះ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕